សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុម​ប្រទេស Five Eyes ចោទ ចិន​ថា​មិន​គោរព​សន្យា​នៅក្នុង​ឆ្នាំ​១៩៨៤ ជាមួយ​អង់គ្លេស​
19, Nov 2020 , 10:05 am        
រូបភាព
សមាជិកសភាហុងកុង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ជុំវិញបញ្ហាការលាលែងចេញពីតំណែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ AFP
សមាជិកសភាហុងកុង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ជុំវិញបញ្ហាការលាលែងចេញពីតំណែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ AFP
​អាមេរិក​, អង់គ្លេស​, អូស្ត្រាលី​, កាណាដា និង​នូ​វែ​ល​សេ​ឡង់ ឬ​ក្រុម​ប្រទេស Five Eyes នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​ចោទ​ចិន​ថា បានធ្វើ​ខុស​សន្យា​របស់ខ្លួន​នៅក្នុង​ឆ្នាំ ១៩៨៤​។ ការចោទប្រកាន់​របស់​ក្រុម​ប្រទេស Five Eyes ធ្វើឡើង​បន្ទាប់ពី សមាជិកសភា​ហុងកុង​ចំនួន ៤​នាក់ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​បញ្ចប់​តំណែង​សមាជិកសភា​។



 
​ថ្មីៗ​នេះ រដ្ឋាភិបាល​ហុងកុង បានបញ្ចប់​សមាជិកសភា​ហុងកុង​ចំនួន ៤​នាក់ ដោយ​សំអាងថា អ្នក​ទាំងនោះ បាន​បំពាន​ច្បាប់​មូលដ្ឋាន​ហុងកុង និង​គាំទ្រ​ទណ្ឌកម្ម​អាមេរិក​។ ការដក​សមាជិកសភា​នេះ ធ្វើឡើង​បន្ទាប់ពី គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន អនុម័ត​សេចក្តីសម្រេច​លើ «​គុណសម្បត្តិ​របស់​សមា​ជិ​ក​សភា​ហុងកុង​»​។ បន្ទាប់ពី​ដកសិទ្ធិ​សមាជិកសភា​ទាំង​៤​នាក់​នោះ សមាជិកសភា​ផ្សេងទៀត ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​នោះ ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​នេះដែរ​។ 
 
​ក្រុម​ប្រទេស​ចែករំលែក​ចារកិច្ច​ទាំង ៥ (Five Eyes) ដែលមាន​អាមេរិក​, អង់គ្លេស​, អូស្ត្រាលី​, កាណាដា និង​នូ​វែ​ល​សេ​ឡង់ រិះគន់​រដ្ឋាភិបាល​ចិន​ជាថ្មី​។ «​សកម្មភាព​ចិន បង្ហាញ​យ៉ាងច្បាស់​ពី​ការបំពាន​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ដែល​ស្ថិតក្រោម​សេចក្តីប្រកាស​រួម​រវាង​ចិន​-​អង់គ្លេស​ឆ្នាំ​១៩៨៤»​។ សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​ក្រុម​ប្រទេស Five Eyes បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង និង​ក្រុង​ហុងកុង​ចុងក្រោយ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​បំបិទ​សំឡេង​រិះគន់​ដ៏​សំខាន់​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP ក្រុម​ប្រទេស​ទាំង​៥ បាន​បន្តទៀតថា ដើម្បី​ជា​ប្រយោជន៍​នៃ​ស្ថិរភាព​និង​វិបុលភាព​ក្រុង​ហុងកុង អាជ្ញាធរ​ចិន និង​ហុងកុង ត្រូវតែ​គោរព​ប្រជាជន​ហុងកុង តាមរយៈ​ការបញ្ចេញមតិ និង​ការព្រួយបារម្ភ​មួយចំនួន​។ 
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុម​ប្រទេស Five Eyes ចេញមុខ​លើកឡើង​ពី​បញ្ហា​ហុងកុង​។ កន្លងមក ក្រុម​ប្រទេសមួយ​នេះ ក៏បាន​ជំរុញ​ឲ្យ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ បន្ទាប់ពី​លើក​ថ្ងៃ​បោះឆ្នោត​សភា​ហុងកុង ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៩ ខែសីហា ទៅ​ឆ្នាំក្រោយ​វិញ​។ 
 
​ក្រុម​ប្រទេស Five Eyes ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៤១ ដើម្បី​ចែករំលែក​ព័ត៌មាន​សម្ងាត់ និង​ធ្វើ​ចារកិច្ច​លើ​បញ្ហា​មួយចំនួន​។ រយៈពេល​ចុងក្រោយ សម្ព័ន្ធមិត្ត​មួយ​នេះ ផ្ដោត​ការងារ​ខ្លាំង​លើ​ចិន​។​
 
​សូមបញ្ជាក់ថា សេចក្តីប្រកាស​រួម​រវាង​ចិន​-​អង់គ្លេស​ឆ្នាំ ១៩៨៤ ជា​សន្ធិសញ្ញា​មួយ ដែល​បើកផ្លូវ​ឲ្យ​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​មក​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ​១៩៩៧​។ ចំណុច​មួយ​ក្នុង​សន្ធិសញ្ញា​បានចែង​ថា ក្នុង​រយៈពេល ៥០​ឆ្នាំ បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​មក​ចិន គោលនយោបាយ​មូលដ្ឋាន​របស់​ចិន ដែល​ទាក់ទិន​នឹង​ហុងកុង នឹងមិន​ត្រូវ​មានការ​ផ្លាស់ប្តូរ​អ្វី​ឡើយ ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​ផងដែរ​។ ចំណុច​នេះ ក៏​មានចែង​នៅក្នុង​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ 
 
​សេចក្តីប្រកាស​រួម​ចិន​-​អង់គ្លេស​ឆ្នាំ ១៩៨៤​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ នាយករដ្ឋមន្ត្រី​ចិន Zhao Ziyang និង​សម​ភាគី​អង់គ្លេស លោកស្រី Margaret Thatcher ។ កិច្ចចរចា​លើ​សេចក្តីប្រកាស​រួម​នេះ ត្រូវ​ចំណាយពេល​ចរចា​រហូតដល់ ២​ឆ្នាំ​ឯណោះ ពោលគឺ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Margaret Thatcher ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ចិន​នៅក្នុង​ឆ្នាំ ១៩៨២ ៕ 

Tag:
 Five Eyes
  ចិន​
  អាមេរិក​
  អង់គ្លេស​
  អូស្ត្រាលី​
  កាណាដា​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com