ជាតិ
ដំរីអាស៊ី ឈ្មោះ Kaavan អាចមកដល់កម្ពុជា នៅថ្ងៃទី៣០ វិច្ឆិកានេះ
21, Nov 2020 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដំរីអាស៊ី ឈ្មោះ Kaavan នឹងត្រូវបញ្ជូនពីប្រទេស ប៉ាគីស្ថាន មកដល់ប្រទេសកម្ពុជា ដែលជាទីជម្រកថ្មី នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបន្តថា Kaavan នឹងរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា(CWS)។


 
តាមការគ្រោងទុក ដំរីអាស៊ី ឈ្មោះ Kaavan នឹងត្រូវបញ្ជូនពីសួនសត្វ អ៊ីស្លាមាបាដ នៃប្រទេសប៉ាគីស្ថាន មកប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រាប់ក្រុមអ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម។ 
 
អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថាដំរី Kaavan ដែលមានអាយុ៣៥ឆ្នាំ នឹងរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា(CWS)។ 
 
តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan ដែលជាដំរីតែមួយគត់រស់នៅក្នុងសួនអ៊ីស្លាមាបាដ បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត។
 
 លោក នេត ភក្ត្រា បានអះអាងថា វត្តមានរបស់ Kaavann ក៏អាចឲ្យប្រទេសកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំង ព្រោះ Kaavan មានភាពល្បីល្បាញ ជាពិសេសសំណុំរឿងនៅតុលាការប៉ាគីស្ថាន។ បន្ថែមពីនេះ ដំរី Kaavan នឹងអាចជាផ្នែកមួយទាក់ទាញទេសចរ មកកាន់ប្រទេសកម្ពុជាផងដែរ។ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់បន្តថា កម្ពុជានឹងមើលថែឲ្យបានល្អ ហើយលោកសង្ឃឹមថា Kaavan  នឹងរីករាយជាមួយជីវិតនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ «យើងនឹងការពារ ថែរក្សាដំរី Kaavan នេះឲ្យបានល្អ ហើយនៅពេលដែលដំរីនេះមានភាពស៊ាំជាមួយព្រៃនៃប្រទេសកម្ពុជា យើងនឹងលែងគាត់(Kaavan) ចូលទៅក្នុងព្រៃ។ យើងសង្ឃឹមថា គាត់(Kaavan )នឹងរីករាយជាមួយជីវិត នៅក្នុងព្រៃកម្ពុជា»។ នេះជាការអះអាងរបស់លោក នេត្រ ភក្ត្រា។
 
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា មានប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០-៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃអភិរក្ស តំបន់ជួរភ្នំក្រវាញ និងភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជាមណ្ឌលគិរី និងរតនគិរី ជាដើម៕



Tag:
 ដំរីKaavann
  ប៉ាគីស្ថាន
  បរិស្ថាន
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com