COVID-19
ជាតិ
សុខភាព
បុរស​ខ្មែរ​២​នាក់ និង​ប៉ា​គី​ស្ថាន​ម្នាក់ ជាសះស្បើយ​ពី​COVID-19 ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​
20, Nov 2020 , 9:48 am        
រូបភាព
​ភ្នំពេញ​៖ បុរស​ខ្មែរ​២​នាក់ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​១​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២០ វិច្ឆិកា ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ឡើយ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។​

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មនុស្ស​ទាំង​៣​នាក់ ដែល​បាន​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ មាន​បុរស​ជនជាតិខ្មែរ​ម្នា​ក់វ័យ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ឃុំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល និង​បុរស​ខ្មែរ​ម្នាក់ទៀត វ័យ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ភូមិ​ទំនប់ ឃុំ​រកា​ក្រៅ  ក្រុង​ដូន​កែវ ខេត្តតាកែវ​។ អ្នក​ទាំង​២​នាក់​នេះ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦​តុលា ឆ្នាំ​២០២០​។​
 
​ដោយឡែក បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ដែល​បានជា​សះស្បើយ​ពី​កូ​វីដ​-១៩ ដែលមាន​វ័យ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០២០​។​
 
​បច្ចុប្បន្ន អ្នក​ទាំង​៣​រូបនោះ​ត្រូវបាន​ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ដង​។​
​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣០៤​នាក់ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​២៩៤​នាក់  ខណៈ​អ្នកជំងឺ​កូ​វីដ ៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្​៕

© រក្សាសិទ្ធិដោយ thmeythmey.com