ប្រមុខរដ្ឋាភិបាលនិរទេសរបស់ទីបេ ទៅសេតវិមានជាលើកដំបូងក្នុងពេល៦០ឆ្នាំ
អន្តរជាតិ
ប្រមុខរដ្ឋាភិបាលនិរទេសរបស់ទីបេ ទៅសេតវិមានជាលើកដំបូងក្នុងពេល៦០ឆ្នាំ
21, Nov 2020 , 5:29 pm        
រូបភាព
លោក Lobsang Sangay ប្រធានរដ្ឋបាលកណ្ដាលទីបេ។ រូបភាព AFP
លោក Lobsang Sangay ប្រធានរដ្ឋបាលកណ្ដាលទីបេ។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលនិរទេសរបស់ទីបេ លោក Lobsan Sangay បានធ្វើទស្សនកិច្ចនៅសេតវិមាន និងជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការទីបេ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យចិនខឹងសម្បារខ្លាំង ខណៈបញ្ហាទីបេ ស្ថិតក្នុងចំណោមរឿងប្រទាំងប្រទើសជាច្រើនក្នុងទំនាក់ទំនងចិន និងអាមេរិក។

 
លោក Lobsan Sangay ជាប្រធានរដ្ឋបាលកណ្ដាលទីបេ ដែលជារដ្ឋាភិបាលនិរទេសមានទីស្នាក់ការក្នុងទីក្រុងដារាំសាឡា ប្រទេសឥណ្ឌា។ នៅថ្ងៃទី២០ ខែវិច្ឆិកា លោក Sangay ទៅធ្វើទស្សនកិច្ចនៅសេតវិមានតាមការអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលនិរទេសទីបេទៅកាន់សេតវិមាន។
 
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលកណ្ដាលខាងលើ លោក Sangay បានជួបជាមួយលោក Robert Destro អ្នកសម្របសម្រួលពិសេសកិច្ចការទីបេរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបចូលកាន់តំណែងថ្មីៗ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
«ជំនួបមិនដែលមាននេះ នឹងអាចបង្កើតជាផ្លូវមានសុទិដ្ឋិនិយមមួយសម្រាប់ការចូលរួមរបស់រដ្ឋបាលកណ្ដាលទីបេជាមួយមន្រ្តីអាមេរិក ហើយកាន់តែមានលក្ខណៈផ្លូវការសម្រាប់ពេលខាងមុខ។» រដ្ឋាភិបាលនិរទេសទីបេបញ្ជាក់បែបនេះ។
 
ទីបេ ក្លាយជារបៀបវារៈសំខាន់មួយក្នុងរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលជារឿយៗបង្កើតទៅជាការឆ្លើយឆ្លងសម្ដីរវាងវ៉ាស៊ីនតោន និងប៉េកាំងទៀតផង។ រដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ ជាអ្នកនិយាយរឿងទីបេនេះច្រើនជាងគេ ដោយលោកបានរិះគន់ចិនឥតឈប់ឈរលើការធ្វើទុក្ខបុកម្នេញជនជាតិទីបេដូចជាការគាបសង្កត់សិទ្ធិសេរីភាព និងការប្រតិបត្តិសាសនាជាដើម។ ចិនហៅសកម្មភាពបែបនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន៕

Tag:
 ទីបេ
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com