ជាតិ
បញ្ឈប់ការចោលសំរាមប្លាស្ទិកក្នុងទន្លេសាប ជាសារក្នុងទិវាអនាម័យបរិស្ថាន ដែលប្រារព្ធឡើងនៅសៀមរាប
22, Nov 2020 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រារព្ធទិវាអនាម័យបរិស្ថាន និងបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ទិវានេះ ប្រារព្ធឡើងដើម្បីបំផុសចលនាឲ្យពលរដ្ឋ បញ្ឈប់ការចោលសំរាមក្នុងទន្លេសាប និងរងនូវការបំពុលដោយសំរាមប្លាស្ទិក។


 
ទិវាអនាម័យបរិស្ថានជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែវិច្ឆិកា ក្នុងបំណងជំរុញចលនាប្រជាពលរដ្ឋ និងសាធារណជន ចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីប្រជុំជន ទីសាធារណៈ លំនៅដ្ឋាន និងតាមសហគមន៍នានា ក្នុងការរួមចំណែកឲ្យសង្គមកម្ពុជាមានបរិស្ថានស្អាត និងស្រស់បំព្រង។
 
ការប្រារព្ធទិវាអនាម័យបរិស្ថាន នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺធ្វើឡើងនៅថ្ងៃទី២២វិច្ឆិកា ផ្ដោតសំខាន់ទៅលើផលប៉ះពាល់ នៃប្លាស្ទិកដល់បឹងទន្លេសាប និងផ្សព្វផ្សាយពីការចូលរួមថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក និងការការពារបឹងទន្លេសាបពីផលប៉ះពាល់ដោយសារប្លាស្ទិក។
 
លោក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថាននៅខេត្តសៀមរាបថា បឹងទន្លេសាបកម្ពុជា ត្រូវបានបំពុលដោយថង់ប្លាស្ទិក ហើយប្លាស្ទិកទាំងនោះ បានហូរចាក់ ចូលតាមស្ទឹងនានាផងដែរ។ អ្នកនាំពាក្យ គូសបញ្ជាក់ទៀតថា  ប្លាស្ទិក បានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ អនាម័យ សុខភាព ជីវចម្រុះ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ី។
 
លោកនេត្រ ភក្ត្រា បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការដុតសំរាម និងឈប់បោះចោលសំណល់ជាពិសេសសំណល់ប្លាស្ទិក ចូលទៅក្នុងបឹងទន្លេសាប។ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំដុតសំណល់សំរាម និងកុំបោះចោលសំណល់ផ្តេសផ្តាស ជាពិសេសសំណល់ប្លាស្ទិក ចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបល្អប្រសើរ ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាបត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិក ដែលកើតពីការរលាយសារធាតុប្លាស្ទិកក្នុងទឹក ហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប» ។
 
ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥ភាគរយជាសំណល់សរីរាង្គប្រមាណ ២០ភាគរយ ជាសំណល់ប្លាស្ទិក សល់ពីនោះជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់ មានត្រឹមតែ ៥១ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាមខណៈសំរាមប្រមាណ៤៩ភាគរយទៀត ត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។ នេះបើតាមលោក នេត្រ ភក្ត្រា៕


លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន នៅក្នុងឱកាសប្រារព្ធទិវាអនាម័យ បរិស្ថាន នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០។  
 




Tag:
 នេត្រ ភក្ត្រា
  ប្លាស្ទិក
  ទិវាអនាម័យបរិស្ថាន
  សៀមរាប
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com