កីឡាអន្តរជាតិ
អន្តរជាតិ
ទ្រី​នី​ដា​ដ​និង​តូ​បា​ហ្គោ អាច​ប្រកួត​អន្តរជាតិ​វិញ ក្រោយ FIFA ដក​ការពិន័យ​
20, Nov 2020 , 4:19 pm        
រូបភាព
​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បានសម្រេច​លុបចោល​កា​រដាក់​ពិន័យ​លើ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ (TTFA) ហើយ​។ តាមរយៈ​ការប្រកាស​របស់ FIFA នេះ ក្រុម​ជម្រើសជាតិ អាច​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​អាច​ត្រឡប់​ទៅកាន់​ការប្រកួត​ជា​អន្តរជាតិ​ធម្មតា​វិញ​។​



​ដើមឡើយ TTFA និង FIFA ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​រួមគ្នា​ចាប់តាំងពី​ខែមីនា​មក បន្ទាប់ FIFA បាន​ទម្លាក់​នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​ចេញពី​តំណែង​ដោយ​ខ្លួនឯង ក្រោយ​មាន​បញ្ហា​សាច់ប្រាក់ និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​។ ករណីនេះ TTFA មិន​យល់ស្រប​ឡើយ ដោយ​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ជាន់ខ្ពស់​របស់​ខ្លួន ដើម្បី​ប្រឆាំង​ចំណាត់ការ​របស់ FIFA នេះ​។​
 
FIFA បានដាក់​ពិន័យ ដោយ​ការព្យួរ TTFA ដោយ​គ្មាន​កំណត់​កាលពី​ខែកញ្ញា សម្រាប់​ការបន្ត​ជម្លោះ​តាមរយៈ​តុលាការ​ជាន់ខ្ពស់​របស់​ប្រទេស​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​ដើម្បី​ប្រឆាំង​លើ​លក្ខន្តិកៈ​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​។​
 
​យ៉ាងណាក៏ដោយ​បន្ទាប់ពី​មើលឃើញថា TTFA បានបង្ហាញ​ពី​ភាពត្រឹមត្រូវ​ក្នុងការ​ទាមទារ​របស់​ខ្លួន​នេះ FIFA ក៏បាន​ដក​ការព្យួរ​ជា​ផ្លូវការ​វិញ​។ «​ក្រោយ​បានកត់សម្គាល់​សេចក្តីសម្រេច​ថ្មី​របស់​តុលាការ​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​នៃ​បណ្តឹងឧទ្ធរណ៍ និង​បំណង​ពិតប្រាកដ​របស់ TTFA សម្រាប់​ការទាមទារ​តាមផ្លូវ​ច្បាប់ FIFA បាន​សំ​ម្រេច​ចិត្ត​ដក​ការព្យួរ TTFA ដោយមាន​ប្រសិទ្ធិភាព​»​។​
 
​ការដក​ការព្យួរ​នេះ មានន័យថា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ មាន​សិទ្ធិ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាធម្មតា​ឡើងវិញ​ផងដែរ​៕
 
 

Tag:
 FIFA
  TTFA
© រក្សាសិទ្ធិដោយ thmeythmey.com