អន្តរជាតិ
ប្រមុខ​កងទ័ព​អូស្ត្រាលី​ថា ទ័ព​ពិសេស​អូស្ត្រាលី​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​៣៩​នាក់
19, Nov 2020 , 4:25 pm        
រូបភាព
ឧត្តមសេនីយAngus Cambell អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី។រូបភាព៖AFP
ឧត្តមសេនីយAngus Cambell អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី។រូបភាព៖AFP
ដោយ:
​អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី នៅ​ថ្ងៃទី​១៩ វិច្ឆិកា​សារភាពថា អូស្ត្រាលី​មាន​ភស្តុតាង​ដែល​អាច​ទុកចិត្តបាន​ជុំវិញ​ការសម្លាប់​ដោយ​ខុសច្បាប់​ជន​ស៊ីវិល និង​អ្នកទោស​ចំនួន​៣៩​នាក់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដោយ​កងកម្លាំង​ពិសេស​អូស្ត្រាលី​អំឡុងពេល​បេសកកម្ម​នៅ​ប្រទេស​នេះ​។ ការសង្ស័យ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ ត្រូវ​បញ្ជូនទៅ​ឲ្យ​រាជអាជ្ញា​ពិសេស​ដើម្បី​ស៊ើបអង្កេត​បន្ត​។​

 
​ឧ​ត្ត​ម​សេនីយ Angus Cambell អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី​លើកឡើង​ពី​ការសង្ស័យ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងកម្លាំង​អូស្ត្រាលី បន្ទាប់ពី​របាយការណ៍​ស៊ើបអង្កេត​រយៈពេល​៤​ឆ្នាំ​ស្តីពី​សកម្មភាព​របស់​យោធា​អូស្ត្រាលី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​ចេញផ្សាយ​។ ក្រោយ​អំពើ​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១ អូស្ត្រាលី​បាន​បញ្ជូន​កងទ័ព​២​ម៉ឺន​៦​ពាន់​នាក់​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ចូលរួម​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​តា​លី​បង់ និង​អាល់​កៃ​ដា​។​
 
​របាយការណ៍​ចេញ​ដោយ​កងទ័ព បង្ហាញថា កងកម្លាំង​ពិសេស​ស​អូស្ត្រាលី​ចំនួន​២៥​នាក់​ជាប់​សង្ស័យ​ក្នុង​ហេតុការណ៍​ចំនួន​២៣ ដែល​នាំ​ឲ្យ​អាប់អោន​ដល់​កងទ័ព និង​អូស្ត្រាលី ហើយក៏​អាចជា​អំពើ​ខុសច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែរ​។ ការសង្ស័យ​នោះ​រួមមាន ការបង្ខំ​ឲ្យ​ទាហាន​ថ្មី​បាញ់សម្លាប់​អ្នកទោស​ដែលជា​ផ្នែក​មួយ​នៃ​ការហ្វឹកហាត់ ការសម្លាប់​កុមារ ការឆែកឆេរ​ផ្ទះសម្បែង និង​ការសម្លាប់​អ្នកទោស​ដែល​គ្មាន​កន្លែង​អង្គុយ​លើ​ឧទ្ធម្ភាគចក្រ​។​
 
​ប្រមុខ​កងទ័ព​អូស្ត្រាលី​អះអាង ទាហាន​ចំនួន​១៩ ក្នុងចំណោម​២៥​នាក់  នឹងត្រូវ​បញ្ជូនទៅ​កាត់ទោស​ក្រោម​ដោយ​រាជអាជ្ញា​ពិសេស​។ បន្ថែម​ពីនេះ ទាហាន​ទាំងនោះ នឹងត្រូវ​ដកហូត​គ្រឿង​ឥស្សរិយយស​ដែល​ផ្តល់​ឲ្យ​សម្រាប់​ស្នាដៃ​អំឡុងពេល​បម្រើការ​ពី​ឆ្នាំ​២០០៧ ដល់​២០១៣​។ លោក Cambell ក៏​សុំទោស​ដោយស្មោះ​ទៅកាន់​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​។ 
 
​ចំណែក​លោកនាយក​រដ្ឋមន្ត្រី ស្កុ​ត ម៉ូ​រី​សុន វិញ ដែល​ព្យាយាម​រំងាប់​ស្ថានការណ៍ បាន​ប្រាប់​ប្រជាជន​អូស្ត្រាលី​ឲ្យ​ត្រៀម​ទទួល​ការពិត​ដ៏​ឃោរឃៅ​ដែលមាន​ក្នុង​ឯកសារ​ស៊ើបអង្កេត​ខាងលើ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក ក៏បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​លោក Ashraf Ghani នៅ​ថ្ងៃទី​១៨ វិច្ឆិកា ដោយ​ជូនដំណឹង​ពី​ការសង្ស័យ​ខាងលើ និង​ថា អូស្ត្រាលី​នឹង​ពិនិត្យមើល​សំណុំ​រឿងនេះ​ឲ្យ​បាន​ហ្មត់ចត់​។ 
​កាលពី​សប្ដាហ៍​មុន លោក ម៉ូ​រី​សុន បានប្រកាស​ពី​ការតែងតាំង​រាជអាជ្ញា​ពិសេស​ដើម្បី​កាត់ទោស បើសិន​ជាមាន​បទល្មើស​មែន​។ ការតែងតាំង​រាជអាជ្ញា​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​បង្ការ​មិន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អាច​កាត់ទោស​ទាហាន​អូស្ត្រាលី​បាន​។ បច្ចុប្បន្ន ICC កំពុង​ស៊ើបអង្កេត​លើ​ការសង្ស័យ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ប្រព្រឹត្តឡើង​ដោយ​កងទ័ព​អាមេរិក CIA កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន និង​តា​លី​បង់​ចំពោះ​សង្គ្រាម​ជិត​២០​ឆ្នាំ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
 
​អូស្ត្រាលី​ដកទ័ព​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន ក្នុង​ឆ្នាំ​២០១៣ ។ ចាប់តាំងពី​ពេលនោះ​មក​មាន​ឯកសារ​បែកធ្លាយ​ពី​អំពើ​ព្រៃ​ផ្សែ​ប្រព្រឹត្ត​ដោយ​កងកម្លាំង​របស់ខ្លួន​នឹងត្រូវ​ចុះផ្សាយ​ដំបូង​ក្នុង​សារព័ត៌មាន​ABC៕
 
 
 
 

Tag:
 អូស្ត្រាលី​
  អា​ហ្វ​ហ្កា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com