សិប្បកម្មត្បាញកំប្លោកមួយ ជួយបង្កើតរបរឱ្យស្រ្ដីចំណាស់ជិត២០នាក់នៅភូមិគោកតាចាន់
ជាតិ
សិប្បកម្មត្បាញកំប្លោកមួយ ជួយបង្កើតរបរឱ្យស្រ្ដីចំណាស់ជិត២០នាក់នៅភូមិគោកតាចាន់
21, Nov 2020 , 10:59 pm        
រូបភាព
សៀមរាប៖ ស្រី្ដវ័យចំណាស់ប្រមាណ២០នាក់ កំពុងជួយឱ្យរបរប្រពៃណីក្នុងមូលដ្ឋានរបស់ខ្លួនមានចរន្តឡើងវិញ។ សិប្បកម្មតម្បាញ ដែលជារបរប្រពៃណីរបស់អ្នកភូមិជុំវិញតំបន់អង្គរ បន្តមានជីវិតឡើងវិញ ហើយសម្ភារទាំងនោះ មានការគាំទ្រច្រើននាពេលបច្ចុប្បន្ន។ សិប្បកម្មធ្វើពីកំប្លោកមួយកន្លែង ត្រូវបានបង្កើតឡើងក្នុងបំណងចូលរួមបង្កើតមុខរបរដល់ស្រ្ដីវ័យចំណាស់ដែលមិនអាចបំពេញការងារនៅឆ្ងាយ និងមានការងារមើលថែចៅៗនៅផ្ទះ។ ការងារនេះ បានបង្កើតចំណូលដល់ស្រ្ដីទាំងនោះ និងធ្វើឱ្យកម្រិតជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរក្នុងវ័យជរា និងជាផ្នែកមួយជួយលើកកម្ពស់របរប្រពៃណីក្នុងតំបន់អង្គរ។

 
 
សូមទស្សនាសកម្មភាពសម្អាត និងជ្រលក់ពណ៌កំប្លោក នៅក្នុងវីដេអូខាងក្រោមនេះ៖ 

 
នៅមុខផ្ទះនៃអ្នកភូមិគោកតាចាន់មួយកន្លែងជាប់ផ្លូវកៅស៊ូ ដែលគេឱ្យឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជាផ្លូវវាងក្រុងអង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ស្រ្ដីវ័យចំណាស់មួយក្រុមមានគ្នាប្រមាណជិត១០នាក់ ខ្លះកំពុងលាងសម្អាតកំប្លោក ខ្លះរៀបចំកំប្លោកដាក់លើធ្នើរសម្រាប់ឆ្ពុង ឯខ្លះទៀតកំពុងរៀបចំយកកំប្លោកជ្រលក់ពណ៌ក្នុងឆ្នាំងធំមួយ។ ទីនេះ គឺជារោងសិប្បកម្មលក្ខណៈគ្រួសារ ដែលត្រូវបានបង្កើតឡើងប្រមាណ៥ឆ្នាំមកហើយ។ 
 
«ដំបូងឃើញអ៊ុំចាស់ៗនៅភូមិនេះមានច្រើន ណាមួយកូនៗចេញទៅធ្វើការនៅថៃនៅកូរ៉េអស់អ៊ីចឹង បន្សល់ចៅឱ្យគាត់មើល ហើយគាត់រត់អត់រួច ចំណាយច្រើន មានប៉ះពាល់ដល់ជីវភាព  អ្នកខ្លះក៏ត្រូវជាបងប្អូនដែរ មើលទៅពួកគាត់គ្មានលទ្ធភាពលើចំណេះជំនាញអ៊ី បើត្រូវទៅឆ្ងាយក៏គាត់មិនចេះបើកបរទៀត ក៏មានគំនិតចង់ធ្វើអ្វីមួយ ណាមួយចង់លើកតម្កើងរបស់សម្ភារចាស់ៗខ្មែរយើងឱ្យមានឡើងវិញ ជារបរប្រពៃណី ដែលអាចឱ្យគាត់ធ្វើនៅផ្ទះនិងបានមើលចៅៗផង»។ នេះជាការលើកឡើងរបស់អ្នកស្រី សុខ ស្រីម៉ៅ ម្ចាស់សិប្បកម្មតម្បាញកំប្លោកនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។
 
កំប្លោកជារុក្ខជាតិដែលសម្បូរនៅក្នុងប្រទេសកម្ពុជា។ រុក្ខជាតិនេះច្រើនដុះនៅតំបន់ទឹកជាំ ឬទឹកស្អុយ។ល។ ផ្ការបស់វាប្រើជាអន្លក់ ដើមនិងស្លឹកប្រើជាចំណីអាហារសម្រាប់សត្វគោ ក្របី ឯដើមយកហាលថ្ងៃឱ្យស្ងួត វេញជាខ្សែ ចំណង អង្រឹង។ល។ នេះយោងតាមវចនានុក្រមសម្ដេច ជួន ណាត។
 
លោកស្រី សុខ ស្រីម៉ៅ ពន្យល់ថា ដើមឡើយម្ចាស់សិប្បកម្មបែបគ្រួសារមួយនេះ ធ្វើសម្ភារប្រើប្រាស់មួយចំនួនដូចជាកន្ទេល ទ្រនាប់ចាន់ ទ្រនាប់ឆ្នាំង ស្មុគ បោះទៅតាមសណ្ឋាគារ ឬភោជនីយដ្ឋានខ្លះ ដែលធ្វើពីរំពាក់ ផ្អាវ និងរំចេក តែក្រោយមកម្ចាស់សិប្បកម្មរូបនេះមើលឃើញពីភាពអំណោយផលខ្លាំងនៃរុក្ខជាតិកំប្លោក ដែលរក្សាគុណភាពនិងសោភ័ណបានយូរជាង។ យ៉ាងណាក៏ដោយ សិប្បកម្មពីកំប្លោកមិនមែនជាការងារងាយស្រួលទេ គឺត្រូវប្រើពេលយូរ និងដោយភាពអត់ធ្មត់ ទម្រាំផលិតជាសម្ភារបាន។ ម្ចាស់សិប្បកម្មរូបនេះពន្យល់ថា៖«  ដំបូងពេលកាប់ យើងយកមកលាងម្ដង ហើយហាល១៥ថ្ងៃ ស្ងួតរួចយកមកលាងម្ដងទៀតយកមកឆ្ពុងមួយថ្ងៃ ទើបយកទៅជ្រលក់ពណ៌ ក្រោយជ្រលក់ហើយយកទៅហាលឱ្យស្ងួតទើបយកទៅត្បាញ»។ លោកស្រី សុខ ស្រីម៉ៅ បន្ថែមថា កំប្លោកនឹងមិនចូលពណ៌និងមានសាច់រឹង ប្រសិនបើគេមិនឆ្ពុងវាទៅតាមលំដាប់លំដោយទេនោះ។  
 
កំពុងអង្គុយទល់មុខគ្នានឹងស្រ្ដីវ័យចំណាស់មួយរូបទៀត នោះគឺអ៊ុំស្រី ឈិន ចាន់។ មានវ័យ ៦៤ឆ្នាំ អ៊ុំស្រី ឈិន ចាន់ ចូលរួមការងារក្នុងរោងសិប្បកម្មតម្បាញកំប្លោកបានពីរឆ្នាំមកហើយ ដែលរៀងរាល់ថ្ងៃអ៊ុំស្រីប្រមូលកាត់កំប្លោក ដុះលាងសម្អាត និងហាលឱ្យស្ងួត ដើម្បីយកមកត្បាញជាកាបូប និងសម្ភារផ្សេងៗតាមការបញ្ជាទិញពីអតិថិជន។ ក្នុងការត្បាញនេះ អ៊ុំស្រីទទួលបានកម្រៃតាមបរិមាណដែលត្បាញបាន។ ក្នុងការធ្វើកាបូបមួយ អ៊ុំស្រី ឈិន ចាន់ ទទួលបានកម្រៃចាប់ពី៤ម៉ឺនរៀល ទៅ៨ម៉ឺនរៀល តាមទំហំនិងម៉ូដសម្ភារទាំងនោះ។ យ៉ាងណា ការត្បាញដែលមានការចាក់ក្រឡាល្អិតនេះ មិនមែនងាយស្រួលប៉ុន្មានទេសម្រាប់អ៊ុំស្រី ឈិន ចាន់ ខណៈដែលអ៊ុំស្រី ពឹងកញ្ចក់វែនតាជំនួយមួយផ្នែកផងនោះ។ 
 
សម្បុរស្រអែម វ័យជាង៦០ឆ្នាំ ហើយមានស្បែកជ្រីវជ្រួញក៏ពិតមែន តែអ៊ុំស្រី ឈិន ចាន់ នៅមានកម្លាំងមាំមួនក្នុងការងារត្បាញនេះមិនចាញ់ស្រ្ដីដទៃដែលមានវ័យក្រោមអ៊ុំនោះទេ។ កាបូបមួយ អ៊ុំស្រី ឈិន ចាន់ ចំណាយពេលធ្វើ៣ថ្ងៃ គឺប្រហាក់ប្រហែលទៅនឹងស្រ្ដីដទៃទៀតដែរ។ ក្នុងមួយខែស្រ្ដីចំណាស់រូបនេះអាចត្បាញបានពី១៥ទៅ១៨កាបូប។ សំដីសំដៅច្រើន លាយនឹងស្នាមញញឹមដ៏ទាក់ទាញ អ៊ុំស្រី ឈិន ចាន់ បន្ថែមថា៖« អ៊ុំធ្វើការនៅឆ្ងាយៗមិនបានទេ ព្រោះចាស់ហើយ បានតែនៅជិតៗផ្ទះអ៊ីចឹងស្រួល អរគុណដល់កន្លែងការងារនេះដែលជួយសម្រាលជីវភាពអ៊ុំបានច្រើន»។


 
នៅក្បែរនោះ គឺអ៊ុំស្រី មិន តឿ ក៏កំពុងញាប់ដៃក្នុងការដុះលាងកំប្លោកស្ងួត និងរៀបចំសម្រាប់ឆ្ពុងផងដែរ។ អ៊ុំស្រីប្រាប់ថា ការងារនេះបានដោះស្រាយជីវភាពមួយផ្នែកធំដល់ស្រ្ដីដែលមានវ័យចំណាស់ៗដែលពុំមានលទ្ធភាពធ្វើការធ្ងន់ ឬនៅឆ្ងាយៗពីផ្ទះ។ មានវ័យ ៥៥ឆ្នាំ ជាស្រ្ដីមេផ្ទះ អ៊ុំស្រី មិន តឿ បានចូលរួមការងារត្បាញកាបូបពីកំប្លោកនេះ និងបានថវិកាសម្រាប់ទិញម្ហូបអាហារ ក៏ដូចជាសម្រាប់ធ្វើបុណ្យទានផ្សេងៗក្នុងផ្លូវសាសនាសម្រាប់ខ្លួនឯងដែលមានវ័យកាន់តែជរាទៅហើយនេះ។ អ៊ុំស្រីមានប្រសាសន៍បន្ថែមថា៖« ការងារនេះពិបាកដែរ ត្រូវទៅកាប់កំប្លោក ហាលទម្រាំបានត្បាញកាបូប គ្រាន់តែវានៅជិតផ្ទះ រាល់ថ្ងៃគ្មានការងារអ្វីធ្វើទេមានរបរនេះឯងសម្រាប់ទិញម្ហូប អង្ករ និងឱ្យកូនចៅទៅរៀន»។ 
 
សិប្បកម្មតម្បាញដោយដៃធ្វើពីកំប្លោក ទទួលបានការគាំទ្រខ្លាំងនាយុគសម័យថ្មីនេះ ពិសេសសម្រាប់ប្រជាជនខ្មែរដែលមានជីវភាពធូរធារ។ សម្ភារដែលផលិតបាន មានទីផ្សារល្អ ហើយវាក៏ជួយបង្កើតរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ អ្នកស្រី សុខ ស្រីម៉ៅ ពន្យល់ថា មុនជំងឺកូវីដផ្ទុះឡើង ទីផ្សារសម្ភារទាំងនេះ គឺមានភាពទូលំទូលាយ និងទទួលបានការគាំទ្រទាំងភ្ញៀវខ្មែរ និងបរទេស។ ម្ចាស់សិប្បកម្មរូបនេះប្រាប់ថា ពីមុនខ្លួនទទួលបានការបញ្ជាទិញច្រើន និងបានដាក់លក់ក្នុងផ្សាររាត្រីនៅកណ្ដាលក្រុងសៀមរាបផងដែរ។ សព្វថ្ងៃនេះ ការលក់មានបរិមាណតិចតួច និងពឹងលើទីផ្សារអនឡាញសម្រាប់ដាក់លក់។ 
 
ដ្បិតថា មានបញ្ហាប្រឈមផ្នែកទីផ្សារយ៉ាងណាក្ដី តែអ្នកស្រី សុខ ស្រីម៉ៅ មិនបានបញ្ឈប់ការងារទាំងស្រុងដល់ក្រុមស្រ្ដីវ័យចំណាស់ប្រមាណជិត២០នាក់ ដែលពឹងផ្អែកលើរបរនេះឡើយ។ អ្នកស្រីប្រាប់ថា បានបែងចែកការងារជាពីរវេនផ្សេងគ្នា ដោយលៃលកយ៉ាងណាឱ្យក្រុមស្រ្ដីទាំងអស់មានចំណូលជាប្រចាំ។ អ្នកស្រីបន្ថែមថា៖« យើងមិនបានជួយគាត់ច្រើន តែយើងបានជួយតាមរយៈឱ្យគាត់មានការងារធ្វើស្រួលនៅជិតផ្ទះ ធម្មតានៅពេលគាត់មានថវិកាចាយវាយខ្លួនឯង គឺសម្រួលផ្នែកការចាយវាយរបស់គាត់ ព្រោះថាពួកគាត់ចាស់ៗនេះមិនពិបាកសុំលុយកូនៗទេ កូនខ្លះគ្នាក៏អត់ ស្រួលគាត់ចាយ ចង់ទិញអ៊ីហូប ឬយកទៅធ្វើបុណ្យទានអ៊ីហ្នឹង គឺស្រួល»៕

Tag:
 សិប្បកម្ម
  កំប្លោក
  អ្នកភូមិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com