COVID-19
ជាតិ
រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា អះអាងថា ខ្លួន​គ្មាន​ជំងឺ​កូ​វីដ​-១៩
18, Nov 2020 , 3:04 pm        
រូបភាព
រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចាប់ដៃលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣ វិច្ឆិកា ក្រោមវត្តមានសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (កណ្ដាល) និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ឈរជាប់សម្ដេច ហ៊ុន សែន) និងមន្ត្រីផ្សេងទៀតឈរអម។
រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចាប់ដៃលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣ វិច្ឆិកា ក្រោមវត្តមានសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (កណ្ដាល) និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ឈរជាប់សម្ដេច ហ៊ុន សែន) និងមន្ត្រីផ្សេងទៀតឈរអម។
​ភ្នំពេញ​៖ ក្រៅពី​សម្ដេច ហ៊ុន សែន និង​ភរិយា ក៏មាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា អះអាងថា ខ្លួន​គ្មាន​ជំងឺ​កូ​វីដ​-១៩ ដែរ នៃ​ការធ្វើ​តេស្ត​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨ វិច្ឆិកា​នេះ​។​



​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បង្ហោះ​សារ​យ៉ាងខ្លី​នៅ​ហ្វេ​ស​ប៊ុ​ក ដោយឡែក​មួយ​ថា ខ្លួន​អវិជ្ជមាន​កូ​វីដ​-១៩​។​« លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើក​ទី​៤ របស់ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ គឺ​អវិជ្ជមាន​ទាំងអស់គ្នា​»​។ នេះ​បើតាម​លោក ប្រាក់ សុខុន​។​
 
​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ក៏​គ្មាន​ជំងឺ​កូ​វីដ​ដែរ​។ លោក វេ​ង សាខុន បញ្ជាក់​ដូច្នេះ​«​ពិត​ជាមាន​ក្តីរំភើប​រីករាយ​ជា​ពន់ពេក នៅ​រសៀល​ថ្ងៃនេះ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ក្រសួងសុខាភិបាល ថា លទ្ធផល​នៃ​ការធ្វើ​តេស្ត​ទៅលើ​សំណាក​ដែល​បានផ្តល់​ជា​លើក​ទី​បួន នា​ព្រឹក​មិញ​នេះ​របស់​យើងខ្ញុំ​ករុណា ខ្ញុំ គឺ​ទទួលបាន​លទ្ធផល អវិជ្ជមាន​មេរោគ​កូ​វីដ​-១៩ »​។​
 
​គិត​ត្រឹម​ម៉ោង​៣ រសៀល​ថ្ងៃទី​១៨ វិច្ឆិកា​នេះ មានតែ​សម្ដេច ហ៊ុន សែន , លោក ប្រាក់ សុខុន និង​លោក វេ​ង សាខុន ដែល​បង្ហោះ​ពី​លទ្ធផល​តេស្ត​លើក​ទី​៤ ខ្លួន​លើ​ហ្វេ​ស​ប៊ុ​ក ខណៈ​នៅមាន​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាច្រើនរូប​ទៀត ដែល​មិនទាន់​បង្ហាញ​លទ្ធផល​។ មន្ត្រី​ទាំងនោះ រួមមាន​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​, ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោកស្រី​ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បុគ្គលិក​តាម​គ្រឹះស្ថានសិក្សា មាតាបិតា​សិស្ស ។​
 
​ចំពោះ​ការធ្វើ​តេស្ត​៣​លើក​កន្លងមក គឺមាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ កាលពី​ថ្ងៃទី​១៦ វិ​ច្ឋិ​កា​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣០៤​នាក់ ដោយ​ក្នុងនោះ មាន​៣០៤​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​៕

Tag:
 ប្រាក់ សុខុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com