អន្តរជាតិ
រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយផ្ទាល់​ដៃ​នៅ​រដ្ឋ Georgia លោក បៃ​ឌិន នៅតែ​ឈ្នះ​
20, Nov 2020 , 2:02 pm        
រូបភាព
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃឌិន ។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃឌិន ។ រូបភាព៖ AFP
ដោយ:
​រដ្ឋ Georgia ដ៏​ប្រទាញប្រទង់​ក្នុងការ​បោះឆ្នោត​អាមេរិក បានបញ្ចប់​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយ​ផ្ទាល់ដៃ ក្រោយ​មានការ​ប្ដឹង​ទាមទារ​ពី​ក្រុម​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ លទ្ធផល​ចុងក្រោយ បង្ហាញថា ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន នៅតែ​ឈ្នះ​ក្នុង​រដ្ឋ​មួយ​នេះ​។

 
 
​សម្រាប់​ការរាប់​ឡើងវិញ មន្ត្រី​រកឃើញ​សន្លឹកឆ្នោត​ដែល​អត់​ទាន់​រាប់​ប្រមាណ ៥៨០០​សន្លឹក ក្នុងនោះ ១៤០០​សន្លឹក​បោះ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​។ យ៉ាងណាមិញ លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា លោក ត្រាំ នៅតែ​ចាញ់ ដ្បិតថា​លោក ចូ បៃ​ឌិន ឈ្នះ​លោក ត្រាំ រហូតដល់ ១២ ២៨៤​សន្លឹកឆ្នោត​។ តួលេខ​នេះ ថយចុះ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​លោក បៃ​ឌិន បើ​ធៀប​នឹង​លទ្ធផល​មុនពេល​រាប់​ផ្ទាល់ដៃ​ឡើងវិញ​។ 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃទី​១៩ ខែវិច្ឆិកា លោក Brad Raffensperger មន្ត្រី​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​នៅ​រដ្ឋ Georgia បាន​អះអាងថា ការបាត់​សន្លឹកឆ្នោត​នេះ បង្កដោយ​កំហុស​បច្ចេកទេស​របស់​មន្ត្រី តែ​សង្កត់ធ្ងន់ថា គ្មាន​ភស្តុតាង​ការលួចបន្លំ​ការបោះឆ្នោត​ទ្រង់ទ្រាយ​ធំ​អ្វី​ឡើយ​។ «​ការរាប់​ឡើងវិញ​នេះ បញ្ជាក់​ឲ្យ​ឃើញថា ការរាប់​ដោយ​ម៉ាស៊ីន​ពី​ដើម​មក​បង្ហាញ​យ៉ាងច្បាស់​អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​នេះ​»​។ លោក Raffensperger រៀបរាប់​បន្ថែម​ដូច្នេះ​។ 
 
​ជាមួយ​លទ្ធផល​ចុងក្រោយ​នេះ លោក បៃ​ឌិន ក្លាយជា​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ដំបូង​ដែល​ឈ្នះ​រដ្ឋ Georgia ក្នុងពេល​ជិត​៣០​ឆ្នាំ​ចុងក្រោយ ។ បូក​ទាំង​ប្រតិភូ ១៦ របស់​រដ្ឋ Georgia លោក បៃ​ឌិន ឈ្នះ​បាន​ប្រតិភូ ៣០៦ ទល់នឹង​លោក​ត្រាំ ២៣២​។ តាម​ប្រព័ន្ធ​អង្គ​បោះឆ្នោត ឬ​ប្រតិភូ​បោះឆ្នោត (Electoral College) បេក្ខជន​ប្រធានាធិបតី ត្រូវការ​ឈ្នះ​ប្រតិភូ​យ៉ាងតិច ២៧០ ដើម្បី​ក្លាយជា​ម្ចាស់​សេត​វិមាន​។​
 
​ទោះបី​លទ្ធផល​ចេញមក​បែបនេះ ប្រធានាធិបតី ត្រាំ នៅតែ​បន្ត​ចោទ​គ្មាន​ភស្តុតាង​ថា ការរាប់​សន្លឹកឆ្នោត​ជិត​៥​លាន​សន្លឹក​ឡើងវិញ​ក្នុង​រដ្ឋ Georgia មាន​ការលួចបន្លំ ហើយ​អះអាងថា លោក​នឹង​ឈ្នះ​រដ្ឋ​នេះ បើ​អាជ្ញាធរ​អនុវត្ត​ដំណើរការ​បោះឆ្នោត​ដោយ​យុត្តិធម៌​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក៏ប៉ុន្តែ មន្ត្រី​ទទួលបន្ទុក​ការបោះឆ្នោត​នៅ Georgia បាន​និយាយ​ការពារ​សុក្រឹតភាព​នៃ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​ពួកគេ ហើយ​លើកឡើងថា គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា ការរាប់​ឡើងវិញ​នឹង​ផ្លាស់ប្តូរ​លទ្ធផល​ឆ្នោត​ឡើយ​។ 
 
​ទន្ទឹមនឹង​ការចាប់អារម្មណ៍​លើ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​រដ្ឋ Georgia ការប្រកួត​ដ​ណ្ដឹ​ម​អាសនៈ​ព្រឹទ្ធសភា​ចំនួន​២​ឡើងវិញ​នៅ​រដ្ឋ​នេះ​នា​ដើមឆ្នាំ​ក្រោយ ក៏​នឹង​កំណត់​ជោគវាសនា​បក្ស​មួយណា​ដែល​គ្រប់គ្រង​ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា ២​សប្ដាហ៍​ក្រោយ​ប្រកាស​លទ្ធផល​ថា​លោក បៃ​ឌិន ឈ្នះឆ្នោត ប្រធានាធិបតី​ជិត​អស់​អាណត្តិ ត្រាំ នៅតែ​មិនទាន់​សុខចិត្ត​ចុះចាញ់ ហើយ​បន្ត​ប្ដឹង​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​រដ្ឋ​ដែល​លោក​ចាញ់​។ ទោះ​គ្មាន​ឬ​មានការ​សហការ​ពី​លោក​ត្រាំ លោក បៃ​ឌិន កំពុង​ញាប់ដៃ​ញាប់ជើង​ដំណើរការ​ផែនការ​ផ្ទេរអំណាច ហើយ​បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១៕ 
 
 

Tag:
 ​ការបោះឆ្នោត​អាមេរិក​
  Georgia
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com