អន្តរជាតិ
អ្នកស្រី អាឌើន ឈ្នះរង្វាន់១៥ម៉ឺនដុល្លារពី Harvard តែបង្វែរជាអាហារូបករណ៍ឲ្យនិស្សិតវិញ អ្នកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្ត្រីនូវែលសេឡង់ ។ រូបភាព៖ AFP
× នាយករដ្ឋមន្ត្រីនូវែលសេឡង់ អ្នកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បានឈ្នះរង្វាន់ដ៏ខ្ពង់ខ្ពស់មួយពីសកលវិទ្យាល័យល្បីរបស់អាមេរិក Harvard ដែលអមដោយទឹកប្រាក់១៥ម៉ឺនដុល្លារផង។ សម្រាប់រង្វាន់១៥ម៉ឺនដុល្លារនេះ អ្នកស្រី នឹងបង្វែរលុយនេះទៅជាអាហារូបករណ៍មួយកន្លែងសម្រាប់និស្សិតនូវែលសេឡង់។
មជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំសាធារណៈរបស់សកលវិទ្យាល័យ Harvard នឹងប្រគល់រង្វាន់ «Gleitsman International Activist Award» ឬពានរង្វាន់សកម្មជនអន្តរជាតិ Gleitsman ជាផ្លូវការជូនដល់អ្នកស្រី ចាស៊ីនដា អាឌើន តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១ ខែធ្នូ។
ជារៀងរាល់ឆ្នាំ ពានរង្វាន់នេះ ត្រូវប្រគល់ឲ្យបុគ្គល ឬក្រុម ដែលភាពជាអ្នកដឹកនាំរបស់ពួកគេក្នុងសកម្មភាពសង្គម បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងទៀតនៅជុំវិញសកលលោក។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនូវែលសេឡង់ Stuff អ្នកនាំពាក្យម្នាក់របស់នាយករដ្ឋមន្ត្រី អះអះថា ជាធម្មតា អ្នកស្រី អាឌើន មិនទទួលយកពានរង្វាន់អ្វីឡើយ តែសម្រាប់រង្វាន់នេះ អ្នកស្រីអាចបង្វែរលុយទាំងនេះទៅជាអាហារូបករណ៍មួយកន្លែងសម្រាប់និស្សិតនូវែលសេឡង់ម្នាក់ ទៅបន្តការសិក្សានៅសកលវិទ្យាល័យ Harvard ។
បន្ថែមពីលើអ្នកស្រី អាឌើន អ្នកដែលធ្លាប់ឈ្នះពានរង្វាន់់នេះ មានដូចជា យុវតី Malala Yousafzai សកម្មជនប៉ាគីស្ថានទាមទារសិទ្ធិអប់រំស្ត្រី, អ្នកស្រី Tarana Burke សកម្មជនអាមេរិក ដែលចាប់ផ្ដើមចលនា «MeToo», លោក Nelson Mandela អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង, អ្នកស្រី Gloria Steinem អ្នកកាសែតអាមេរិកដែលត្រូវបានចាត់ទុកជាមេចលនាស្ត្រីនិយមនៅអាមេរិក និងលោក John Lewis អតីតសមាជិកសភាតំណាងអាមេរិក និងជាមេដឹកនាំសិទ្ធិស៊ីវិល។
លើសពីការប្រកាសប្រគល់រង្វាន់ សកលវិទ្យាល័យ Harvard ក៏លើកសរសើរផែនការឆ្នាំ២០៥០របស់អ្នកស្រី អាឌើន ដែលចង់ឲ្យនូវែលសេឡង់ក្លាយជាប្រទេសមានអព្យាក្រឹតកាបូន (carbon neutrality) ហើយក៏សាទរជោគជ័យរបស់រដ្ឋាភិបាលអ្នកស្រីក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ផងដែរ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សកលវិទ្យាល័យ Harvard បានកត់សម្គាល់ថា នូវែលសេឡង់មានអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ទាប ដ្បិតថា រដ្ឋាភិបាលប្រើវិធានការទប់ស្កាត់ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ និងទទួលបានការគាំទ្រពីពលរដ្ឋនិងសហគមន៍វេជ្ជសាស្ត្រ៕
Tag:
នូវែលសេឡង់
ចាស៊ីនដា អាឌើន
Harvard
© រក្សាសិទ្ធិដោយ thmeythmey.com