អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ រង​បរាជ័យ​ជាថ្មី ក្រោយ​បណ្ដឹង​ឲ្យ​បោះចោល​សន្លឹកឆ្នោត​នៅ​រដ្ឋ Pennsylvania ត្រូវបដិសេធ​
22, Nov 2020 , 10:59 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព Xinhua
​ការប្រឹងប្រែង​កែប្រែ​លទ្ធផល​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជួប​បរាជ័យ​ជាថ្មី​។ នៅ​រដ្ឋ Pennsylvania ចៅក្រម​អាមេរិក​បាន​ទាត់ចោល​បណ្ដឹង​របស់​ក្រុម​យុទ្ធនាការ​លោក ត្រាំ ឲ្យ​បោះចោល​សន្លឹកឆ្នោត​រាប់លាន​សន្លឹក​ដែល​បោះ​តាម​ប្រៃសណីយ៍​។ សន្លឹកឆ្នោត​នេះ ត្រូវ​ជឿថា ជា​អ្នកគាំទ្រ​លោក ចូ បៃ​ឌិន ។

 
​បន្ទាប់ពី​មិនអាច​ទប់ស្កាត់​ជ័យជម្នះ​លោក ចូ បៃ​ឌិន នៅ​រដ្ឋ Georgia បាន លោក ដូ​ណា​ល់ ត្រាំ ក៏​ជួប​រឿង​ដូចគ្នា​នៅ​រដ្ឋ Pennsylvania ដែលមាន​ប្រតិភូ​២០​នាក់​។ នៅ​រដ្ឋ​ប្រទាញប្រទង់​ដែល​លោក បៃ​ឌិន ឈ្នះ​មួយ​នេះ ក្រុម​យុទ្ធនាការ​របស់លោក ត្រាំ បានដាក់​ពាក្យបណ្ដឹង ឲ្យ​បោះចោល​សន្លឹកឆ្នោត​រាប់លាន​សន្លឹក ដែល​បោះ​តាម​សំបុត្រ​ប្រៃសណីយ៍ ដោយ​ចោទថា មាន​ការលួចបន្លំ​ដ៏​ច្រើន​ដែល​ជួយ​ឲ្យ​លោក បៃ​ឌិន ឈ្នះ​។​
 
​បណ្ដឹង​ដែល​ដឹកមុខ​ដោយ​មេធាវី​ផ្ទាល់ខ្លួន​លោក ត្រាំ គឺ​លោក Rudy Giuliani អះអាងថា ក្នុង​តំបន់​ខ្លះ​នៃ​រដ្ឋ Pennsylvania អ្នកបោះឆ្នោត​ត្រូវបាន​អនុញ្ញាត​ឲ្យ​កែ​កំហុស​លើ​សន្លឹកឆ្នោត​របស់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បណ្ដឹង​ខាងលើ ត្រូវបាន​ចៅក្រម​បដិសេធ​។ លោក​ចៅក្រម Matthew Brann លើកឡើងថា បណ្ដឹង​របស់​ក្រុម​លោក ត្រាំ មិនបាន​បង្ហាញ​ភស្តុតាង​ពី​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​ឡើយ ហើយ​អ្វីដែល​ត្រូវបាន​បង្ហាញ​ឲ្យ​តុលាការ គឺ​ការតវ៉ា​ផ្នែក​ច្បាប់​ដែល​មិន​គ្រប់គ្រាន់ និង​ការចោទប្រកាន់​មិន​ច្បាស់លាស់​។ ចៅក្រម​រូបនេះ​បន្តថា​៖ «​នៅ​អាមេរិក ការណ៍​នេះ មិនអាច​ដកហូត​សិទ្ធិ​អ្នកបោះឆ្នោត​ម្នាក់​ឡើយ កុំ​ថា​ដល់​អ្នកបោះឆ្នោត​ទាំងអស់​ក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​លំដាប់​៦​នោះ​។​»
 
​ការបដិសេធ​បណ្ដឹង​នេះ នឹង​បើកផ្លូវ​ដល់​ការទទួលស្គាល់​ជា​ផ្លូវការ​ជ័យជម្នះ​របស់លោក បៃ​ឌិន ក្នុង​រដ្ឋ​នេះ​។ លោក បៃ​ឌិន ដែលជា​បច្ចុប្បន្ន​ជា​ប្រធានាធិបតី​ជាប់ឆ្នោត មាន​ចំនួន​ប្រតិភូ​៣០៦ ទល់នឹង​លោក ត្រាំ ដែលមាន​ប្រតិភូ​២៣២ ។​
 
​ទោះ​លទ្ធផល​ចេញ​ច្បាស់​ក្ដី លោក ត្រាំ មិនទាន់​ប្រកាស​ចុះចាញ់​នៅឡើយ​ទេ​។ លោក​បន្ត​ប្ដឹង​ប្រឆាំង​លទ្ធផល​នៅ​រដ្ឋ​ខ្លះ​ជាមួយ​ក្ដី​សង្ឃឹមថា អាច​កែប្រែ​លទ្ធផល​វិញ​ដោយ​ផ្ដោតលើ​ការលួចបន្លំ ដែលជា​អំណះអំណាង​គ្មាន​ភស្តុតាង​នោះ​។ លើសពីនេះ លោក ត្រាំ មិន​សហការ និង​ថែមទាំង​រារាំង​ការផ្ទេរអំណាច​ឲ្យ​លោក បៃ​ឌិន តាមរយៈ​ការរារាំង​លោក បៃ​ឌិន ពី​ការទទួល​ព័ត៌មាន​សម្ងាត់​ក្នុងនាម​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ផង​៕ 
 

Tag:
 ​​​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com