ជាតិ
សង្គមជាតិ
នាយក​ចាត់ការ​អន្តរ​វិស័យ ដែល​ប៉ុនប៉ង​ឃាតកម្ម​លើ​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ត្រូវ​ជាប់ឃុំ​
19, Nov 2020 , 4:06 pm        
រូបភាព
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្តសៀមរាប ចេញ​ដីកា​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បង្គាប់​ឲ្យ​យក​លោក ម៉ៅ ប៊ុន​ធូរ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ ទៅ​ឃុំ​បណ្តោះអាសន្ន ពីបទ​ប៉ុនប៉ង​ឃាតកម្ម​។ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ផ្ទេរ​សំណុំ​រឿងនេះ ពី​សាលាដំបូង​ខេត្ត​កំពង់ ទៅ​ឲ្យ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​វិញ​។​



​លោក ម៉ៅ ប៊ុន​ធូរ រង​ពីបទ​ប៉ុនប៉ង​ឃាតកម្ម ដោយសារ​មានការ​អះអាងថា លោក យក​កាំបិត​ចាក់​លោក សាយ វាសនា ជា​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​។  លោក កើត រិ​ទ្ធ បញ្ជាក់​ក្នុង​លិខិត​ផ្ទេរ​សំណុំរឿង​ថា ការសម្រេច​ផ្ទេរ​សំណុំ​រឿងនេះ ពី​តុលាការ​ខេត្តកំពង់ធំ ទៅ​តុលាការ​ខេត្តសៀមរាប គឺ​ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ និង​ដំណើរ​ការល្អ​នៃ​យុត្តិធម៌​តុលាការ​។  
 
​លោក សាយ វាសនា ជា​ជនរងគ្រោះ បាន​ប្តឹង​លោក ម៉ៅ ប៊ុន​ធូរ ជា​ជនសង្ស័យ ពីបទ​ប៉ុនប៉ង​ឃាតកម្ម​។ ក្នុង​ពាក្យបណ្តឹង លោក សាយ វាសនា ដែលជា​ព្រះរាជអាជ្ញារង​នោះ ទាមទារ​សំណង​១​លាន​ដុល្លារ​ពី​លោក ម៉ៅ ប៊ុន​ធូរ​។ 
 
​លោក សាយ វាសនា រៀបរាប់​ពី​ហេតុការណ៍​ក្នុង​ពាក្យបណ្តឹង​ថា កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក បាន​ទៅ​ពិសា​អាហារ​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា សង្កាត់​ដំរី​ជាន់ខ្លា ស្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​ក្នុង​បន្ទាប់​របស់លោក មាន​សុទ្ធតែ​ថ្នាក់ដឹកនាំ​កងកម្លាំង ដូចជា លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ ជាដើម​។​
 
​លោក សាយ វាសនា បន្តថា លោក ម៉ៅ ប៊ុន​ធូរ ក៏​ចូលទៅ​ពិសា​អាហារ​ក្នុង​ភោជនីយដ្ឋាន​នោះដែរ ដោយ​អង្គុយ​ក្នុង​បន្ទប់​ក្បែរ​គ្នា  ហើយ​ពេលនោះ លោក ម៉ៅ ប៊ុន​ធូរ បាន​យក​កាំបិត​បម្រុង​ទៅ​ចាក់​លោក​។ អ្នក​ដែល​នៅ​បន្ទប់​ទទួលទាន​អាហារ​ជាមួយ​លោក ប៊ុន​ធូរ រួមមាន លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក ប៉ែន​វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង លោក ទូច សុខា អភិបាលស្រុក​សន្ទុក ជាដើម នាំគ្នា​ជួយ​សម្របសម្រួល​៕ 

Tag:
 ជម្លោះ
© រក្សាសិទ្ធិដោយ thmeythmey.com