កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​អ៊ីតាលី សារភាពថា​ពិបាក​រើស​កីឡាករ​២៣​នាក់​ទៅ Euro ព្រោះ​កីឡាករ​ល្អ​ច្រើនពេក​
20, Nov 2020 , 10:09 am        
រូបភាព
​លោក Roberto Mancini កោតសរសើរ​ចំពោះ​ទេពកោសល្យ​កីឡាករ​វ័យក្មេង​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​បច្ចុប្បន្ន និង​ទទួលស្គាល់ថា លោក​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​ក្នុងការ​ជ្រើសរើស​កីឡាករ​ចំនួន​២៣​នាក់ ទៅកាន់​ការប្រកួត Euro ឆ្នាំ​២០២០​។​



​អ៊ីតាលី​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការប្រកួត​២២​លើកចុងក្រោយ​មិនដែល​ចាញ់ និង​ថែមទាំង​ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​បន្តពានរ​ង្វាន់ UEFA Nations League ទៀតផង​។​
 
​ដោយសារ​សមិទ្ធផល​ក្រុម​ដ៏​អស្ចារ្យ​នេះ លោក Mancini គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​ដែល​អវត្តមាន​ដឹកនាំ​ក្រុម​៣​ប្រកួត​ដោយសារ​ឆ្លង COVID-19 បាន​សរសើរ​កូនក្រុម​ទាំងអស់​មិន​ដាច់​ពី​មាត់​ឡើយ​។ ស្របពេល​គ្នា​នេះដែរ គ្រូ​សញ្ជាតិ​អ៊ីតាលី វ័យ​៥៥​ឆ្នាំ ក៏បាន​សារភាពថា​ក៏​ខ្វល់ចិត្ត​ជុំវិញ​ការជ្រើសរើស​កីឡាករ​ចំនួន​២៣​នាក់​ដើម្បី​ទៅ​ប្រជែង​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប ដែល​ត្រូវ​ពន្យារ​ទៅ​ឆ្នាំ​២០២១​នោះដែរ​។​
 
​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ គេ​ឃើញថា​អ៊ីតាលី​បានដាក់​កីឡាករ​ក្មេងៗ​ច្រើន ខណៈ​កីឡាករ​ចាស់វស្សា​មួយចំនួន​ដូចជា Leonardo Bonucci, Giorgio Chiellini និង Marco Verratti ជាដើម​សុទ្ធតែ​ត្រូវបាន​ដកចេញ​។​
 
Mancini បាន​ប្រាប់​ទូរទស្សន៍ Rai Sport ថា ការជ្រើសរើស​កីឡាករ ២៣​រូប​សម្រាប់​ការប្រកួត Euro នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​លោក​។ លោក​ថា​៖​ស «​វា​ពិតជា​លំបាក​ជ្រើសរើស​ណាស់ បន្ទាប់ពី​រយៈពេល​បួន​ខែ​ចុង​ក្រោយនេះ​កីឡាករ​ក្មេងៗ​ជាច្រើន​ពិតជា​បា​នប​ញេ្ច​ញ​ទេព​កោ​ស្យ​អស្ចារ្យ​រៀងៗ​ខ្លួន​។ យ៉ាងណា នេះ​ជាការ​ប្រសើរ បើ​ទោះ​មាន​បញ្ហា​សម្រាប់​ខ្ញុំ​ក្នុងការ​ជ្រើសរើស​ក្តី​»​។​
 
​ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០០៦ បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាចព្រ័ត្រ​ពាន Nations League ជាមួយ​ក្រុម​បី​ទៀត​ដែល​រួមមាន​បារាំង បែលហ្ស៊ិក និង​អេ​ស្ប៉ា​ញ​៕
 

Tag:
 Euro
  Roberto Mancini
© រក្សាសិទ្ធិដោយ thmeythmey.com