កីឡាជាតិ
ជាតិ
ក្រោយអវត្តមានពេញ១រដូវកាល កីឡាករ សុខ សុវណ្ណ បានដើរដល់ផ្លូវបំបែកជាមួយភ្នំពេញក្រោន កីឡាករ សុខ សុវណ្ណ ពេលចូលរួមជាមួយភ្នំពេញក្រោនកាលពីឆ្នាំ២០១៩
× ក្លិបបាល់ទាត់ភ្នំពេញក្រោននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការ ពីចែកផ្លូវជាមួយខ្សែការពារ សុខ សុវណ្ណ ក្រោយរួមរស់ជាមួយគ្នាបានជាង១ឆ្នាំ។ ក្រុមលេខ៣លីគកំពូលឆ្នាំ២០២០ មួយនេះ ក៏បានចែកផ្លូវជាមួយកីឡាករបរទេស និងកម្ពុជាពីររូបទៀតផងដែរ កាលពីពេលថ្មីៗ។
ខ្សែការពារ សុខ សុវណ្ណ បានចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកលើកទីពីរ។ ក្រោយបង្ហាញខ្លួនយ៉ាងល្អជាមួយក្រុមត្រឹមពាក់កណ្តាលរដូវកាល កីឡាកររូបនេះ ត្រូវបានក្លិបភ្នំពេញក្រោន បន្តកិច្ចសន្យាឲ្យលេង នៅរដូវកាលឆ្នាំ២០២០។
ប៉ុន្តែនៅរដូវកាលឆ្នាំ២០២០ អតីតខ្សែការពារក្លិបបឹងកេតរូបនេះ ពុំបានបង្ហាញខ្លួនលើទីលានជាមួយក្រុមនោះទេ។ ការអវត្តមាននេះ ដោយសាររូបគេមានបញ្ហារបួសជង្គង់ខាងឆ្វេង ដែលបានវះកាត់កាលពីចុងខែមីនា ឆ្នាំ២០២០។ សុវណ្ណ បានរងរបួសជង្គង់ខាងឆ្វេងពេលប៉ះទង្គិចគ្នាជាមួយកីឡាករសូលទីឡូអង្គរ នាជំនួបមិត្តភាពរវាងក្រុមភ្នំពេញក្រោនជាមួយសូលទីឡូអង្គរ មុនបើករដូវកាលឆ្នាំ២០២០។
ការអវត្តមានពេញមួយរដូវកាលអាចជាមូលហេតុមួយ ដែលធ្វើឲ្យការរួមរស់រវាងកីឡាករ សុខ សុវណ្ណ ជាមួយក្លិបភ្នំពេញក្រោនបានឈានផ្លូវបំបែក។ តែយ៉ាងណា យើង មិនបានដឹងមូលហេតុច្បាស់លាស់នៃការចែកផ្លូវនេះឡើយ។ ក្រោយប្រកាសពីការចែកផ្លូវ ក្លិបភ្នំពេញក្រោន ជូនពរឲ្យកីឡាករ សុខ សុវណ្ណ ទទួលបានជោគជ័យក្នុងវិថីមួយនេះ។
កាលពីពេលកន្លងទៅថ្មីៗ ក្លិបដែលទើបដំឡើងតួនាទីលោក ស៊ុំ វណ្ណា ពីគ្រូបង្វឹកទៅជានាយកបច្ចេកទេសមួយនេះ ក៏បានចែកផ្លូវជាមួយកីឡាករពីររូបទៀតផងដែរ។ កីឡាករទាំងនោះរួមមានអ្នកចាំទី ឈិន ឆៃនុត និងកីឡាករជនជាតិជប៉ុន Ideguchi Masaki ក្រោយរួមរស់ជាមួយគ្នាបានមួយរដូវកាល៕
Tag:
បាល់ទាត់
សុខ សុវណ្ណ
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com