ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភាអាមេរិក៨រូប៖ មានតែសម្ពាធខ្លាំងក្លាទេ ដែលទំនងអាចកែអាកប្បកិរិយារដ្ឋាភិបាលខ្មែរបាន
18, Nov 2020 , 7:12 pm        
រូបភាព
លោក Alan Lowenthal ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកទាំង៨រូប ដែលសរសេរលិខិតជូនទៅលោក  Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក (រូបពី AFP)
លោក Alan Lowenthal ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកទាំង៨រូប ដែលសរសេរលិខិតជូនទៅលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក (រូបពី AFP)
សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកមួយចំនួន ជំរុញជាថ្មីឲ្យរដ្ឋាភិបាលជិតផុតអាណត្តិរបស់ខ្លួន ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំគណបក្សកាន់អំណាច។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជា មើលឃើញថា សំណើសុំដាក់ទណ្ឌកម្មនោះ គ្មានប្រសិទ្ធភាពអ្វីឡើយ។



សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក៨រូប នៅតែឆ្លៀតស្នើទៅរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជិតផុតអាណត្តិទៅហើយ ឲ្យដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។ សំណើរបស់ពួកគេ គឺធ្វើឡើងតាមរយៈលិខិត ដែលសរសេររួមគ្នា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើទៅលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក។

ក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្តីការបរទេស សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាទាំង៨រូប សង្កត់ធ្ងន់ដូច្នេះថា៖«ឥឡូវនេះ គឺច្បាស់លាស់ហើយថា មានតែសម្ពាធខ្លាំងក្លាទេ ដែលទំនងជាអាចផ្លាស់ប្តូរអាកប្បកិរិយារបស់រដ្ឋាភិបាលកម្ពុជាបាន។ យើង ជំរុញឲ្យលោករដ្ឋមន្រ្តី ចាត់វិធានការ [ដាក់សម្ពាធ] ពីព្រោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង គណបក្សរបស់គាត់ លែងអាចឆ្លងឆ្លើយគ្នាបានតាមរយៈការទូតធម្មតាទៀតហើយ»។

លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការស្នើឲ្យដាក់សម្ពាធឬទណ្ឌកម្មលើរដ្ឋាភិបាល ក៏ដូចជាគណបក្សរបស់លោក ថាគ្រាន់តែជាសិទ្ធិរបស់សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកប៉ុន្មាននាក់នោះប៉ុណ្ណោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងថា៖«ខ្ញុំ ជឿជាក់ថា ឥឡូវ រដ្ឋបាលលោក ត្រាំ កំពុងត្រៀមឯកសារ ដើម្បីប្រគល់ [អំណាច] ជូនលោក ចូ បៃឌិន ក្នុងពេលខាងមុខឆាប់ៗនេះ។ ដូច្នេះ [លោក ត្រាំ] គាត់ គ្មានពេលពិនិត្យលើសំណើរបស់ [សមាជិកព្រឹទ្ធសភា និង] តំណាងរាស្រ្ត៧-៨នាក់នុ៎ងទេ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនប្រតិកម្មអ្វីទាំងអស់ ដោយលោក ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនទាន់បានឃើញលិខិតរបស់សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកទាំង៨រូបនោះ។ លោក មានហេតុផលថា៖«ខ្ញុំ មិនអាចឆ្លើយទេ ល្គឹកណាបានឃើញសារហ្នឹង [សិន]។ ខ្ញុំ ចាំទទួល [លិខិតហ្នឹង] ពីក្រសួងការបរទេសមកវិញ»។

អ្នកទាំង៨រូបនោះ  មានសមាជិកព្រឹទ្ធសភា៤រូប និងសមាជិករដ្ឋសភា៤រូប។ សមាជិកព្រឹទ្ធសភា មាន អ្នកស្រី Elizabeth Warren  អ្នកស្រី Dianne Feinstein លោក Edward J. Markey លោក Robert P. Casey, Jr ហើយសមាជិករដ្ឋសភា មាន អ្នកស្រី Lori Tranhan លោក Alan Lowenthal លោក Ted Yoho លោក Seth Moulton។

សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាទាំងនោះ ស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក សហការជាមួយក្រសួងរតនាគារអាមេរិក ដើម្បីប្រើច្បាប់ Global Magnitsky Act ឬ វិធានការផ្សេងទៀត ដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដោយរួមទាំងមេដឹកនាំជាន់ខ្ពស់ ក្នុងជួរនគរបាលនិងកងរាជអាវុធហត្ថផងដែរ។ ពួកគេ ជឿថា មេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងទាំងពីរប្រភេទនេះ ពាក់ព័ន្ធនឹងរលកនៃការចាប់ខ្លួនមនុស្ស។ ជាមួយគ្នានេះ ពួកគេ ថែមទាំងស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក ជំរុញទៅរដ្ឋាភិបាលបរទេសនានា ដើម្បីឲ្យធ្វើដូច្នេះដែរ។

ពួកគេ លើកយោបល់រួមគ្នាថា៖«រដ្ឋាភិបាលអាមេរិក ត្រូវតែឆ្លើយតប ដោយត្រូវរួមដៃជាមួយប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីផ្ញើសារដ៏ម៉ឺងម៉ាត់ ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការបង្ក្រាបរបស់គាត់ លើអ្នកប្រឆាំងនិងលើសេរីភាពបញ្ចេញមតិ គឺមិនអាចទទួលយកបានឡើយ...»។

ស្នើប៉ុណ្ណឹងហើយ សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាខាងលើ នៅមិនទាន់អស់ចិត្តទៀត ដោយពួកគេ ថែមទាំងផ្តល់អនុសាសន៍ឲ្យតំណាងពាណិជ្ជកម្មអាមេរិក ពិចារណាឡើងវិញ ចំពោះការអនុគ្រោះពន្ធដល់កម្ពុជា ព្រោះពួកគេ មើលឃើញថា មេសហជីពនៅកម្ពុជា បានជួបបរិយាកាសកាន់តែអាក្រក់ឡើងៗ។ ការអនុគ្រោះពន្ធនេះ ទំនងជាពួកគេ សំដៅលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ហៅថា GSP ដែលកម្ពុជា ទទួលបានពីអាមេរិក។

លោក សុខ ឥសាន យល់ឃើញថា បើដកការអនុគ្រោះពន្ធ និងដាក់ទណ្ឌកម្មមែននោះ គឺមិនអាចប៉ះពាល់ដល់ជីវភាពមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃកម្លាំងប្រដាប់អាវុធឡើយ ប៉ុន្តែ បែរជាប៉ះពាល់ដល់ជីវភាពកម្មករនិយោជិត និងក្រុមគ្រួសាររបស់កម្មករនិយោជិត ដែលមិនដឹងរឿងអ្វីទៅវិញ។ លោក មានប្រសាសន៍ថា៖«អ្នកដែល ធ្វើឲ្យកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារគាត់ ទទួលរងផលវិបាកនៃការដាក់ទណ្ឌកម្ម គឺអ្នកនុ៎ងហើយ ដែលជាអ្នករំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច អធិប្បាយថា តាមពិតទៅ កម្ពុជា រងការព្រមានដាក់ទណ្ឌកម្មពីអាមេរិកយូរមកហើយ មិនមែនទើបតែពេលនេះទេ។ លោក បន្តថា ម្យ៉ាងទៀត ចាប់តាំងឆ្នាំ១៩៧៩មក គឺក្រោយការផ្តួលរំលំរបបខ្មែរក្រហម អន្តរជាតិខ្លះ បានដាក់ទណ្ឌកម្មលើកម្ពុជា ខណៈពេលនោះ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា មិនទាន់រឹងមាំ ហើយប្រជាពលរដ្ឋ ហូបតែពោតនិងស្រូវសាលី។ លោក លើកទស្សនទានថា៖«មកដល់បច្ចុប្បន្ននេះ យើង ឃើញហើយ យើង ហូបសុទ្ធតែភីហ្សា ហូបសុទ្ធតែហាំប៊ឺហ្គឺទៅហើយ។ ដូច្នេះ ខ្ញុំយល់ថា វា មិនមានប្រសិទ្ធភាពទេ ក្នុងការដាក់ទណ្ឌកម្មនាពេលនេះ»។

ក្នុងលិខិត ដែលផ្ញើជូនរដ្ឋមន្រ្តីការបរទេស សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភា បរិយាយជាច្រើនពីទិដ្ឋភាពអវិជ្ជាមាននៅកម្ពុជា ដូចជា ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ការចាប់ ការចោទប្រកាន់លើថ្នាក់ដឹកនាំ មន្រ្តី សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ដោយរាប់ទាំងមន្រ្តីនៃសង្គមស៊ីវិល មេសហជីព សកម្មជនបរិស្ថាន និង អ្នកកាសែតផងដែ ដែលត្រូវចាប់ ត្រូវចោទប្រកាន់។

លោក សុខ ឥសាន បកស្រាយថា អាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបតែអ្នកល្មើសច្បាប់ប៉ុណ្ណោះ។ លោក នៅតែហៅក្រុមអ្នកប្រឆាំង ដែលរត់ទៅក្រៅប្រទេស ថាជាក្រុមឧទ្ទាមខុសច្បាប់។ លោក លើកឡើងថា ពេលទៅដល់បរទេស ពួកគេ បានបង្កើតអង្គការចាត់ខុសច្បាប់ ដូច្នេះ មិនមែនតែពួកគេទេ ដែលជាជនខុសច្បាប់ សូម្បីអ្នកដែលគាំទ្រពួកគេ ក៏ចាត់ទុកជាជនខុសច្បាប់ដែរ។ លោក លើកអំណះអំណាងថា៖«អ៊ីចឹង ការចាត់វិធានការផ្លូវច្បាប់របស់សមត្ថកិច្ចទៅលើក្រុមខុសច្បាប់ វា ជាការត្រឹមត្រូវ»។

ចំពោះការហាមឬរារាំងមិនឲ្យមានការប្រមូលផ្តុំ ត្រូវលោក សុខ ឥសាន លើកហេតុផលថា ស្ថិតក្នុងកាលៈទេសៈនេះ មិនមែនតែកម្ពុជាទេ គឺបណ្តាប្រទេសនានាលើពិភពលោក ក៏ហាមមិនឲ្យមានដែរ ព្រោះដើម្បីការពារការរាលដាលជំងឺកូវីដ-១៩។

នៅថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុក ដោយអះអាងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបណ្តឹងកាន់តែច្រើនឡើង ប្រឆាំងនឹងសកម្មជននៃអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និង អ្នកគាំទ្រនៃអតីតគណបក្សសង្គ្រោះជាតិ។ ស្ថានទូតអាមេរិក ផ្តល់យោបល់ថា៖«សេរីភាពក្នុងការប្រមូលផ្តុំគ្នា សេរីភាពក្នុងការសម្តែងមតិ និង ការអត់ឱនចំពោះមតិប្រឆាំង មានសារសំខាន់ នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។

ជាមួយគ្នានេះ ស្ថានទូតអាមេរិក អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ការពារសេរីភាពទាំងនេះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយប្រកាន់យកជំហានក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ ខណៈកម្ពុជា កំពុងឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា បណ្តឹងលើមនុស្សទាំងនោះ ចេះតែកើនឡើង គឺដោយសារតែពួកគេ ចេះតែប្រព្រឹត្តទង្វើខុសច្បាប់។ លោក មានប្រសាសន៍ថា បើមិនចង់ឲ្យមានបណ្តឹង លុះត្រាពួកគេ កុំធ្វើអំពើខុសច្បាប់។

លោក ជិន ម៉ាលីន ដែលមានឋានៈជាអនុប្រធាននិងជាអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរនោះ ផ្តល់យោបល់ត្រឡប់ទៅវិញថា បើស្ថានទូតអាមេរិក មានភស្តុតាង គឺគួរតែជួយពួកគេតាមផ្លូវតុលាការ។ លោក និយាយជាមួយសារព័ត៌មានថ្មីៗ កាលពីម្សិលមិញ (១៧វិច្ឆិកា) ថា៖«រឿងផ្លូវច្បាប់ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ មិនស្រ័យលើការសុំឲ្យអត់ឱនឬមិនអត់ឱនោះទេ»។

ថ្មីៗនេះ តុលាការរាជធានីភ្នំពេញ បានបង្គាប់សមត្ថកិច្ច ឲ្យយកដីកាទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិម្តងជាពីរដង ដោយលើកទី១ ហៅមនុស្សជិត៦០នាក់ ឲ្យចូលរួមសវនាការ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី២ ហៅមនុស្សជិត៧០នាក់ទៀត ឲ្យចូលរួមសវនាការ នៅអំឡុងខែធ្នូ ឆ្នាំ២០២០។ ជាទូទៅ ពួកគេ រងពីបទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ថ្នាក់ដឹកនាំកំពូលៗនៃអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ជាដើម ក៏ត្រូវបានតុលាការ កោះហៅឲ្យចូលរួមសវនាការដែរ ក្រោមបទឧបឃាត ដែលសំដៅលើការផ្តើមគំនិតនិងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាល។ តុលាការ កំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះលើមេដឹកនាំក្រុមប្រឆាំងទាំងនោះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តែត្រូវពន្យារពេលវិញ ខណៈពួកគេ សុទ្ធតែនៅក្រៅប្រទេស។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួប៣ឆ្នាំ ដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល។ ក្នុងខួប៣ឆ្នាំនេះ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយពីបារាំង ដោយបន្តទាមទារឲ្យអតីតគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ និងទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេ មិនទាន់ឃើញពន្លឺ ដែលបង្ហាញថា អតីតគណបក្សប្រឆាំង អាចនឹងរស់ឡើងវិញនោះទេ ខណៈលោក កឹម សុខា ដែលកំពុងរស់នៅក្នុងស្រុក នៅតែមិនអាចធ្វើសកម្មភាពនយោបាយ ហើយលោក សម រង្ស៊ី នៅតែមិនទាន់អាចធ្វើមាតុភូមិនិវត្ត៕

Tag:
 កម្ពុជា-អាមេរិក
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com