ជាតិ
​ដំឡូងជ្វា​អ្នកស្រុក​គូលែន ខេត្តព្រះវិហារ មាន​ទីផ្សារ​សមរម្យ​ដោយបាន​នាំចេញ​ទៅ​សៀមរាប និង​ភ្នំពេញ​
19, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​កសិករ​ដែល​រស់នៅក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ កំពុង​មមាញឹក​ប្រមូល​ផល​ដំឡូងជ្វា​របស់ខ្លួន​។ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​តម្លៃ​ដំឡូងជ្វា​នៅក្នុង​ខេត្តព្រះវិហារ​ឆ្នាំនេះ​ល្អ​គួរសម ពោល​កសិករ​អាច​លក់​បាន​តម្លៃ ពី ១,៥០០​រៀល ទៅ ២​ពាន់​រៀល ក្នុង​មួយ​គីឡូ​។ នេះ​បើ តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 
​ប្រជាពលរដ្ឋ​ក្នុងស្រុក​គូលែន នៃ​ខេត្តព្រះវិហារ​ភាគច្រើន​បាន​ជ្រើស​ការដាំ​ដំណាំ​រួមផ្សំ​ជាច្រើន​ពិសេស​ដំណាំ​ដំឡូង​មី ក្រៅពី​ការងារ​ដំ​ដុះ​ដំណាំ​ស្រូវ​។ សម្រាប់​ផ្ទៃដី​ដាំដំឡូង​ជ្វា​ទូទាំង​ស្រុក គូ លែ​ន មាន​ប្រមាណ ១​ពាន់​ហិកតា ដោយ​ក្នុង​មួយ​គ្រួសារ​ដាំដំឡូង ក្នុង​បរិមាណ ២ ទៅ ៣​ហិកតា​។ លោក​បាន​ប្រាប់​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​កសិករ​ស្រុក​គូលែន កំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​ដំឡូងជ្វា សម្រាប់​តម្លៃ​ជ្វា លើ​ទីផ្សារ​លក់បាន​ដំឡូង​លេខ​១ តម្លៃ​២​ពាន់​រៀល ក្នុង​មួយ​គីឡូ និង​លេខ​២ តម្លៃ​១​ពាន់​៥​រយ​រៀល ក្នុង​មួយ​គីឡូ និង​នាំ​ចេញទៅ​ខេត្តសៀមរាប និង​ភ្នំពេញ ជាទី​ផ្សារ​ធំ​»​។ 


 
​លោក​ប្រធាន​មន្ទីរ​រូបនេះ បាន​បញ្ជាក់ថា «​ដ្បិត​ទីផ្សារ​ដំឡូងជ្វា​ក្នុង​ខេត្តព្រះវិហារ​ទូលាយ តែបើ​ប្រៀបធៀប​តម្លៃ​នៅ​ឆ្នាំ​២០១៩ មិនសូវ​ខុសគ្នា​ប៉ុន្មាន​នោះទេ អាច​លើស​ឆ្នាំមុន​ពី​១០០​រៀល​ទៅ ១៥០​រៀល​ប៉ុណ្ណោះ​»​។ លោក​បន្ថែមថា ចំពោះ​ទិន្នផល​ដំឡូងជ្វា​ឆ្នាំនេះ ក៏​មិន​ប្លែក​ពី​ឆ្នាំមុន​ដែរ ដោយ​មួយ​ហិកតា អាច​ទទួលផល​ពី ១០​តោន​ទៅ​១២​តោន​។​
 
​បច្ចុប្បន្ន ខេត្តព្រះវិហារ​មាន​ផ្ទៃដី​ដាំ​ដំណាំ​ដំឡូងជ្វា ប្រមាណ ៥​ពាន់​ហិកតា ដោយ​ក្នុងស្រុក​គូលែន​មាន​ផ្ទៃដី​ដាំដំឡូង​ជ្វា ប្រមាណ ១​ពាន់​ហិកតា​។ ដោយឡែក ចំពោះ​ផ្ទៃដី​ដំណាំ​ដំឡូង​មី​វិញ​មាន​ប្រមាណ ២​ម៉ឺន​ហិកតា​ទូទាំង​ខេត្ត​។ ក្រៅពី​ដំឡូងជ្វា និង​ដំឡូង​មី កសិករ​ក៏​ដាំ​ដំណាំ​ច្រើន​ទៀត​ដូចជា ដំឡូង​មី​,​ពោត​,​ស្វាយ​,​សណ្ដែកសៀង​,​ស្វាយចន្ទី​,​សណ្ដែកបាយ​,​ចេក​,​កៅស៊ូ និង​ដំណាំ​ជាច្រើន​ទៀត​។ នេះ​បើតាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​៕
 

ផលដំឡូងជ្វារបស់កសិករក្នុងស្រុកគូលែន ខេត្តព្រះវិហារ រូបភាព៖ពីហ្វេសប៊ុកលោក ពឹង ទ្រីដា​

Tag:
 ដំឡូងជ្វា​
  ព្រះវិហារ​
 ​ពឹង ទ្រី​ដា​
 ​កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com