ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្លីនិក លោកស្រី លី ស្រី​វី​ណា បើក​ដំណើរការ​វិញ​ហើយ​
19, Nov 2020 , 4:42 pm        
រូបភាព
​ភ្នំពេញ​៖ គ្លីនិក លោកស្រី លី ស្រី​វី​ណា នឹង​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​២០ វិច្ឆិកា ក្រោយពី​ក្រសួងសុខាភិបាល សម្រេច​បិទទ្វារ កាលពី​ថ្ងៃទី​២៩ តុលា ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គ្លីនិក លី ស្រី​វី​ណា នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ថ្ងៃទី​១៩ វិច្ឆិកា​។​



​បើតាម​ការប្រកាស​ដដែល​នោះ គ្លីនិក​នឹង​ទទួល​ព្យាបាល​អ្នកជំងឺ ចាប់ពី​ម៉ោង​៣ រសៀល​ នាថ្ងៃ​បើក​ដំណើរការ​តទៅ​។ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោកស្រី លី ស្រីវីណា ដែរ ប៉ុន្តែលោកស្រី សុំមិនអត្ថាធិប្បាយឡើយ។​
 
​កន្លងមក​ក្រសួងសុខាភិបាល បានសម្រេច​បិទទ្វារ​គ្លីនិក​លោកស្រី លី ស្រី​វី​ណា ក្រោម​ហេតុផល​ថា ពុំមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺ​។ ការបិទ​នេះ គឺ​បន្ទាប់ពី​មាន​ករណី​អ្នកជំងឺ​ម្នាក់​ជា​មេធាវី បាន​ស្លាប់ ពេល​ចូល​សម្រាក​ព្យាបាល​នៅ​គ្លីនិក​របស់​អ្នកស្រី​។​


 
​ក្រោយ​បិទទ្វារ​នេះ លោកស្រី លី ស្រី​វី​ណា ដែល​ជាប់​បម្រាម​ហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ​នោះ ក៏​សម្រេចចិត្ត​សុំ​សិទ្ធិ​ធ្វើ​សកម្មភាព​ឡើងវិញ​។ ព្រះមហាក្សត្រ ក៏​ព្រះរាជទាន​សម្បទា​នយោបាយ​ដល់​អ​តី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្របពេល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ​នេះ លោកស្រី លី ស្រី​វី​ណា ក៏​សម្រេចចិត្ត​សុំ​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតផង​។ សម្ដេច ហ៊ុន សែន អនុម័ត​តាម​សំណើ​របស់​អតីតមន្ត្រី​បក្សប្រឆាំង​រូបនេះ​៕

Tag:
 លី ស្រី​វី​ណា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com