ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល ទទូច​ឲ្យ​ក្រុមហ៊ុន​ស្ករ​ប្រទេស​ថៃ ដោះស្រាយ​ជូន​ពលរដ្ឋ​ខ្មែរ​៧០០​គ្រួសារ ដែល​ត្រូវ​ជម្លៀស​ពី​លំនៅឋាន​
20, Nov 2020 , 3:41 pm        
រូបភាព
ទិដ្ឋភាពប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស្ករ​ មិត្រ​ផូលរបស់ថៃ កាលពី​ខែ​តុលា ឆ្នាំ​២០០៩។ (រូបពី លីកាដូ)
ទិដ្ឋភាពប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស្ករ​ មិត្រ​ផូលរបស់ថៃ កាលពី​ខែ​តុលា ឆ្នាំ​២០០៩។ (រូបពី លីកាដូ)
​ភ្នំពេញ​៖ អង្គការ​សម្គម​ស៊ីវិល​ចំនួន​៣​នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ដែល​បញ្ជា​ទិញ​ស្ករ​ពី​ក្រុមហ៊ុន​មិត្រ​ផូ​ល (Mitr Phol) របស់​ប្រទេស​ថៃ ឲ្យ​ជួយ​ប្រើ​ឥទ្ធិពល​រួមគ្នា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្ករ​មួយ​នេះ​របស់​ប្រទេស​ថៃ ចូលខ្លួន​ដោះស្រាយ​និង​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៧០០​គ្រួសារ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម (https://www.licadho-cambodia.org/pressrelease.php?perm=465&khmer) របស់​អង្គការ​ទាំង​៣ គឺ​អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) អង្គការ​លីកាដូ (LICADHO) និង អង្គការ​អាយ​ឌី​អាយ (IDI) ចេញ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។   


​អង្គការ​ទាំង​៣ លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវ​ក្រុមហ៊ុន​ស្ករ​របស់​ថៃ​ឈ្មោះ មិត្រ​ផូ​ល ជម្លៀស​ចេញពី​ទីលំនៅ​។ អង្គការ​ទាំង​៣ បន្តថា ក្រុមហ៊ុន​បុ​ន​ស៊ូ​ក្រូ ដែលជា​អ្នកចេញ​វិ​ញ្ញាប​ន​ប័ត្រ​ពី​និរន្តរភាព​សម្រាប់​វិស័យ​ស្ករ គួរ​ជំរុញ​ក្រុមហ៊ុន​មិត្រ​ផូ​ល ឲ្យ​ចូលខ្លួន​ដោះស្រាយ​ជាមួយ​សហគមន៍​រងគ្រោះ​នៅ​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​បុ​ន​ស៊ូ​ក្រូ បែប​ជា​ចាត់ទុក​ក្រុមហ៊ុន​មិត្រ​ផូ​ល ក្នុងឋានៈ​ល្អ​ដដែល​។​
 
​ជាមួយគ្នានេះដែរ អង្គការ​ទាំង​៣ អំពាវនាវ​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ​ល្បីៗ ដូចជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន​ណេ​ស្លេ និង ក្រុមហ៊ុន ម៉ាស​រ៉ិ​កឡី ជាដើម ឲ្យ​ជំរុញ​ក្រុមហ៊ុន​ស្ករ​ថៃ​មួយ​នេះ ចូលខ្លួន​ផ្ដល់​យុត្តិធម៌​ឲ្យ​សហគមន៍​ខ្មែរ​។ អង្គការ​ទាំង​៣ យល​ក់ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ពួកគេ ធានាបាន​សិទ្ធិ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​វិវាទ​នេះ អូសបន្លាយ​ពេល​ជាង​១០​ឆ្នាំ​មកហើយ​។ 
 
​អង្គការ​ទាំង សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ស្ថាប័ន​បុ​ន​ស៊ូ​ក្រូ និង​ម៉ាក​ល្បីៗ​ទាំងឡាយ ដែល​បន្ត​ទិញ​ស្ករ​ពី​ក្រុមហ៊ុន​មិត្រ​ផូ​ល រួមមាន ក្រុមហ៊ុន​កូកាកូឡា ណេ​ស្លេ និង ខូ​ប៊ី​យ៉​ន់ រួបរួមគ្នា ប្រើប្រាស់​ឥទ្ធិពល​រួម ក្នុងការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មិត្រ​ផូ​ល ផ្ដល់​យុត្តិធម៌​ដែល​ហួសពេល​ជា​យូរ​មកហើយ​នោះ និង​ជា​យុត្តិធម៌​ដែល​សហគមន៍​សម​នឹង​ទទួលបាន​»​។ 
 
​ទន្ទឹមនឹងនេះ អង្គការ​ខាងលើ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​មិត្រ​ផូ​ល ទទួលស្គាល់​ការបង្ក​ការឈឺចាប់​ដល់​ពលរដ្ឋ​ខ្មែរ និង​បំពេញ​ការទទួលខុសត្រូវ​ផ្នែក​សិទ្ធិមនុស្ស​។ អង្គការ​ទាំង​៣​ដដែល​នេះ បន្ថែមថា ការទទួលខុសត្រូវ​នេះ គឺ​ត្រូវ​ចូលខ្លួន​ជាបន្ទាន់​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​។​
 
​វិវាទ​រវាង​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រុមហ៊ុន​ស្ករ​ថៃ មិត្រ​ផូ​ល គឺ​កើត​មាននៅ​អំឡុង​ឆ្នាំ​២០០៨​។ ផ្អែកលើ​សេចក្តី​ការណ៍​របស់​អង្គការ​ទាំង​៣ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ​កម្ពុជា ក្នុងការ​រឹបអូស​យក​ដីធ្លី កម្ទេច​ផ្ទះ និង​ដកហូត​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​បង្ខំ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​អំពៅ​។ 
 
​អង្គការ​ទាំង​៣ សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ទៀតថា ការរំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នេះ ទទួលបាន​ការស៊ើបអង្កេត​និង​ការបញ្ជាក់​យ៉ាងច្បាស់​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ​ថៃ និង អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​វិស័យ​សិទ្ធមនុស្ស​ជាច្រើន​ទៀត​។ 
 
​ក្រុម​អង្គការ​ខាងលើ ផុ្ត​ល់​ព័ត៌មាន​ថា បច្ចុប្បន្ន សំណុំរឿង​សហគមន៍​ខ្មែរ​ដែល​រង​ផលប៉ះពាល់​នេះ ត្រូវ​បានដាក់​បណ្ដឹង​ទៅ​តុលាការ​ប្រទេស​ថៃ​។ អង្គការ​ទាំងនោះ ចាត់ទុក​បណ្តឹង​នេះ ថា​ជា​បណ្ដឹង​សិទ្ធិមនុស្ស​ឆ្លងដែន​ដំបូង​គេ​នៅ​ទ្វីបអាស៊ី​។ អង្គការ​នោះ ជឿជាក់ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៧០០​គ្រួសារ ដែលជា​ជនរងគ្រោះ នឹង​ទទួលបាន​ការបើក​សវនាកា​រលើ​សំណុំ​រឿងនេះ នៅមុខ​តុលាការ​ថៃ​តាមផ្លូវ​ច្បាប់​៕ 
 
 

Tag:
 NGOs
  សិទ្ធិមនុស្ស​
  ក្រុមហ៊ុន​ស្ករ Mitr Phol
  ដោះស្រាយ​បញ្ហា​
  ពលរដ្ឋ​ខ្មែរ​រងគ្រោះ​
© រក្សាសិទ្ធិដោយ thmeythmey.com