អន្តរជាតិ
សៀវភៅ​លោក អូ​បា​ម៉ា «A Promised Land» លក់ដាច់​៨៩​ម៉ឺន​ក្បាល​ថ្ងៃ​ដំបូង​
20, Nov 2020 , 10:49 am        
រូបភាព
សៀវភៅថ្មីរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ចំណងជើង «A Promised Land» ដាក់តាំងលក់នៅហាងលក់សៀវភៅមួយនៅរដ្ឋធានី វ៉ាស៊ីនតោន DC នៅថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ ។ រូបភាព៖ AFP
សៀវភៅថ្មីរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ចំណងជើង «A Promised Land» ដាក់តាំងលក់នៅហាងលក់សៀវភៅមួយនៅរដ្ឋធានី វ៉ាស៊ីនតោន DC នៅថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ ។ រូបភាព៖ AFP
ដោយ:
​សៀវភៅ​ថ្មី​សន្លាង​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា ក្នុងពេល​ត្រឹម​២៤​ម៉ោង​ដំបូង​។ ជាមួយ​ល្បឿន​នេះ សៀវភៅ​នេះ នឹង​ក្លាយជា​កំណត់​ប្រវត្តិ (memoir) ប្រធានាធិបតី​លក់ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​អាមេរិក​។

 
​សម្រាប់​សៀវភៅ​ដែល​លក់ដាច់ ៨៩​ម៉ឺន​ក្បាល​នេះ គឺ​រាប់បញ្ចូល​ទាំង កា​រក​ម្ម៉​ង់​ទិញ​ជាមុន​, សៀវភៅ​អេឡិចត្រូនិក (e-book) និង​សៀវភៅ​ជា​សំឡេង (audio book) ។ «​យើង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​លក់​ថ្ងៃ​ដំបូង​»​។  លោក David Drake ម្ចាស់​រោង​ពុ​ម្ព Crown Publishing ខណៈ​សៀវភៅ​ថ្មី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បំបែក​កំណត់​ត្រាំ​ថ្មី​សម្រាប់​រោង​ពុម្ព​លោក​។ 
 
​សៀវភៅ​ចុងក្រោយ ដែល​កាន់​កំណត់​ត្រា​នេះ គឺជា​សៀវភៅ​របស់​អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែលមាន​ចំណងជើង «Becoming»​។ សៀវភៅ​នេះ លក់ដាច់​៧២៥,០០០ ក្បាល​ នៅពេល​ដាក់លក់​ថ្ងៃ​ដំបូង ហើយ​បច្ចុប្បន្ន​លក់​អស់ ១០​លាន​ដុល្លារ​ នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ចេញផ្សាយ​ឆ្នាំ​២០១៨ មក​។  
 
​គិត​ត្រឹម​ថ្ងៃទី ១៨ ខែវិច្ឆិកា សៀវភៅ «A Promised Land» លក់ដាច់​លំដាប់​លេខ​១ លើ​វេ​ប​សាយ Amazon.com និង Barnes & Noble.com ។ លោក James Daunt នាយក​ប្រតិបត្តិ Barnes & Noble អះអាងថា ច្រវាក់​ផលិតកម្ម​ផ្សារ​ទំនើប ​អាច​លក់ដាច់​សៀវភៅ​៥​ម៉ឺន​ក្បាល​យ៉ាង​ងាយ ​ក្នុង​ថ្ងៃ​ដំបូង ហើយ​លោក​សង្ឃឹមថា ​ឈានដល់​ជិត​៥០​ម៉ឺន​ក្បាល ​ក្នុងពេល​១០​ថ្ងៃ​ខាងមុខ​។​
 
​បើ​ធៀប​នឹង​សៀវភៅ​កំណត់​ប្រវត្តិ ​របស់​ប្រធានាធិបតី​មុនៗ​របស់​អាមេរិក សៀវភៅ​លោក Bill Clinton ចំណងជើង «My Life» លក់ដាច់ ៤០​ម៉ឺន​ក្បាល​ក្នុង​ថ្ងៃ​ដំបូង។ ចំណែក​សៀវភៅ «Decision Points» របស់លោក George W Bush លក់ដាច់ ២២​ម៉ឺន​ក្បាល​ថ្ងៃ​ដំបូង​។ 
 
«A Promised Land» មានន័យ​សំដៅលើ​ដែនដី​ដែល​ក្តី​សុបិន និង​សង្ឃឹម​អាច​ក្លាយជា​ការពិត​។ ជា​ឧទាហរណ៍ មនុស្ស​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក «The Promised Land»​។   
 
​សៀវភៅ «A Promised Land» កម្រាស់ ៧៦៨​ទំព័រ​របស់លោក អូ​បា​ម៉ា មាន ៧ ផ្នែក ដែល​សរុប​២៧​ជំពូក​។  ក្រៅពី​សៀវភៅ​ថ្មី​នេះ អតីត​ប្រធានាធិបតី​អូ​បា​ម៉ា​ ក៏មាន​សៀវភៅ​លក់ដាច់​២​ទៀតផង​ដែរ រួមមាន «Dreams From My Father» និង « The Audacity of Hope»៕ 
 
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា
  A Promised Land
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com