អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករ​ថៃ បន្ត​ការតវ៉ា​ក្រោម​ការឃ្លាំមើល​របស់​ប៉ូលិស ខណៈ​សភា​បោះឆ្នោត​លើ​សំណើ​កែ​រដ្ឋធម្មនុញ្ញ​
18, Nov 2020 , 5:51 pm        
រូបភាព
ប៉ូលិសថៃប្រើកាណុងទឹកបំបែកបាតុករ។ រូបភាព៖AFP
ប៉ូលិសថៃប្រើកាណុងទឹកបំបែកបាតុករ។ រូបភាព៖AFP
ដោយ:
បាតុករ​ថៃ​ចាប់ផ្តើម​ជួបជុំគ្នា​នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា ស្រប​ពេលដែល​សមាជិក​សភា​ថៃ​ត្រៀម​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ចំណែកឯ​ប៉ូលិស​ថៃ​វិញ ព្រមាន​ថា នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​តប​ទៅនឹង​ការប្រព្រឹត្ត​ខុសច្បាប់​ទាំងឡាយ​ពី​សំណាក់​បាតុករ និង​ហាម​បាតុករ​មក​ជិត​ទីស្នាក់ការ​ប៉ូលិស​។​

 
​ប៉ូលីស​ថៃ បាន​ព្រមាន​បាតុករ​មិន​ឲ្យ​ចូល​អុកឡុក និង​កម្ទេច​ទីស្នាក់ការ​ប៉ូលិស ក្រោយពេល​បាតុករ​បានបង្ហាញ​ផែនការ​ជួបជុំ​នៅ​ផ្លូវ​ប្រសព្វ​ដ៏​សំខាន់​ក្នុង​រាជធានី​បាងកក រួច​បន្តដំណើរ​ទៅ​ទីស្នាក់ការ​ប៉ូលិស​ដែល​នៅ​ជិត​នោះ​។ ជា​វិធាន​ការបង្ការ​ប៉ូលិស​ថៃ បាន​យក​រថយន្ត​ដឹក​ដី​មក​ចត​មុន​ខ្លោងទ្វារ និង​មាន​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ឈរ​ប្រចាំ​ការជាប់​ជានិច្ច​។ នេះ​បើតាម​កាសែត Bangkok Post​។​
 
​ឧ​ត្ត​ម​សេនីយ៍​Yingyos Thepchamnong អ្នកនាំពាក្យ​ប៉ូលិស​អះអាងថា សកម្មភាព​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ គឺជា​ការបំពានច្បាប់ ហើយ​អាជ្ញាធរ​នឹង​ចាត់​វិធា​នា​ការ​ទល់នឹង​អ្នក​ល្មើសច្បាប់​ទាំងនោះ​។ ប៉ូលិស​បាន​បន្ថែមថា បាតុកម្ម​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​បណ្តាល​ឲ្យ​ខូច​កាណុង​បាញ់​ទឹក​ចំនួន​៤ ឡាន​ដឹក​ទឹក​ចំនួន​២ ឡានក្រុង​ចំនួន​៣ និង​ឡាន​ដឹកទំនិញ​ចំនួន​១៣​។​
 
​ចំណែក​ការប៉ះទង្គិច​រវាង​បាតុករ និង​ប៉ូលិស​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​បណ្តាល​ឲ្យ​បាតុករ​៥៥​នាក់​រងរបួស​ដោយសា​រ​គ្រាប់​បែកផ្សែង គ្រាប់កាំភ្លើង​ជ័រ និង​កាណុង​បាញ់​ទឹក​របស់​ប៉ូលិស​។ មនុស្ស​៤​នាក់​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​៦​នាក់​ទៀត​ត្រូវ​គ្រាប់កាំភ្លើង​ជ័រ​របស់​ប៉ូលិស​។ សមាគម​មេធាវី​សិទ្ធិមនុស្ស​ថៃ បន្ទោស​ក្រុមប៉ូលិស​ថា ការបំបែកហ្វូង​បាតុករ ដោយ​មិន​ស្របតាម​វិធាន​អន្តរជាតិ​។​
 
​ទោះ​មានការ​ប៉ះទង្គិច​ក្ដី បាតុករ​ថៃ ជួបជុំ​បាតុកម្ម​ជាថ្មី​ស្របពេល​ដែល​សភា​ថៃ​ទាំង​២​ថ្នាក់ បន្ត​កិច្ចពិភាក្សា និង​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៧​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ បន្ទាប់ពី​ពិភាក្សា​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធិ​សភា​ថៃ នឹងត្រូវ​បោះឆ្នោត​ជ្រើស​រើសយក​សេចក្តីព្រាងច្បាប់​មក​ពិភាក្សា​បន្តទៀត​។​
 
​ក្នុងចំណោម​សេចក្តីព្រាងច្បាប់​ទាំង​៧ សេចក្តីព្រាងច្បាប់​មួយ​ភាគ​ធំ មិន​លើកឡើង​ពី​កំណែទម្រង់​របបរាជានិយម ចំណែក​តំណាងរាស្ត្រ​ថៃ​មួយ​ភាគ​ធំ​ក៏​មិន​ចង់​ពិភាក្សា​ពី​បញ្ហា​នេះដែរ​។ ចំណែក​សេចក្តីព្រាងច្បាប់​មួយទៀត​ចង់​ប្តូរ​ព្រឹទ្ធសភា​ថៃ ដែលមាន​សមាជិក​ត្រូវ​តែងតាំង​ដោយ​ក្រុម​យោធា ដោយ​ជំនួស​មកវិញ​នូវ​សមាជិក​ព្រឹទ្ធសភា​ដែល​ជ្រើស​ឡើង​ដោយ​ការបោះឆ្នោត​។
​ខណៈ​សមាជិកសភា​កំពុង​ជជែក​ពី​សំណើ​កែ​រដ្ឋធម្មនុញ្ញ អាគារ​វិមាន​សភា​វិញ មានការ​ការពារ​យ៉ាង​តឹងតែង និង​មានការ​រឹតត្បិត​ការចេញចូល ដោយ​បាតុករ​ទាំង​ប្រឆាំង ទាំង​គាំទ្រ​បាន​ជួបជុំគ្នា​នៅ​ខាងក្រៅ​។ ប៉ូលិស​ទីក្រុង​បាងកក បានដាក់​កងកម្លាំង​ចំនួន​១,៣៥០​នាក់​ដើម្បី​ការពារ​។ ក្រោយ​ការប្រជុំ​ចប់​នៅ​យប់​ថ្ងៃទី​១៧ វិច្ឆិកា ប៉ូលិស​ថៃ ក៏បាន​ជម្លៀស​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​តាមរយៈ​នាវា​ផងដែរ​៕
 
Relate: https://thmeythmey.com/?page=detail&id=97758 
 

Tag:
 ថៃ​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com