ចិន ព្រមាន​ក្រុម​ប្រទេស Five Eyes ថា កុំ​ប៉ះ​អធិបតេយ្យ​ចិន ប្រយ័ត្ន​ខ្វាក់ភ្នែក​
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ព្រមាន​ក្រុម​ប្រទេស Five Eyes ថា កុំ​ប៉ះ​អធិបតេយ្យ​ចិន ប្រយ័ត្ន​ខ្វាក់ភ្នែក​
20, Nov 2020 , 9:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បាន​ព្រមាន​ក្រុម​ប្រទេស Five Eyes ខ្លាំងៗ​ថា កុំ​ចង់​ប៉ះ​អធិបតេយ្យ​របស់​ចិន ប្រយ័ត្ន​ត្រូវគេ​ចាក់​ភ្នែក ឬ​ធ្វើ​ឲ្យ​ខ្វាក់​។ ការឆ្លើយតប​របស់​ទីក្រុង​ប៉េកាំង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ប្រទេស Five Eyes បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ រិះគន់​រដ្ឋាភិបាល​ចិន និង​ហុងកុង ជុំវិញ​ការដក​សមាជិកសភា​ហុងកុង ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៤​នាក់​។



 
​ប្រមុខ​ការទូត​ក្រុម​ប្រទេស Five Eyes ដែលមាន​អាមេរិក កាណាដា អង់គ្លេស នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ចោទ​ចិន​ថា បាន​បំពាន​ការសន្យារ​របស់ខ្លួន​ជាមួយ​អង់គ្លេស នៅក្នុង​ឆ្នាំ​១៩៨៤​។ ការ​លូកដៃ​របស់​ក្រុម​ប្រទេស Five Eyes នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ហុង​កុង បានបញ្ចប់​សមា​ជិ​សភា​ហុងកុង​ចំនួន ៤​នាក់ ដោយ​ផ្អែក​ទៅតាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ស្ដីពី​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង​។ 
 
​ជាការ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​រួម​នេះ ក្រុង​ប៉េកាំង បាន​ព្រមាន​ក្រុម​ប្រទេស Five Eyes ខ្លាំងៗ កុំ​ចង់​ជ្រៀតជ្រែក​មក​ក្នុង​កិច្ចការ​របស់​ចិន​។ «​មិន​ថា​ពួកគេ​ជា​ក្រុម​ប្រទេស​ភ្នែក​ប៉ុន្មាន​ទេ ភ្នែក​៥ ឬ​ភ្នែក​១០​ឡើយ ឲ្យ​តែ​ហ៊ាន​បំពាន​អធិបតេយ្យ សន្តិសុខ និង​ការអភិវឌ្ឍ​របស់​ចិន ប្រយ័ត្ន​ត្រូវគេ​យកដៃ​រុក​ភ្នែក ឬ​ធ្វើ​ឲ្យ​ខ្វាក់​»​។ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​បែបនេះ​ក្នុងន័យ​ផ្ញើ​សារ​វិញ​ថា ចិន​នឹងមិន​នៅ​ស្ងៀម​ចំពោះ​ការបំពាន​ផលប្រយោជន៍​ខ្លួន​ឡើយ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​១៩ ខែវិច្ឆិកា មន្ត្រី​ដដែល​បន្ថែមថា ចិន​ជំទាស់​ដាច់ខាត​រាល់​ប្រទេស​ទាំងឡាយណា​ដែល​តែងតែ​ចង្អុល​ចោទ​ចិន ហើយ​សកម្មភាព​ទាំងនោះ ជា​ការបំពានច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មូលដ្ឋាន​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ សេចក្តីសម្រេច​របស់​គ​ណៈ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន គោរព​តាមច្បាប់​មូលដ្ឋាន​ហុងកុង និង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដើម្បី​កែលម្អ​ប្រព័ន្ធគ្រប់គ្រង «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង​ការពារ​នីតិរដ្ឋ​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន លោក Zhao បាន​បន្តទៀតថា មានតែ​អ្នក​ពាក់​ស្បែក​ជើងទេ ទើប​ដឹងថា​ស្បែកជើង​នោះ​សម​ឬក៏​អត់​។ 
 
​បន្ទាប់ពី​រដ្ឋា​ភិ​បា​លហុ​ង​កុង បញ្ចប់​សមាជិកសភា​ហុងកុង​៤​រូបនោះ សមាជិកសភា​ផ្សេងទៀត ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ក៏បាន​ប្រកាស​ដើរចេញ​ពី​តួនាទី​នេះ​ផងដែរ​។ 
 
​ដោយឡែក អតីត​សមាជិកសភា​ហុងកុង ៣​រូប បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​ក្រុង​ហុងកុង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ការបង្ហាញ​ខ្លួន​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន ជុំវិញ​បទ​ចោទ ការ​ចោល​ទឹកស្អុយ​ក្នុងពេល​ជជែក​ដេញដោល​លើ​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​នៅ​អំឡុង​ខែមិថុនា​៕  

Tag:
 ចិន​
  Five Eyes
  អាមេរិក​
  អូស្ត្រាលី​
  អង់គ្លេស​
  កាណាដា និង​នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com