សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ បញ្ចប់​តំណែង​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ដែល​បដិសេធ​ការបោះឆ្នោត​មានការ​បន្លំ
18, Nov 2020 , 9:38 am        
រូបភាព
លោក Christ Krebs ដែលត្រូវលោក ដូណាល់ ត្រាំ បញ្ចប់តំណែង។ រូបភាព AFP
លោក Christ Krebs ដែលត្រូវលោក ដូណាល់ ត្រាំ បញ្ចប់តំណែង។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​បណ្ដេញ​លោក Christ Krebs ពី​តំណែង​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ​សាយ​ប័​រដែ​ល​ការពារ​ការបោះឆ្នោត​អាមេរិក​ពី​ការអុកឡុក​របស់​បរ​ទេស​។ លោក ត្រាំ មិន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ច្បាស់​នៃ​ការបញ្ចប់​តំណែង​នេះ​ទេ ដោយបាន​ត្រឹម​សរសេរ​លើ Twitter ថា លោក Krebs និយាយ​មិន​ត្រឹមត្រូវ​ពី​បញ្ហា​សន្តិសុខ​អំឡុងពេល​បោះឆ្នោត​នៅ​ដើមខែ​វិច្ឆិកា​នេះ​។

 
​លោក Chris Krebs នាយក​ទីភ្នាក់ងារ​សន្តិសុខ​សាយ​ប័​រ និង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ (CISA) របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ក្លាយជា​មន្ត្រី​ទី​ពីរ​ដែល​ត្រូវ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បណ្ដេញ​ចេញពី​តំណែង បន្ទាប់ពី​បរាជ័យ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ លោក ម៉ាក អេ​ស្ពើ ជា​មនុស្ស​ទីមួយ ក្រោយ​លោក ត្រាំ បញ្ចប់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​។ ជានា​យក CISA លោក Krebs ជាម​ន្ត្រី​ការពារ​ការបោះឆ្នោត​អាមេរិក​ពី​ការជ្រៀតជ្រែក​របស់​បរ​ទេស ដូច​ធ្លាប់មាន​កាលពី​ឆ្នាំ​២០១៦ ។​
 
«​ចូល​ធរមាន​ភ្លាមៗ លោក Chris Krebs ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​សាយ​ប័​រ និង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​។​» លោក ត្រាំ សរសេរ​បែបនេះ​នៅលើ Twitter របស់លោក​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ដែល​ដូចគ្នា​នឹង​ពេល​លោក​បណ្ដេញ​លោក អេ​ស្ពើ ដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភពពី​មន្ត្រី​អាមេរិក លោក Krebs ផ្ទាល់ បាន​គិតទុក​ទៅហើយ​ថា លោក​នឹងត្រូវ​បណ្ដេញ​ចេញពី​តំណែង​នេះ​។ លោក​ដឹង​មុន ព្រោះ​លោក​ទាត់ចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​ការលួចបន្លំ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក ចូ បៃ​ឌិន ឈ្នះ​លោក ត្រាំ នោះ​។ ទោះ​មិនដែល​និយាយ​ចំឈ្មោះ​លោក ត្រាំ ក្ដី ជំហរ​របស់លោក Krebs ផ្ទុយ​ពី​ប្រធានាធិបតី​ទៅហើយ​។ 
 
​មិន​ត្រឹម​នៅ​ដើរ​តាម​ជំហរ​លោក ត្រាំ ឡើយ នៅ CISA លោក Krebs ក៏​គ្រប់គ្រង​វេ​ប​សាយ​មួយ​ឈ្មោះ Rumor Control ដែល​បោសសម្អាត​ព័ត៌មាន​មិន​ពិត​ទាក់ទង​ការបោះឆ្នោត​ផងដែរ​។ បើតាម Reuters សេត​វិមាន​មិន​សប្បាយចិត្ត​ឡើយ​នឹង​រឿងនេះ​។ ប៉ុន្តែ​លោក Kreb ទទួលបាន​ការគាំទ្រ​ពី​បក្ស​ធំ​ទាំងពីរ​ចំពោះ​ការងារ​របស់លោក សំដៅ​ការពារ​ការបោះឆ្នោត​នៅ​អាមេរិក​តាំងពី​ការបង្កើត CISA នៅ​ឆ្នាំ​២០១៦ មក​។​
 
​ថ្មីៗ​នេះ លោក Krebs ក៏​ព្យាយាម​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា ការបោះឆ្នោត​លើក​នេះ​មាន​បញ្ហា​ផងដែរ​។ ប៉ុន្មាន​ម៉ោង​មុន​ត្រូវ​លោក ត្រាំ បញ្ចប់​តំណែង លោក Krebs បាន​បង្ហោះ​សារ​ភ្ជាប់​របាយការណ៍​មួយ​ដែល​អ្នកជំនាញ​សន្តិសុខ​ការបោះឆ្នោត​៥៩​នាក់​អះអាងថា មិនមាន​ភស្តុតាង​អ្វីដែល​បង្ហាញ​ពី​ភាពមិនប្រក្រតី​ឡើយ​៕
 
 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com