COVID-19
អន្តរជាតិ
ចិន ផ្ដល់​ការអនុគ្រោះ​បំណុល​២,១​ពាន់​លាន​ដុល្លារ​ឲ្យ​ប្រទេស​ក្រីក្រ​
20, Nov 2020 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Liu Kun ។ រូបភាព៖ AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Liu Kun ។ រូបភាព៖ AFP
ដោយ:
​ចិន បាន​ពង្រីក​ការអនុគ្រោះ​បំណុល​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​គិត​ជា​ទឹកប្រាក់​សរុប ២,១​ពាន់​លាន​ដុល្លារ​ក្រោម​គោលការណ៍​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន (G-20) ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន Liu Kun បានប្រកាស​បែបនេះ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​។ នេះ​ជា​តួលេខ​ខ្ពស់បំផុត​ក្នុងចំណោម​សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​ប្រទេស G-20 ។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ លោក​រដ្ឋមន្ត្រី Liu Kun បាន​អះអាងថា ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរ​ជាតិចិន (CIDCA) និង​ធនាគារ​នាំចេញ​-​នាំចូល​ចិន​ដែលជា​អ្នកផ្ដល់​កម្ចី​រដ្ឋ បានសម្រេច​ផ្អាក​ការបង់ថ្លៃ​សេវា​បំណុល​ពី​ប្រទេស​ចំនួន​២៣ ដែល​សរុប​ជា​ទឹកប្រាក់ ១,៣៥៤​ពាន់​លាន​ដុល្លារ​។ 
 
​បន្ថែម​ពីលើ​នេះ ធនាគារ​អភិវឌ្ឍន៍​ចិន​ដែល​ផ្ដល់​កម្ចី​ផ្នែក​អាជីវកម្ម ក៏បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​ការអនុគ្រោះ​បំណុល​ប្រមាណ ៧៤៨​លាន​ដុល្លារ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​ផងដែរ​។ លោក Liu បញ្ជាក់​បែបនេះ​បន្ថែម ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ចិន ធ្វើឡើង​ខណៈ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក ដែល​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​មួយទៀត​។ ពួក​ប្រទេស​ទាំងនេះ ក៏​នឹង​ត្រូវការ​ជំនួយ​រយៈពេល​វែង​ច្រើនជាង​ការផ្អាក​យក​សេវា​បំណុល​ក្រោម​គោលការណ៍​របស់ G-20 ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ ក៏ដូចជា​រក្សា​លំហូ​ការវិនិយោគ​ពី​បរទេស​បន្ថែម​ទៀតផង​ដែរ​។​
 
​យ៉ាងណាមិញ ការអនុគ្រោះ​ជាង​២​ពាន់​លាន​ដុល្លារ​នេះ គឺ​តិចតួច​ណាស់ បើ​ធៀប​នឹង​បំណុល​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ជំពាក់​ចិន​។ យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក (WB) បំណុល​ទ្វេភាគី​ផ្លូវ​ការដែល​ប្រទេស​ក្រីក្រ​ជំពាក់​ក្រុម​ប្រទេស G-20 បាន​ឈានដល់ ១៧៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ក្នុងនោះ ៦៧​ភាគរយ ចិន​ជា​ម្ចាស់បំណុល​។ 
 
​សូមបញ្ជាក់ថា អាមេរិក ចិន និង​សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​ប្រទេស G-20 បានផ្ដល់​ឲ្យ​ការអនុគ្រោះ​បំណុល​ដល់​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក ភាគច្រើន​គឺ​នៅ​តំបន់​អាហ្វ្រិក ដែល​នឹងមាន​សុពលភាព​រហូតដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២១ ស្រប​ពេលដែល​ជំងឺ COVID-19 បន្ត​រាតត្បាត​។ នៅ​ខែមេសា​ខាងមុខ ប្រទេស​អ្នកមាន​ទាំងនេះ ក៏​នឹង​សម្រេច​ថា​បន្ត​អនុគ្រោះ​៦​ខែ​បន្ថែមទៀត ឬ​យ៉ាងណា​ផងដែរ​៕ 
 
 

Tag:
 ចិន​
  G-20
  កូ​វីដ​-១៩
  Liu Kun
© រក្សាសិទ្ធិដោយ thmeythmey.com