អន្តរជាតិ
រដ្ឋាភិបាលបារាំងត្រូវបង្ហាញថាគោលនយោបាយបរិស្ថាន អាចសម្រេចកាតព្វស្តីពីការកាត់បន្ថយឧស្ម័នពុល
21, Nov 2020 , 8:29 pm        
រូបភាព
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ រូបតំណាង។ រូបភាព៖ AFP
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ រូបតំណាង។ រូបភាព៖ AFP
ដោយ:
តុលាការរដ្ឋបាលបារាំង ដែលចំណុះឲ្យក្រុមប្រឹក្សារដ្ឋបារាំងបានចេញសេចក្តីសម្រេច ទុកពេល៣ខែឲ្យរដ្ឋាភិបាល បង្ហាញថាគោលនយោបាយបរិស្ថានរបស់ខ្លួនបច្ចុប្បន្នអាចសម្រេចកាតព្វកិច្ចឆ្នាំ២០៣០ ស្តីពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។


 
បារាំងដែលដឹកនាំកិច្ចប្រជុំស្តីពីអាកាសធាតុឆ្នាំ២០១៥ និងជាអ្នកចេញមុខក្នុងការសម្រេចឲ្យបានកិច្ចព្រមព្រៀងអាកាសធាតុ បានដាក់គោលដៅនៅឆ្នាំ២០៣០ ក្នុងការសម្រេចឲ្យបានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន៤០ភាគរយ ធៀបទៅនឹងកម្រិតបញ្ចេញនៅឆ្នាំ១៩៩០។ ប៉ុន្តែតុលាការរដ្ឋបាលបារាំង កត់សម្គាល់ថារដ្ឋាភិបាលបារាំងខកខានមិនបានសម្រេចគោលបំណង និងពន្យារកិច្ចខំប្រឹងប្រែងមួយចំនួនរហូតដល់ឆ្នាំ២០២០។
 
តុលាការដ្ឋបាលបារាំង ក៏លើកជាសំណួរលើភាពគួរជឿទុកចិត្តបាន ស្តីពីផែនការអាកាសធាតុរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង ក៏ដូចជាគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលដែលមាននៅក្នុងច្បាប់។
 
«បើសិនជាការបង្ហាញរបស់រដ្ឋាភិបាលបារាំងមិនគ្រប់គ្រាន់ នោះក្រុមប្រឹក្សារដ្ឋអាចពិចារណាជំហានបន្ថែមទៀតដើម្បីសម្រេចការកាត់បន្ថយ៤០ភាគរយ ក្នុងឆ្នាំ២០៣០»។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋបារាំង។
 
តុលាការរដ្ឋបាលបារាំង នឹងចេញសេចក្តីសម្រេចចុងក្រោយ បន្ទាប់ពីទុកពេល៣ខែឲ្យរដ្ឋាភិបាលបារាំងបង្ហាញ និងការពារគោលនយោបាយបរិស្ថានរបស់ខ្លួន។ សេចក្តីសម្រេចនេះ មិនអាចធ្វើបណ្តឹងឧទ្ធរណ៍បានឡើយ។ បណ្តឹង ទល់នឹងរដ្ឋាភិបាលបារាំង ធ្វើឡើងដោយស្រុកGrande-Synthe នៅភាគខាងជើងប្រទេសបារាំង។ មន្ត្រីស្រុកនេះអះអាងថា ស្រុកនេះប្រឈមនឹងការលេចចូលក្នុងទឹក ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្របណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
សម្រាប់សកម្មជនបរិស្ថាន ការសម្រេចរបស់តុលាការរដ្ឋបាលបារាំងនេះគឺជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ។ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការGreenpeace និងOxfam បានលើកឡើងថា ដោយបញ្ជាក់ពីគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមានក្នុងច្បាប់ តុលាការរដ្ឋបាលជាន់ខ្ពស់បារាំងតម្រូវឲ្យរដ្ឋទទួលខុសត្រូវចំពោះមុខវិបត្តិអាកាសធាតុ។
 
ពីឆ្នាំ២០១៥ ដល់២០១៨ កម្រិតនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថយចុះពាក់កណ្តាលធៀបទៅនឹងកម្រិតដែលព្យាករណ៍ទុក ដើម្បីឲ្យសម្រេចបាននូវគោលបំណងដែលកំណត់ទុកក្នុងឆ្នាំ២០៣០៕
 

Tag:
 បារាំង
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com