ជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលជំនាញគេហកិច្ច និងម្ហូបអាហារដោយឥតបង់ថ្លៃ
21, Nov 2020 , 3:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាល ជំនាញគេហកិច្ច និងជំនាញម្ហូបអាហារ តាមប្រពន្ធ័អនឡាញ ដោយឥតបង់ថ្លៃ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៨ វិច្ឆិកា វគ្គបណ្តុះបណ្តាលនេះ គ្រោងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

 
វគ្គបណ្ដុះបណ្ដាល ជំនាញគេហកិច្ច និងជំនាញម្ហូបអាហារ តាមប្រពន្ធ័អនឡាញ ដោយឥតបង់ថ្លៃ នឹងត្រូវបានក្រសួងទេសចរណ៍រៀបចំឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គសិក្សាខ្លីនេះ បង្កើតឡើងក្នុងបំណងផ្ដល់នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់។ 
 
វគ្គបណ្ដុះបណ្ដាលខាងលើ ចែកជាពីរផ្នែក ដោយផ្នែកទីមួយ បណ្ដុះបណ្ដាលលើជំនាញគេហកិច្ច សិក្សាលើសមត្ថភាព សម្អាតបរិវេណ សម្ភារ និងឧបករណ៍នានា, គ្រប់គ្រង និងដោះស្រាយស្ថានភាពមានជម្លោះ, ផ្ដល់សេវាកម្មគេហកិច្ច និងភ្ញៀវ, អនុវត្តនីតិវិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព, រក្សាចំណេះដឹងផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា, អនុវត្តការគាំពារកុមារក្នុងវិស័យទេសចរណ៍ និងការលើកកម្ពស់ផលិតផល និងសេវាកម្មបដិសណ្ឋារកិច្ច។
 
រីឯផ្នែកទីពីរ នឹងបណ្ដុះបណ្ដាលលើជំនាញម្ហូបអាហារ និងភេសជ្ជៈសិក្សាលើសមត្ថភាព អនុវត្តនីតិវិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព, ទទួល និងដោះស្រាយការត្អូញត្អែររបស់អតិថិជន, អភិវឌ្ឍ និងពង្រីកចំណេះដឹងក្នុងស្រុកថ្មី, រក្សាចំណេះដឹងផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា, អភិវឌ្ឍ និងប្រកាន់ខ្ជាប់ចំណេះដឹងផ្នែកផលិតផលម្ហូបអាហារ និងភេសជ្ជៈ, ផ្ដល់នូវទំនាក់ទំនងតភា្ជប់ផ្ទះបាយ និងផ្នែកសេវាកម្ម និង ផ្ដល់សេវាកម្មអាហារ និងភេសជ្ជៈ។ 
 
យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកអ្នកអាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬទំនាក់ទំនងដោយផ្ទាល់នៅនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ និងតាមលេខទូរស័ព្ទ ០១២ ២៧៨ ៥៥២ ឬ ០៧៨ ៨៩៩ ៩១៩៕
 
 

Tag:
 ទេសចរណ៍
 បដិសណ្ឋារកិច្ច
 គេហកិច្ច
 ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com