ជាតិ
តើការចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជះឥទ្ធិពលដូចម្ដេចខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
21, Nov 2020 , 2:44 pm        
រូបភាព
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
ដោយ៖ អ៊ុំ ច័ន្ទមនោ
 
ប្រសិនជាគេចង់យល់ថា តើការចុះកិច្ចព្រមព្រៀងស្តី ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីពេលថ្មីៗនេះ ជះឥទ្ធិពលអ្វីខ្លះ មកលើសេដ្ឋកិច្ចកម្ពុជា គេត្រូវស្វែងយល់ឱ្យច្បាស់លើចំណុចមួយចំនួន មុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។


 
RCEP ត្រូវបានគេស្គាល់ជាភាសាខ្មែរ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងជាភាសាអង់គ្លេស «Regional Comprehensive Economic Partnership»។ RCEP នេះ គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ ដោយមានការឆ្លងកាត់កិច្ចចរចាប្រមាណ ៣១លើក។ 
 
គួរកត់សម្គាល់ផងដែរថា ដំបូងឡើយ RCEP គឺជាគំនិតផ្តួចផ្តើមរួមពីប្រទេសចំនួន១៦ នៅក្នុងឆ្នាំ២០១១ ហើយបានលេចចេញជារូបរាងពេញលេញ នៅក្នុងឆ្នាំ២០១២ អំឡុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត នៅទីក្រុងភ្នំពេញ។ ក្រោយមកនៅក្នុងឆ្នាំ២០១៩ ឥណ្ឌា បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយហេតុផលមួយចំនួនពាក់ព័ន្ធនឹងប្រយោជន៍សេដ្ឋកិច្ចជាតិ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នៅតែត្រូវបានគេចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេលើពិភពលោក និងប្រកបដោយសក្តានុពល ធំជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CTTPP (Comprehensive and Progressive Trans-Pacific Partnership) ដែលត្រូវបានបំប្លែងចេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី TPP (Trans-Pacific Partnership) ផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Obama ទៅទៀត។ គេអាចនិយាយបានថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងពេលណាណាទាំងអស់ ដោយសារកត្តាធំៗបី៖ ទីមួយគឺ ទំហំទីផ្សាររវាងអន្តរតំបន់ ដែលមានប្រជាជនសរុបប្រមាណ ៣០ភាគរយ នៃប្រជាជនពិភពលោកសរុប។ ទីពីគឺ ទំហំនៃផលិផលក្នុងស្រុកសរុប នៃបណ្តាប្រទេសសមាជិកបូកបញ្ចូលគ្នា ស្មើនឹងប្រមាណ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក។ ទីបី គេក៏មិនត្រូវភ្លេចទេថា សមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP សុទ្ធសឹងតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ 
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺធ្វើយ៉ាងណា កាត់បន្ថយរបាំងពន្ធគយ អោយបាន៩០ភាគរយលើផលិតផលកសិកម្ម និងឧស្សាហកម្ម និងដើម្បីជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេស ពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះ។ មិនត្រឹមតែមិនប៉ុណ្ណោះ RCEP ក៏អាចបង្ហាញឱ្យកាន់តែច្បាស់ អំពីការទាញបានផលចំណេញពីគ្នាទៅវិញទៅមក នៅចំពោះមុខប្រទេសមានសេដ្ឋកិច្ចធំៗ តួយ៉ាង ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញភាពត្រូវរូវគ្នា រវាងប្រទេស និងប្រទេស ដូចជា ចិន និងជប៉ុន (ដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ឥទ្ធិពលចិន លើវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច) លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។ ជាងនេះទៅទៀត ក្នុងបរិបទបច្ចុប្បន្ន គេពិបាកប្រកែកណាស់ថា ការចុះកិច្ចព្រមព្រៀងនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះគេបានចំណាយរយៈពេលដល់ទៅ៨ឆ្នាំ មុនឈានដល់ការចុះកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ RCEP អាចនឹងជួយប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ អាចទាញយកផលចំណេញដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងម៉្យាងទៀត អាចកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលអវិជ្ជមាន ដែលចេញពីសង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន។ ជាក់ស្តែង RCEP នឹងជំរុញអោយមានការរីកចម្រើន សម្រាប់បរិយាកាសវិនិយោគដោយផ្ទាល់ពីបរទេស កំណែទម្រង់ស្តង់ដារការងារ ការពង្រឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត (Cyber Security) និងការចែករំលែកព័ត៌មាន ក្នុងចំណោមសមាជិក ហើយពិតប្រាកដណាស់ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវពាណិជ្ជកម្មថ្មីមួយទៀត តាមរយៈការដោះដូរពាណិជ្ជកម្មសេរីតាមបទដ្ឋានរួម។ 
 
សំណួរសួរថា តើកម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះ ដ្បិតកម្ពុជាជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចអន់ថយជាងប្រទេសសមាជិកដទៃ? យ៉ាងណាមិញ ក្នុងបរិបទសមាជិក RCEP ដំបូងយើងត្រូវដឹងថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីស្រាប់ជាមួយ ចិន និងជាមួយកូរ៉េខាងត្បូងនាពេលខាងមុខ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌតំបន់អាស៊ាន (Intra-ASEAN) ដូចគ្នា។ កម្ពុជា បាន និងកំពុងបន្តរិះរកដៃគូពាណិជ្ជកម្មសក្តានុពល ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មសេរី អោយបានកាន់តែច្រើន ដើម្បីអនុញ្ញាតឱ្យកម្ពុជា ជំរុញការនាំចេញ បង្កើនភាពប្រកួតប្រជែង និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ តួយ៉ាងដូចជាការចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP នេះជាដើម។ ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP រួមមាន៖ ទីមួយ ការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ដោយបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ គេ អាចនិយាយបានថា កម្ពុជាអាចនឹងឈប់ខ្វាយខ្វល់ទៀតហើយអំពីការបាត់បង់ផ្នែកខ្លះរបស់ក្របខណ្ឌអនុគ្រោះពន្ធ EBA ហើយងាកមកចាប់យកឱកាសថ្មីពីកិច្ចព្រមព្រៀងនេះវិញ។ ទីពីរ ការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាពី ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលអាចជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងងើបពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ១៩។ ទីបី ការទទួលបានព័ត៌មានចែករំលែកថ្មី ដែលឈានដល់ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពតាមលក្ខខណ្ឌកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់ ហើយអាចទាញអត្ថប្រយោជន៍បានកាន់តែច្រើន។
 
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ និងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីអាចទាញផលចំណេញពីពាណិជ្ជកម្មសេរីថ្នាក់អន្តរតំបន់មួយនេះអោយបានជាអតិបរមា។ ទីមួយ កម្ពុជាត្រូវបន្ត ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បម្រើដល់ការសម្រួលក្នុងការដឹកជញ្ជូន ដែលក្នុងន័យនេះអាចឈានដល់ការកាត់បន្ថយតម្លៃសម្រាប់ការដឹកជញ្ជូន និងថ្លៃដើមសង្វាក់ផលិតកម្ម។ ទីពីរ កម្ពុជាគួរប្តេជ្ញាអភិវឌ្ឍធនធានមនុស្ស រួមមានអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញ ដែលអាចប្រកួតតប្រជែងក្នុងទីផ្សារការងារ ក៏ដូចជាក្នុងសង្វាក់ផលិតកម្ម។ ទីបី កម្ពុជាត្រូវពង្រឹងបន្ថែម លើនិតិវិធីវិនិយោគ សំដៅដល់ការធានា និងការសម្រួលបរិយាកាសវិនិយោគឱ្យមានភាពប្រសើរឡើង ទាំងក្នុងស្រុក និងពីបរទេស ដែលជាដើមទុនយ៉ាងសំខាន់សម្រាប់ជំរុញម៉ាស៊ីនសេដ្ឋកិច្ចជាតិ។ ជាចុងក្រោយ RCEP ប្រាកដណាស់នឹងផ្តល់ផលចំណេញមកឱ្យកម្ពុជា អាចនិយាយបានថា ទាំងក្នុងបរិបទសេដ្ឋកិច្ច និងបរិបទនយោបាយ។ ក៏ប៉ុន្តែ កម្ពុជាត្រូវតែព្យាយាមកែសម្រួល និងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីអាចទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះជាអតិបរមា។
 
*លោក អ៊ុំ ច័ន្ទមនោ គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាបេក្ខជនបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com