ភ្នំពេញ៖ កញ្ញា ឱក សុចិន្តា បានរស់នៅដោយគ្មានសំណល់ រយៈពេល២ឆ្នាំហើយ គឺអំឡុងពេលកញ្ញា កំពុងសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅប្រទេសហុងគ្រី។ ក្នុងចេតនាចង់កាត់បន្ថយសំណល់ប្លាស្ទិក យុវតីវ័យ២៣ឆ្នាំរូបនេះ បានចាប់ផ្ដើមរស់នៅគ្មានសំណល់ និងបានបង្កើតមាតិកាទាក់ទងនឹងបរិស្ថាននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក យូធូប និងអ៊ីនស្ដាក្រាម ដែលមានឈ្មោះថាZerow នាចុងឆ្នាំ២០១៨។ ជាយុវតីដែលខ្នះខ្នែងថែរក្សាបញ្ហាបរិស្ថាន សុចិន្ដា ចង់ឃើញពលរដ្ឋ ពិសេសយុវជនកាន់តែច្រើនចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីឱ្យកម្ពុជា និងផែនដីស្អាត។
កញ្ញា ឱក សុចិន្ដា ជាស្ថាបនិក Zerow និង បានប្រកាន់ភ្ជាប់ការរស់នៅដោយគ្មានសំណល់បានរយៈពេលប្រមាណ២ឆ្នាំហើយ។ តាមពិតទៅ សុចិន្ដា បានស្គាល់ការរស់នៅដោយគ្មានសំណល់ តាំងពីឆ្នាំ២០១៧មកម្លេះ គឺតាមរយៈការចូលរួមកម្មវិធីតស៊ូមតិមួយ ដែលជជែកពីបញ្ហាបរិស្ថាន តែកាលនោះនាងមិនទាន់រស់នៅដោយគ្មានប្លាស្ទិកភ្លាមនោះទេ។ ដោយមើលឃើញកំណើនសំណល់ប្លាស្ទិក កាន់តែច្រើនឡើងៗ សុចិន្ដា ក៏បានងាកមករស់នៅដោយគ្មានសំណល់ និងបានបង្កើតវីដេអូទាក់ទងនឹងសកម្មភាពខ្លួនរស់នៅគ្មានសំណល់ និងរបៀបកែច្នៃសំណល់ប្លាស្ទិក នៅលើបណ្ដាញសង្គមដែលមានឈ្មោះថា «Zerow»។
ដើមឡើយ ការរស់នៅដោយគ្មានសំណល់ មិនមែនជារឿងងាយស្រួលនោះទេ ពោលវាក៏ទាមទារពេលវេលា និងជាពិសេសការតាំងចិត្តខ្ពស់។ យុវតីវ័យ២៣ឆ្នាំរូបនេះ រៀបរាប់ដូច្នេះ៖« យើងរស់នៅធម្មតា យើងមិនសូវគិតគូរ អ្វីដែលយើងទិញមកហ្នឹង វានឹងក្លាយទៅជាសំរាមទេ។ ប៉ុន្តែបន្ទាប់ពីរស់នៅZerow Waste គឺយើងត្រូវផ្លាស់ប្ដូរបែបបទ នៃការរស់នៅរបស់យើង ដែលពេលទិញអី ឬចេញទៅក្រៅយើងត្រូវរៀបចំ ដើម្បីឱ្យយើងអត់ប្រើប្លាស្ទិក»។
ទោះបីជាបានចាប់ផ្តើមរស់នៅដោយគ្មានសំណល់ជាង២ឆ្នាំមកហើយក្ដី ក៏នៅមានសកម្មភាពមួយចំនួនដែល សុចិន្តា មិនអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបំពុលបរិស្ថានបាន។ តាម ចិន្តា សកម្មភាពទាំងនោះ មានដូចជាផលិតផលថែរក្សាសម្រស់ គ្រឿងទេស និងការប្រើមធ្យោបាយធ្វើដំណើរជាដើម។ ទោះជាយ៉ាងនេះក្តី ក៏កញ្ញា ឱក សុចិន្តា នៅតែលើកទឹកចិត្ត ឲ្យមានចូលរួម កាត់បន្ថយសំណល់ពីសាធារណជន។ «Zerow Waste មិនគិតតែពីសំរាមក្នុងផ្ទះយើងទេ យើងគិតលើកាកសំណល់ផ្សេងៗទៀត។ ខ្ញុំគិតថាយើងមិនចាំបាច់ ទាល់តែបាន១០០ភាគរយ យើងហៅខ្លួនឯងថា Zerow Waste បានទេ។ យើងចាប់ផ្ដើម Zerow Wasteនេះ ពីចំណុចណាមួយទៅ ហើយយើងដើរទៅមុខទាំងអស់គ្នា»។ នេះជាការបញ្ជាក់របស់ កញ្ញា សុចិន្ដា។
កញ្ញា សុចិន្ដា សប្បាយចិត្តពេលអ្នកគាំទ្រ បានចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក
ក្នុងរយៈពេល២ឆ្នាំ នៃការផ្លាស់ប្ដូរទម្លាប់រស់នៅនេះ សុចិន្ដា ទទួលស្គាល់ថា ខ្លួនឯងហាក់ស្រាលខ្លួនជាងមុន។ ស្រាលខ្លួនជាងមុន ព្រោះអីនៅក្នុងផ្ទះមិនមានសំរាមប្លាស្ទិក និងអីវ៉ាន់ច្រើនដូចមុន ជាងនេះទៀតនាងក្លាយជាមនុស្សមានវិន័យជាងមុន ដោយពេលចេញក្រៅ នាងតែងយកប្រអប់ដាក់អីវ៉ាន់ជាប់ខ្លួនជានិច្ច ដើម្បីជៀសប្រើប្លាស្ទិក។
ក្នុងសម្ដីមួយៗ សុចិន្ដា បានលើកឡើងថា «Zerow» ត្រូវបានគេស្គាល់ច្រើន ជាពិសេសខ្លះទៀតបានងាកមកចាប់ផ្ដើមរស់នៅដោយគ្មានសំណល់ ដ្បិតពីដំបូង ចិន្ដាមិនរំពឹងថា មានអ្នកចាប់អារម្មណ៍ពីការរស់នៅដោយគ្មានសំណល់ច្រើនបែបនេះទេ។ សុចិន្ដា បានអះអាងដូច្នេះថា៖«មានពួកគាត់ជាច្រើនបានផ្ញើសារមកផ្ទាល់ថា បន្ទាប់ពីគាត់បានមើលវីដេអូហ្នឹង គាត់ចាប់ផ្ដើម គិតរឿងហ្នឹង ហើយគាត់ចាប់ផ្ដើមកាត់បន្ថយសំរាម ហើយមានអ្នកខ្លះគាត់ចាប់ផ្ដើមរស់នៅដោយគ្មានសំណល់តែម្ដង។ អីចឹងខ្ញុំគិតថាតិច ឬច្រើនវាបញ្ជ្រាបដល់ពួកគាត់ ពីព្រោះការប្រើបណ្ដាញសង្គម វាមានឥទ្ធិពលមែនទែន ពីព្រោះថាមនុស្សយើង ចំណាយពេលច្រើនលើបណ្ដាញសង្គម»។
សម្រាប់ កញ្ញា សុចិន្ដា ជឿជាក់ថា សកម្មភាពតិចតួចក្នុងការកាត់បន្ថយសំណល់ប្លាស្ទិករបស់បុគ្គលម្នាក់ៗ ជាការរួមចំណែកដ៏សំខាន់ និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កម្ពុជា និងពិភពលោកទាំងមូល។« ពិភពលោកអត់ត្រូវការមនុស្សម្នាក់ដែលរស់នៅដោយគ្មានសំណល់ល្អឥតខ្ចោះទេ ប៉ុន្តែត្រូវការមនុស្សច្រើនរួមគ្នា មកធ្វើវា។ ព្រោះបើសិនមានតែម្នាក់ ធ្វើល្អក៏មិនសូវប្រែប្រួលដែរ តែបើមនុស្សច្រើននាក់ ធ្វើម្នាក់បន្តិចៗ វាជះឥទ្ធិពលច្រើនដល់ពិភពលោក»។ នេះជាការបញ្ជាក់របស់ កញ្ញា ឱក សុចិន្ដា។
នៅក្នុងកាលៈទេសៈនេះ កញ្ញា ចិន្ដា បានលើកទឹកចិត្តដល់អ្នកដែលស្រលាញ់បរិស្ថាន និងយុវជន ត្រូវចាប់ផ្ដើមធ្វើ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជានិងផែនដី ហើយធ្វើជាគំរូដល់អ្នកជំនន់ក្រោយ។ «សារអត់មានអីទេ គ្រាន់ចង់ប្រាប់ថា ឥឡូវដល់ពេលហើយ ដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់។
យើងគ្រាន់តែដឹងៗពីបញ្ហា យើងអត់អាចជួយអីបានទេ ទាស់តែយើងចាប់ផ្ដើមធ្វើ។ ហើយចាប់ផ្ដើមធ្វើហ្នឹង បើសិនជាយើងអត់ទាន់ដាក់ចិត្ត ហ៊ាននិយាយថាខ្ញុំធ្វើវាទេ យើងនៅមានឥទ្ធិពលតិចៗ ផ្លាស់ប្ដូរបានតិចៗ បើសិនអ្នកទាំងអស់គ្នាចង់ ឃើញលទ្ធផលពេញមួយទំហឹង។ កុំខ្វល់ថាយើងរស់នៅគ្មានសំណល់ បានល្អឬមិនល្អ កុំខ្វល់ យើងចាប់ផ្ដើមធ្វើទាំងអស់គ្នា ហើយចាប់ផ្ដើមនាំអ្នកជុំវិញខ្លួនឱ្យមកធ្វើអីចឹងដែរ»៕