អន្តរជាតិ
ចិន ព្រមាន ក្រោយ​តៃវ៉ាន់​ប្រកាស​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់ទៀត
20, Nov 2020 , 11:29 pm        
រូបភាព
លោកAndrew Wheelerប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក។ រូបភាព៖ AFP
លោកAndrew Wheelerប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក។ រូបភាព៖ AFP
ដោយ:
​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ នៅ​ថ្ងៃទី​២០ វិច្ឆិកា ប្រកាសថា លោក Andrew Wheeler ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក (EPA)​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។ បើ​កើតឡើង​មែន នេះ​ជា​លើក​ទី​៣​ហើយ ដែល​មន្ត្រីជាន់ខ្ពស់​អាមេរិក​ធ្វើដំណើរ​មក​ដែន​កោះ​នេះ​រាប់​ចាប់តាំងពី​ខែសីហា​មក​។ ក្រោយ​ចេញ​ព័ត៌មាន​នេះ ចិន​ក៏​ចេញមក​ព្រមាន​ដែរ​។

 
​ស្រប​ពេលដែល​ទំនាក់ទំនង​អាមេរិក និង​ចិន​កំពុង​អាប់អួរ​ដោយសារ​បញ្ហា​ជាច្រើន និង​ក្រោយពេល​ចិន​ទើបនឹង​តវ៉ា​ក្រោយ​រឿង​អាមេរិក​លក់​អាវុធ​ទៅ​តៃវ៉ាន់ តៃវ៉ាន់ បានប្រកាស​ពី​គម្រោង​ប្រមុខ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​អាមេរិក​មក​តៃវ៉ាន់​។​
 
 
«​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​លោ​ក​Joseph Wu ប្រមុខ​ភ្នាក់ងារ​បរិស្ថាន​អាមេរិក​នឹងធ្វើ​ដំណើរ​មក​តៃវ៉ាន់ ដើម្បី​ពិភាក្សា​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​បញ្ហា​ការពារ​បរិស្ថាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Su Tseng-chang នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ដោយ​អះអាងថា​ទស្សនៈកិច្ច​ខាងមុខនេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ទំនាក់ទំនង​នៃ​ភាគី​ទាំង​២​។​
 
​ទោះជា​យ៉ាងណាក្តី លោក Su ពុំទាន់​ប្រាប់​ពី​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​នេះឡើយ ដោយ​គ្រាន់តែ​អះអាងថា​នឹង​កើតឡើង​ក្នុង​ពេលវេលា​មួយ​ដ៏​សក្តិសម​។ ប៉ុន្តែ​បើ​យោងតាម​កាសែត The New York Times ដំណើរ​ទស្សនកិច្ច​រប​ស់លោក​Wheeler នឹងមាន​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥ ធ្នូ​។ លោក​Jame Hewitt អ្នកនាំពាក្យ​លោក Wheeler អះអាងថា EPA កំពុង​រៀបចំ​សម្រាប់​ការធ្វើដំណើរ ហើយ​ទស្សនកិច្ច​របស់​ប្រមុខ​EPA គឺ​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​លើ​សំណុំរឿង​ដូចជា​ការបំពុល​ក្នុង​សមុទ្រ គុណភាព​ខ្យល់ សុខភាព​កុមារ និង​គំនិត​ផ្តួចផ្តើម Save our Sea​។​
 
​ភ្លាមៗ​ក្រោយ​តៃវ៉ាន់​ប្រកាស​ដំណឹង​នេះ ចិន​ក៏​ប្រកាស​ប្រឆាំង​។ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែវិច្ឆិកា ថា​៖«​ចិន នឹងធ្វើ​ការឆ្លើយតប​ដោយ​ស្របច្បាប់ នឹង​ចាំបាច់​អាស្រ័យ​លើ​ការវិវត្ត​ទៅ​នៃ​ស្ថានការណ៍​»​។​
 
​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ម្តង​ហើយ​ម្តងទៀត​លើកឡើងថា បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​គាំទ្រ​តៃវ៉ាន់​។ ចំណែក​កាលពី​សប្តាហ៍​កន្លងទៅ លោកស្រី Bi-khim Hsiao​តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់ បាន​ជួប​ជជែក​គ្នា​ជាមួយ​លោក Antony Blinken ដែលជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន​។ អាមេរិក ពុំមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទៀតឡើយ ប៉ុន្តែ​បន្ត​ជា​ផ្គត់ផ្គង់​អាវុធ​ដ៏​ចម្បង​ឲ្យ​តៃវ៉ាន់​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​មក​តៃវ៉ាន់ តែងតែ​នាំ​ឲ្យ​ចិន​ប្រតិកម្ម​ក្តៅក្រហាយ ដ្បិតអី​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន​។ កាលពី​ខែសីហា​កន្លងមក អាមេរិក​បាន​បញ្ជូន​លោក Alex Azar រដ្ឋមន្ត្រី​សុខ​ភិ​បាល​មក​តៃវ៉ាន់ ចំណែក​ក្នុង​ខែកញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​លោក Keith Krach ក៏​បានមក​ធ្វើ​ទស្សនកិច្ច​លើ​កោះ​នេះដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំង​២​លើក ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​មក​ហោះ​កៀក​នឹង​ដែន​កោះ​តៃវ៉ាន់​៕

Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com