ជាតិ
ក្រសួងទេសចរណ៍ រើស​និស្សិត​ចូលរៀន​ជំនាញ​កក់​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​
19, Nov 2020 , 11:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ហុង ស្រី​ណា​
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត ដែល​កំពុង​សិក្សា​តាម​គ្រឹះស្ថានសិក្សា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ទាំងអស់ ឲ្យ​ចូលរួម «​វគ្គ​បណ្តុះបណ្តាល​ឥតគិតថ្លៃ លើ​ជំនាញ​កក់​សំបុត្រ​យន្តហោះ (Ticketing and Reservation) តាម​ប្រព័ន្ធ AMADEUS» ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ វគ្គ​សិក្សា​មាន​រយៈពេល ២​សប្តាហ៍ ពីថ្ងៃ​ច័ន្ទ ដល់​សុក្រ ដែលមាន​វេន ព្រឹក និង​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ​។​



​ក្រសួងទេសចរណ៍ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី «​វគ្គ​បណ្តុះបណ្តាល​ឥតគិតថ្លៃ លើ​ជំនាញ​កក់​សំបុត្រ​យន្តហោះ ( Ticketing and Reservation ) លើ​ប្រព័ន្ធ AMADEUS» ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Alliance Plus Solution ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ចូលរួម​ផ្តល់​ជំនាញ​បន្ថែម ដែល​សំដៅលើ​ការ​ព​ង្រឹ​ក​សមត្ថភាព​ដល់​សិស្ស​-​និស្សិត ដែល​កំពុង​សិក្សា​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ឲ្យ​ទទួលបាន​ចំណេះដឹង ជំនាញ និង​ឥរិយាបថ​ខ្ពស់ ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។​
 
​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព ( Certificate of Competencies) ពី​ក្រសួងទេសចរណ៍ និង​ទទួលបាន​ការបណ្តុះបណ្តាល​ផ្ទាល់​ពី​គ្រូ​ជំនាញ​ប្រព័ន្ធ AMADEUS ផ្ទាល់​។ ក្រៅពីនេះ សិក្ខាកាម​ក៏​ទទួល​បា​ឱកាស​ហឹ្វ​ក​ហាត់​ការងារ និង​ការងារ​តាម​បណ្តា​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​នា​ន រួមទាំង​មានឱកាស​ក្លាយជា​ភ្នាក់ងារ​លក់​សំបុត្រ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​(Mobile Phone)​។​
 
​សម្រាប់​សិស្ស​-​និ​សិ​ត្ស ដែល​ចាប់អារម្មណ៍ ត្រូវតែ​ជា​សិស្ស​-​និ​សិ​ត្ស កំពុង​សិក្សា​តាម​បណ្តា​គ្រឹះស្ថានសិក្សា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នានា ទូទាំងប្រទេស និង ត្រូវមាន​លិខិតបញ្ជាក់​ការសិក្សា​ពី​គ្រិះ​ស្ថាន និង​បដិសណ្ឋារកិច្ច ដែល​ខ្លួន​កំពុង​សិក្សា​។ សិស្ស​-​និ​សិ​ត្ស ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការសិក្សា និង​មាន​កម្រិត​ភាសា​អង់គ្លេស​ថ្នាក់មូលដ្ឋាន រួមទាំង​មាន​មូលដ្ឋាន​គ្រិះ​ផ្នែក​កុំព្យូទ័រ​ផងដែរ​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃ​ច័​ន្ធ ដល់​សុក្រ ដោយ​វេន​ព្រឹក​ចាប់ពី​ពី​ម៉ោង ៩:០០​នាទី ដល់ ១២:០០​នាទី ចំណែក​វេន​រសៀល ចាប់ពី​ម៉ោង ២:០០​នាទី ដល់ ៤:៣០​នាទី​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សិស្ស​-​និស្សិត ដែល​ចាប់អារម្មណ៍​លើ​វគ្គ​បណ្តុះបណ្តាល​ខាងលើ អាចដាក់​ពាក្យ​ផ្ទាល់ នៅ ក្រសួងទេសចរណ៍ រឺ​តាមរយៈ​អ៊ី​ម៉ែ​ល ឬ ក្រុមហ៊ុន Alliance Plus Solution ។ កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ប្រឡង​ចូល​សិក្សា​នៅ ខែធ្នូ ឆ្នាំ​២០២០៕
 
 

Tag:
 ក្រសួងទេសចរណ៍​
  Ticketing and Reservation
  Alliance Plus Solution
© រក្សាសិទ្ធិដោយ thmeythmey.com