កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់ អនុញ្ញាតឲ្យពានរង្វាន់ចំនួន៥ ដំណើរការប្រកួតឡើងវិញ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(កណ្តាល)
× ពានរង្វាន់បាល់ទាត់ចំនួន៥ត្រូវបានអនុញ្ញាតឲ្យដំណើរការប្រកួតឡើងវិញ ក្រោយផ្អាកសកម្មភាពជិតពីរសប្តាហ៍ ដោយសារការរាតត្បាតនៃជំងឹកូវីដ-១៩។ ការអនុញ្ញាតនេះ ធ្វើឡើងក្រោយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាង១ពាន់នាក់ធ្វើតេស្តសុខភាពចុងក្រោយអវត្តមានកូវីដ-១៩។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញ នូវការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២, លីគនារី, ជម្រើសជើងឯកហ្វ៊ូតសាល, ជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ និងអាយុក្រោម១៥ឆ្នាំ។ ប៉ុន្តែសហព័ន្ធតម្រូវឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រីទាំងអស់គោរពតាមគោលការណ៍ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទីពីរនៅថ្ងៃទី២៥ ខែវិច្ឆិកា រីឯការប្រកួតពាន់រង្វាន់បាល់ទាត់ក្នុងសាល Tiger Futsal Cup ចាប់ផ្តើមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកការប្រកួតលីគបាល់ទាត់នារី និងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ និងក្រោម១៨ឆ្នាំត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ការអនុញ្ញាតនេះ ធ្វើឡើងក្រោយក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អនុញ្ញាតឲ្យលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈជួបជុំ និងឲ្យចេញចូលពហុកីឡដ្ឋានជាតិឡើងវិញ។ ការសម្រេចនេះធ្វើឡើងមួយថ្ងៃក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា បន្ទាប់ពីអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍នេះ តេស្តលើកចុងក្រោយអវិជ្ជមានកូវីដ-១៩។
ក្រោយប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលសំដៅលើដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួង និងអាជ្ញាធរបើកសាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែងសាសនា និងរៀបអាពាហ៍ពិពាហ៍ឡើងវិញ។
មានតែមនុស្ស៤នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បានឆ្លងជំងឺកូវីដ-១៩ ពីលោក Peter ដែលបានរកឃើញផ្ទុកជំងឺកូវីដ-១៩នៅប្រទេសថៃ។ អ្នកទាំងនោះរួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។ ប៉ុន្តែលោក សួស យ៉ារ៉ា បានជាសះស្បើយពីជំងឺកូវីដ-១៩វិញហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០៕
Tag:
បាល់ទាត់
កែវ សារ៉េត
FFC
© រក្សាសិទ្ធិដោយ thmeythmey.com