COVID-19
ជាតិ
បុរសខ្មែរម្នាក់វិជ្ជមានកូវីដ-១៩ ពេលធ្វើតេស្តលើកទី៤
× បុរសជនជាតិខ្មែរម្នាក់វ័យ ២៧ឆ្នាំម្នាក់ទៀត មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បុរសរូបនេះត្រូវបានដាក់អ្នកជំងឺសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែវិច្ឆិកានេះ។
តាមក្រសួងសុខាភិបាល បុរសរូបនេះ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ អ្នកដំណើរក្នុងជើងហោះហើរជាមួយបុរសរូបនេះ មានចំនួន៣៩នាក់ ដោយធ្វើតេស្តលើកទី១ រកឃើញបុរសជនជាតិខ្មែរ ២នាក់ មានលទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្នត្រូវសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតបានជាសៈស្បើយហើយ។
ការធ្វើតេស្តលើកទី២ រកឃើញបុរសជនជាតិខ្មែរ ២នាក់មានលទ្ធផលវិជ្ជមាន បច្ចុប្បន្នបានជាសះស្បើយ។ ដោយឡែកអ្នកដំណើរនៅសល់ ៣៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
សូមបញ្ជាក់គិតត្រឹមថ្ងៃទី ២២វិច្ឆិកា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៣០៦នាក់ ក្នុងនោះ ជាសះស្បើយចំនួន ២៩៥នាក់។ តាមក្រសួងសុខាភិបាល មានអ្នកជំងឺ៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម៕
© រក្សាសិទ្ធិដោយ thmeythmey.com