មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អនុញ្ញាតឲ្យក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាល និងឈុតធំប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាឡើងវិញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពីផ្អាកជិតពីរសប្តាហ៍ ដោយសារព្រឹត្តិការណ៍ ៣ វិច្ឆិកា។ ការអនុញ្ញាតនេះ ធ្វើឡើងក្រោយអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្តអវិជ្ជមានកូវីដ-១៩។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺសំដៅលើដំំណើរទស្សនកិច្ចរបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការអនុញ្ញាតឲ្យលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំឡើងវិញ។ ជាមួយគ្នានេះ ក្រសួង ក៏បានអនុញ្ញាតឲ្យបើការចេញចូលក្នុងពហុកីឡដ្ឋានជាតិ ផងដែរ។
ការអនុញ្ញាតនេះធ្វើឡើងក្រោយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាង១ពាន់នាក់ តេស្តសុខភាពចុងក្រោយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានលទ្ធផលអវិជ្ជមានកូវីដ-១៩។ ភ្លាមៗនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយបញ្ជាឲ្យក្រសួង ក៏ដូចជាអាជ្ញាធរ បើកសាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែងសាសនា និងរៀបអាពាហ៍ពិពាហ៍ឡើងវិញ។ ប៉ុន្តែត្រូវបន្តអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
១ថ្ងៃក្រោយក្រសួងអប់រំចេញសេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានផ្ញើលិខិតទៅកាន់សហព័ន្ធកីឡាជាតិនីមួយៗ ដោយអនុញ្ញាតឲ្យកីឡាករកីឡាការិនីជម្រើសជាតិថ្នាល និងឈុតធំប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ដោយឡែកក្រសួងទេសចរណ៍ឯណោះវិញ ក៏បានណែនាំឲ្យម្ចាស់អាជីវកម្មក្លឹបហាត់ប្រាណនានាឧស្សាហ៍លាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគលើឧបករណ៍ សម្ភារហាត់ប្រាណជាប្រចាំ ដោយរៀបចំឧបករណ៍ និងសម្ភារហាត់ប្រាណឲ្យនៅឆ្ងាយពីគ្នាយ៉ាងតិច១,៥០ម៉ែត្រ។ ក្រសួងណែនាំឲ្យម្ចាស់ក្លឹបហាត់ប្រាណត្រូវតែផ្តល់សេវាកម្មដែលប្រកបដោយគុណភាព និងសុវត្ថិភាព។
គួររំលឹកថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកការលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ និងផ្អាកការចេញចូលពហុកីឡដ្ឋានជាតិបណ្តោះអាសន្ន។ ការផ្អាកនេះ ធ្វើឡើងក្រោយអង្គរក្សម្នាក់ និងជាគ្រូបង្វឹកកីឡាមួយប្រភេទ ដែលមានផ្ទុកជំងឺកូវីដ-១៩ បានទាក់ទងការងារផ្ទាល់ និងប្រយោលជាមួយកីឡាករ និងបុគ្គលិក៥រូបរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
អង្គរក្សរូបនេះបានឆ្លងជំងឺកូវីដ-១៩ ពេលលោកធ្វើជាអង្គរក្សការពារលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រដ្ឋមន្ត្រីរូបនេះត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ពេលលោកទៅដល់ប្រទេសថៃ មួយថ្ងៃក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានមនុស្ស៤នាក់ប៉ុណ្ណោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ រួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។ ប៉ុន្តែលោក សួស យ៉ារ៉ា បានជាសះស្បើយពីកូវីដ-១៩ ហើយ កាលពីថ្ងៃទី១៦ វិច្ឋិកា៕