ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋបង់ថ្លៃសេវាសំរាមប្រចាំខែតុលា ឲ្យបានមុនថ្ងៃទី៣០ វិច្ឆិកា
21, Nov 2020 , 9:59 pm        
រូបភាព
ដោយ:
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋ និងអាជីវករទាំងអស់ បង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែតុលា ឲ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា តាមមធ្យោបាយទូទាត់ប្រព័ន្ធអេឡិចត្រូនិក។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏រំឭកពលរដ្ឋ និងអាជីវករមួយចំនួន ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រចាំខែកញ្ញា និងខែមុនៗ ឲ្យរួសរាន់បង់ផងដែរ ព្រោះបានកត់ត្រាជាបំណុលរួចហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

 
តាមសេចក្ដីជូនដំណឹងដដែល  រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះ៖«រដ្ឋបាលរាជធានីភ្នំពេញ មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយទុកឱកាស និងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអាជីវករ ពាណិជ្ជករ សិប្បករ និងធុរជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឲ្យបានទាន់ពេលវេលា»។  
 
នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រញាប់ រួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង។ ជាក់ស្ដែង នៅថ្ងៃទីទី២០ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ បានជួបជាមួយម្ចាស់អាជីវកម្មចំនួន៨ ដែលខកខានបង់ថ្លៃសេវាសំរាម និងសំណល់រឹង ឲ្យទូទាត់បំណុលថ្លៃសេវាប្រមូលសំរាមនេះ។  ជាលទ្ធផល ម្ចាស់អាជីវកម្មទាំងនោះ បានឯកភាពទូទាត់បំណុល យល់ព្រមបង់ថ្លៃសេវាប្រមូល សម្រាប់ខែបន្តបន្ទាប់ទៀត៕
 

Tag:
 បរិស្ថាន
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com