លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញក្តីកង្វល់ចំពោះផលប៉ះពាល់ពីការផ្អាកការហ្វឹកហាត់ជាលើកទីពីររបស់កីឡាករកីឡាការិនី ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ លោក អះអាងថា ការផ្អាកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ភាពរីកចម្រើនផ្នែកបច្ចេកទេសរបស់កីឡាករ ក្នុងដំណើរត្រៀមទៅស៊ីហ្គេមនៅវៀតណាម។
ការផ្អាកការហ្វឹកហាត់ជាលើកទីពីររបស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ តិច ឬច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ បញ្ហានេះ បានបង្កជាក្តីកង្វល់សម្រាប់ថ្នាក់ដឹកនាំកីឡាកម្ពុជាក្នុងដំណើរឆ្ពោះត្រៀមទៅស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
«ការហ្វឹកហាត់វាត្រូវប៉ះពាល់ ព្រោះយើងបានផ្អាកហ្វឹកហាត់ពីរដងហើយ ដូច្នេះវាត្រូវតែប៉ះពាល់ដល់គុណផល។ ប៉ុន្តែយើងធ្វើយ៉ាងម៉េច បើវាជាស្ថានភាព ដែលយើងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្ត្រយើងនៅរក្សាដដែល គ្រាន់តែវាប៉ះពាល់ដល់ការហ្វឹកហាត់ និងការរីកចម្រើនផ្នែកបច្ចេកទេស»។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទកាលពីពេលថ្មីៗ។
ទោះបីយ៉ាងនេះក្តី កម្ពុជានៅតែរក្សាជំហរដដែល ក្នុងការបញ្ចូនកីឡាករទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្រៅប្រទេស ពិសេសប្រទេសចិន។ លោក វ៉ាត់ ចំរើន បានបង្ហាញជំហរដូច្នេះថា៖«មកដល់ពេលនេះយើងនៅរក្សា(ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅចិន)ដដែល ហើយភាគីចិនបានរៀបចំគម្រោងផែនការថ្មី គឺនៅឆ្នាំក្រោយអាចរួចរាល់អ្វីៗទាំងអស់ អ៊ីចឹងយើងអាចបញ្ជូនទៅបាន។ ប្រសិនបើបានមុនស៊ីហ្គេម(នៅវៀតណាម)៤ទៅ៥ខែក៏ល្អដែរ»។
បើគ្មានការប្រែប្រួលទេ នៅដើមឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីជាង១០០នាក់ ដើម្បីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង។ ប៉ុន្តែគម្រោងនេះអាចដំណើរទៅបានតាមការគ្រោងទុក លុះត្រាតែស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោកមានភាពធូរស្បើយ។
អគ្គលេខាធិការរូបនេះ ធ្លាប់អះអាងកន្លងមកថា ក្នុងករណីមិនអាចបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេសដោយសារជំងឺកូវីដ-១៩ កម្ពុជានឹងជួលគ្រូបង្វឹកបរទេសមកបង្វឹកនៅប្រទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសម្រេចផ្អាកការលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និងផ្អាកចេញចូលពហុកីឡដ្ឋានជាតិជាបណ្តោះអាសន្ន។ ការសម្រេចបែបនេះរបស់ក្រសួង ធ្វើឡើងក្រោយរកឃើញអង្គរក្សម្នាក់ ដែលជាគ្រូបង្វឹកកីឡាមួយប្រភេទមានផ្ទុកជំងឺកូវីដ-១៩ ហើយលោកបានការទាក់ទងផ្ទាល់ និងប្រយោលជាកីឡាករ និងមន្ត្រីមួយចំនួន។
អង្គរក្សរូបនេះ បានឆ្លងជំងឺកូវីដ-១៩ពីលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការបរទេសរូបនេះ បានជួបជាមួយសម្តេច ហ៊ុន សែន រដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ដឹកនាំមួយចំនួន និងក្រុមអ្នកសារព័ត៌មាន៕