អន្តរជាតិ
វិបត្តិរ៉ូហ៊ីងយ៉ា៖ មីយ៉ាន់ម៉ា ចោទរបាយការណ៍របស់ UN ថាដូចបញ្ឆេះភ្លើងជម្លោះឲ្យកាន់តែខ្លាំង
22, Nov 2020 , 8:29 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលក្រុងណៃពិដោ បានបង្ហាញការមិនអស់ចិត្តទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីវិបត្តិរ៉ូហ៊ីងយ៉ា ដែលសេចក្តីព្រាងនោះ ទម្លាក់ការទទួលខុសត្រូវទាំងអស់ទៅលើកងកម្លាំងស្របច្បាប់ និងរដ្ឋាភិបាល។ សម្រាប់ក្រុងណៃពិដោ ការធ្វើសេចក្តីសម្រេចរបៀបនេះ មិនបានជួយឲ្យបញ្ហាធូរស្បើយនោះទេ តែមានតែកាន់តែស្មុគស្មាញទៅវិញនោះទេ។


 
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិថ្ងៃ២០ ខែវិច្ឆិកា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានថ្កោលទោសយ៉ាងខ្លាំងទៅសេចក្តីព្រាងសេចក្តីសម្រេចអង្គការសហប្រជាជាតិ ដែលធ្វើដោយក្រុមប្រទេសឥស្លាម និងសហភាពអឺរ៉ុបស្តីពីស្ថានភាពនៅក្នុងរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy ។
 
តាមប្រភពព័ត៌មានដដែល ក្នុងសេចក្តីព្រាងនោះ មហាសន្និបាតបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលប្រព្រឹត្តដោយយោធា និងកងកម្លាំងសន្តិសុខ ក៏ដូចជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ នៅមីយ៉ាន់ម៉ា ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចមួយចំនួនផ្សេងទៀត។ 
 
សេចក្តីព្រាងដដែលនោះ បាននិយាយដោយចំហស្តីពីការរំលោភបំពាននៅមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការចាប់ខ្លួនយ៉ាងយង់ឃ្នង ការធ្វើទារុណកម្ម ការប្រើប្រាស់កុមារក្នុងពលកម្មដោយបង្ខំ ការរើសអើងជនស៊ីវិលតាមតំបន់ និងការដុតកម្ទេច និងបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងជាង ៨៦០ ០០០ នាក់ទៅកាន់បង់ក្លាដែស។
 
យ៉ាងណាក៏ដោយ ក្រៅពីមិនអាចទទួលយកការលើកឡើងនេះ តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកសេចក្តីព្រាងនេះ ថាបានបង្ហាញពីភាពបរាជ័យមួយក្នុងការគោរពសិទ្ធិអធិបតេយ្យ និងភាពស្មើភាពរបស់រដ្ឋ ហើយជាការអនុវត្តស្តង់ដារពីរជាន់ផងដែរ។ លោក ចោទប្រកាន់ថា សេចក្តីសម្រេចរបៀបនេះ មានចរិកលក្ខណៈនយោបាយ ស្តាប់តែម្ខាង និងមិនឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ាក្នុងការដោះស្រាយបញ្ហា។
 
លោក សង្កត់ធ្ងន់ថា សេចក្តីសម្រេចនេះ នឹងក្លាយជាផ្នែកមួយក្នុងការជំរុញឲ្យក្រុមប្រដាប់អាវុធបន្តវាយប្រហាររដ្ឋាភិបាល ដែលប្រៀបប្រដូចនឹងការបញ្ឆេះរងើកភ្លើងនៃជម្លោះឲ្យកាន់តែឆាបឆេះយ៉ាងដូច្នេះឯង៕

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com