ក្រសួងអប់រំ និងក្រុមហ៊ុនឯកជនមួយ រៀបចំបង្កើតសៀវភៅជាសំឡេង ដើម្បីឲ្យការសិក្សាកាន់តែងាយស្រួល
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ និងក្រុមហ៊ុនឯកជនមួយ រៀបចំបង្កើតសៀវភៅជាសំឡេង ដើម្បីឲ្យការសិក្សាកាន់តែងាយស្រួល
19, Nov 2020 , 6:10 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ
រូបភាពពីក្រសួងអប់រំ
ភ្នំពេញ៖ គ្រឹះស្ថានបោះពុម្ពសៀវភៅ និងចែកផ្សាយនៃក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយនឹងក្រុមហ៊ុន ECHO បង្កើតទិន្នន័យសៀវភៅជាសំឡេង (Audio Book) សម្រាប់ឲ្យសិស្សានុសិស្សពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ ស្តាប់ និងសិក្សាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល។



លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីស្តាប់មេរៀនតាមការអានជាសំឡេងនេះ នឹងជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

លោក ទី នីតូរ្យ ប្រធានក្រុមហ៊ុន ECHO លើកឡើងថា កម្មវិធីសៀវភៅជាសំឡេងនេះ គឺសិស្សានុសិស្ស ចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ នឹងបានស្តាប់មេរៀនជាសំឡេងលើមុខវិជ្ជា ភាសាខ្មែរ ប្រវត្តិវិទ្យា ភូមិវិទ្យា សិក្សាសង្គម ផែនដីវិទ្យា ពលរដ្ឋវិទ្យា និងសៀវភៅប្រលោមលោកផ្សេងៗ។

លោក បន្តថា កម្មវិធីសៀវភៅជាសំឡេង ជាកម្មវិធីថ្មីមួយ សម្រាប់រួមចំណែកឲ្យការអប់រំនៅកម្ពុជាឆ្ពោះទៅរកការអប់រំតាមបែបបច្ចេកវិទ្យា។ លោក ថ្លែងថា តាមរយៈកម្មវិធីនេះសិស្សានុសិស្សដែលមិនមានសៀវភៅសិក្សាគោលក៏អាចស្តាប់មេរៀនបានគ្រប់ទីកន្លែងផងដែរ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានក្រុមហ៊ុន ECHO បញ្ជាក់ថា៖«កម្មវិធីនេះមិនអាចឲ្យសិស្សឃ្លាតឆ្ងាយពីការអានសៀវភៅឡើយ។ វាជាជំនួយក្នុងការស្តាប់ ពេលដែលគាត់ស្តាប់គាត់នឹងអាចគិតបាន ហើយគាត់ក៏អាចធ្វើអ្វីផ្សេង ឬធ្វើកិច្ចងារផ្សេងទៀតបានក្នុងពេលតែមួយបានផងដែរ»។

សិស្សានុសិស្ស អាចស្តាប់មេរៀនជាសំឡេងតាមរយៈគេហទំព័រ https://www.listentoecho.com/ និងអាចទាញយកកម្មវិធីសម្រាប់ប្រើប្រាស់នៅក្នុងទូរសព្ទដៃ៕

Tag:
 អប់រំ
  សៀវភៅសំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com