អន្តរជាតិ
អង់គ្លេស ប្រកាស​បង្កើន​ការចំណាយ​យោធា​ដើម្បី​ពង្រឹង​តួនាទី​លើ​ឆាក​អន្តរជាតិ
20, Nov 2020 , 7:29 pm        
រូបភាព
នាវាចម្បាំងអង់គ្លេស។ រូបភាព៖AFP
នាវាចម្បាំងអង់គ្លេស។ រូបភាព៖AFP
ដោយ:
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​១៩ វិច្ឆិកា ប្រកាស​ពី​ការបង្កើន​ចំណាយ​យោធា​សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ ការបង្កើន​ចំណាយ​នេះ ជាការ​បញ្ចប់​នូវ​សម័យកាល​ដកថយ​ក្នុងការ​ចំណាយ​យោធា ក៏ដូចជា​ពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់​។ ការបង្កើន​ចំណាយ​នេះ ក៏​ជាការ​បញ្ចេញ​ថវិកា​ច្រើន​បំផុត​ផងដែរ រាប់​ចាប់តាំងពី​ការ​ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​។​

 
​ក្រោយ​ការពិនិត្យ​គោលនយោបាយ​ការបរទេស និង​ការពារជាតិ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានប្រកាស​ពី​ការបង្កើន​ការចំណាយ​ទឹកប្រាក់​២២​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​របស់​អង់គ្លេស​ប្រចាំឆ្នាំ មាន​ប្រមាណ​៥៥​ពាន់​លាន​ដុល្លារ​។​
 
«​សម័យកាល​នៃ​ការកាត់បន្ថយ​ចំណាយ​ក្នុងការ​ការពារជាតិ​ត្រូវ​បញ្ចប់ និង​ត្រូវ​បញ្ចប់​ពេលនេះ​»​។ នេះ​ជាការ​ថ្លែង​ក្នុង​វីដេអូ​របស់លោក ច​ន​សុន ទៅកាន់​សភា​ជាន់​ទាប​អង់គ្លេស​។ លោក​ថា ការសម្រេចចិត្ត​បង្កើន​ការចំណាយ​យោធា អំឡុងពេល COVID-19 និង​ការទាមទារ​ផ្សេងទៀត​ពី​សាធារណៈជន ដោយសារ​ការការពារ​ប្រទេស និង​ប្រជាជន​អង់គ្លេស ត្រូវតែ​ជា​អទិភាព​។​នេះ​យោងតាម​សារព័ត៌មាន​Reuters​។​
 
​ការបង្កើន​ចំណាយ​នេះ រួមមាន​ការបង្កើត​ទី​បញ្ជាការ​អវកាស ភ្នាក់ងារ​ប្រាជ្ញា​សិប្បនិម្មិត និង​ការ​ស្តារឡើងវិញ​នូវ​កងទ័ព​ជើង​ទឹង​អង់គ្លេស​។ បន្ថែម​ពីនេះ កងកម្លាំង​សាយ​ប័​រ​នឹងត្រូវ​បង្កើតឡើង​អម​ជាមួយ​ទីបញ្ជាការ​អវកាស ដែល​នឹង​អាចមាន​សមត្ថភាព​ក្នុង​ការបាញ់​រ៉ុក្កែត​នៅ​ឆ្នាំ​២០២២​។ លោក ច​ន​សុន អះអាងថា គម្រោង​ដែល​កើតចេញពី​ការបង្កើន​ចំណាយ​នេះ នឹង​បង្កើត​ការងារ​ចំនួន​១​ម៉ឺន​កន្លែង​ផងដែរ​។​
 
​តប​ទៅនឹង​ការបង្កើន​ចំណាយ​នេះ បក្ស​ពលករ​ដែលជា​បក្សប្រឆាំង​អះអាងថា វា​ជា​រឿង​ដែល​ត្រូវបាន​រំពឹង​ទុកជា​យូ​មកហើយ បន្ទាប់ពី​បក្ស​អភិរក្សនិយម​ដែលជា​បក្ស​កាន់អំណាច​បាន​កាត់បន្ថយ​កម្លាំង​ទ័ព​ចំនួន​២៥​ភាគរយ កាលពី​១០​ឆ្នាំមុន​។ យ៉ាងណាក្តី បក្សប្រឆាំង​លើកឡើង​ពី​សេចក្តី​បារម្ភ​ចំពោះ​របៀប​ចំណាយ​របស់​រដ្ឋាភិបាល ក្រោយ​មានការ​ចោទប្រកាន់ថា គម្រោង​ខ្លះ​អស់ប្រាក់​ច្រើន​ជ្រុល និង​ខ្លះទៀត​មាន​មហិច្ឆតា​ធំ​ហួសមាឌ​។​
 
​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចម្បង​របស់​អង់គ្លេស​វិញ ស្វាគមន៍​ការបង្កើន​ចំណាយ​នេះ​។ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក លោក Christopher Miller អះអាងថា ការបង្កើន​ចំណាយ​នេះ បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អង់គ្លេស​ចំពោះ​បក្សសម្ព័ន្ធ​NATO និង​សន្តិសុខ​រួម​។​
 
​រដ្ឋាភិបាល​អង់គ្លេស​អះអាងថា ការបង្កើន​ចំណាយ​នេះ នឹង​ពង្រឹង​ចំណាត់ថ្នាក់​អង់គ្លេស​ដែល​ចំណាយ​ថវិកា​ខ្ពស់បំផុត​លំដាប់​ទី​២​បន្ទាប់ពី​អាមេរិក ក្នុង​ក្របខណ្ឌ NATO​។ អាមេរិក​ដែលជា​សមាជិក NATO​ដែរនោះ ទាមទារ​ឲ្យ​សមាជិក​ទាំងអស់​ចំណាយ​យ៉ាងហោចណាស់​២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​(​ផសស​) លើ​វិស័យ​ការពារជាតិ​។ ការបង្កើន​ចំណាយ​នេះ នឹង​នាំ​ឲ្យ​អង់គ្លេស​បញ្ចេញ​ថវិកា​២.២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​ដែរ​។​
 
​ស្របពេល​ជាមួយគ្នានេះ ក៏មាន​ការបារម្ភ​ផងដែរ​ដែល​ការបង្កើន​ការចំណាយ នឹង​បណ្តាល​ឲ្យ​កាត់បន្ថយ​ជំនួយ​អន្តរជាតិ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក Ben Wallace ប្រាប់​សារព័ត៌មាន Sky News ថា ថា ជំនួយ​អន្តរជាតិ​នឹងមិន​ប៉ះពាល់​ឡើយ​។ លោក​និយាយថា ការបង្កើន​ចំណាយ​នេះ​មិន​បានន័យថា អង់គ្លេស​បោះបង់​ការ​ផ្តល់ជំនួយ​អន្តរជាតិ​ឡើយ ដោយ​អង់គ្លេស​នៅតែ​ជា​ប្រទេស​ចិត្តល្អ​ក្នុងការ​ផ្តល់ជំនួយ​ដដែល​៕
 

Tag:
 អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com