ជាតិ
អាហារូបករណ៍​ជំនាញ​កសិកម្ម​៤០​កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​
19, Nov 2020 , 9:29 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្ដល់​អាហារូបករណ៍​ចំនួន ៤០​កន្លែង ដល់​និស្សិត​ដែល​ចាប់អារម្មណ៍​ជំនាញ​កសិកម្ម សម្រាប់​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ អាហារូបករណ៍​នេះ ផ្ដោត​សម្រាប់​មុខជំនាញ​វិទ្យាសាស្ត្រ​ដំណាំ និង​វិទ្យាសាស្ត្រ​សត្វ​។​



​អាហារូបករណ៍​នេះ ផ្ដល់​ដល់​និស្សិត​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង សម្រាប់​សិក្សា​ថ្នាក់​បន្ត​បរិញ្ញាបត្រ (២+២) ផ្ដោតលើ​ជំនាញ​វិទ្យាសាស្ត្រ​ដំណាំ​ចំនួន ២០​កន្លែង និង​វិទ្យាសាស្ត្រ​សត្វ​ចំនួន ២០​កន្លែង​។ និស្សិត​ដែល​ចាប់អារម្មណ៍​នូវ​ជំនាញ​ខាងលើនេះ អាច​ទៅ​ទទួល​ពាក្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ដោយផ្ទាល់ ឬ​អាច​ទៅ​ទទួល​ពាក្យ​នៅ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ​។ កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។​
 
​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ជា​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ​ស្ថិតនៅក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឈានមុខ​គេ​តាម​បណ្ដា​ខេត្ត លើ​ការច្នៃ​ប្រតិដ្ឋ និង​ន​វា​និវត្តន៍​ផ្នែក​បច្ចេកវិទ្យា និង​កសិកម្ម ដែលមាន​បង្រៀន​នូវ ៦ មុខជំនាញ​ដូចជា វិទ្យាសាស្ត្រ​ដំណាំ វិទ្យាសាស្ត្រ​ជលផល វិទ្យាសាស្ត្រ​សត្វ កំ​ព្យូ​ទ័​រ​ធុរកិច្ច បច្ចេកវិទ្យា​អាហារ និង​ជំនាញ​ដំឡើង​ប្រព័ន្ធ​អគ្គិសនី​។ វិទ្យាស្ថាន​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤៤ ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​៕
 
 

Tag:
 Thmey Thmey 25
  វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com