ជាតិ
២៥ខេត្ត/រាជធានី
ប្រាសាទព្រៃ​ដើម​ស្រុក ប្រាសាទបុរាណ​ក្នុង​ខេត្តព្រៃវែង​ដែល​រក្សា​ទម្រង់​រូបរាង​ដល់​បច្ចុប្បន្ន​
22, Nov 2020 , 12:44 pm        
រូបភាព
ប្រាសាទព្រៃដើមស្រុក.(រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រៃវែង)
ប្រាសាទព្រៃដើមស្រុក.(រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រៃវែង)
​ប្រាសាទព្រៃ​ដើម​ស្រុក ឬ​ប្រាសាទព្រះធាតុ​រាជ គឺជា​ប្រាសាទបុរាណ​តែមួយគត់ នៅក្នុង​ខេត្តព្រៃវែង ដែល​នៅមាន​រូបរាង មកទល់​បច្ចុប្បន្ន​។ ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល​។ ប្រាសាទបុរាណ​មួយ​នេះ ធ្វើ​ពី​ដីឥដ្ឋ និង​ថ្មភក់ មាន​សភាព​ទ្រុឌទ្រោម និង​មាន​ឬ​ស​ដើម​ជ្រៃ ព័ទ្ធ​តួ​ប្រាសាទ​។ ក្រៅពី​សម្បត្តិ​វប្បធម៌​មួយ​នេះ ខេត្តព្រៃវែង ក៏មាន​សំណង់​បុរាណ​ផ្សេងទៀត​ផងដែរ ដែល​នៅ​សេសសល់​។​

 
​ខេត្តព្រៃវែង នៅមាន​ប្រាសាទបុរាណ​តែមួយគត់ ដែល​នៅមាន​រូបរាង មកដល់​ពេលបច្ចុប្បន្ន នោះ​គឺ​ប្រាសាទព្រៃ​ដើម​ស្រុក ឬ​ប្រាសាទព្រះធាតុ​រាជ​។ នេះ​បើតាម បញ្ជី​ស្ថានីយ​បុរាណ​ប្រទេស​កម្ពុជា របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១០ ។ 
​ប្រាសាទព្រៃ​ដើម​ស្រុក មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រៃវែង​។ នេះ​បើតាម​ប្រាសាទបុរាណ​មួយ​នេះ កសាងឡើង​អំពី​ឥដ្ឋ​បួន​ជ្រុង​កម្ពស់ ៧​ម៉ែត្រ មាន​សណ្ឋាន​ជា​ស្តូប ទំហំ​៥​ម៉ែត្រ កសាងឡើង​ប្រហែល ក្នុង​សតវត្ស​ទី​១៧ ក្នុង​រជ្ជកាល ព្រះបាទ​ជ័យជេដ្ឋា​ទី​៤​។ នេះ​បើតាម​លោក ទឹម ទេព​វង្សា  ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង ប្រាប់​សារពត៌មាន Thmey Thmey 25 ដោយ​លោក​យោងតាម​ការ​ដំណាល​រៀងមក ពី​ចាស់ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ​។​
​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង ប្រាសាទ​នេះ មាន​អ្នក​ស្គាល់​តិចតួច​ណាស់ សូម្បីតែ​ប្រជាជន​នៅក្នុង​ខេត្ត​នេះ​ផ្ទាល់ ក៏​មិនបាន​ដឹងថា​ទីតាំង​នេះ មាន​ប្រាសាទបុរាណ​នេះនោះ​ដែរ ព្រោះតែ​មិនទាន់មាន​ការរៀបចំ ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។ លោក ទឹម ទេព​វង្សា បាន​បន្ត​បញ្ជាក់ទៀតថា​៖ «​កន្លងមក មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះទៅ​មើល​នៅ​ទីតាំង​ភូមិសាស្ត្រ​ផ្ទាល់ ដើម្បី​នឹង​រៀបចំ​នៅ​តំបន់​នេះ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​។ មួយវិញទៀត​តំបន់​ប្រាសាទ​នេះ ជាទី​តាំង​អំណោយផល ដោយ​ព​ទ្ធ័​ជំវិញ​ដោយ​ព្រៃព្រឹក្សា​យ៉ាង​ស្រស់ស្អាត និង​សម្បូរ​ទៅដោយ​ដើមត្នោត ដែល​អាច​ឲ្យ​កសិករ​យើង​ផលិត​ជា​ស្ករត្នោត យ៉ាង​អំណោយផល​ផងដែរ​»​។ 
​តាម​បញ្ជី​ស្ថានីយ​បុរាណ​ប្រទេស​កម្ពុជា របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រៅពី​ប្រាសាទបុរាណ​ដែល​នៅមាន​រូបរាង​ចំនួន​១​នេះ   មាន​សំណង់​គ្រឹះ​ប្រាសាទ​ចំនួន​៩ បាន​បាត់បង់​រូបរាង​ទៅហើយ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​នៅមាន​ទួល​បុរាណ​ចំនួន ១,៣៥៤ និង​ស្រះ​ជាទី​តាំង​យក​ថ្ម ចំនួន​៣ ដែល​នៅមាន​រូបរាង ក្នុង​ខេត្តព្រៃវែង​៕
 
 
 
 
 
 
 

Tag:
 Thmey Thmey 25
  ខេត្តព្រៃវែង​
  ទេសចរណ៍​
  ប្រាសាទព្រៃ​ដើម​ស្រុក​
© រក្សាសិទ្ធិដោយ thmeythmey.com