ជាតិ
សិប្បកម្មរបស់លោក ស៊ុំ វាសនា នៅសៀមរាប កែច្នៃសម្ភារប្រើប្រាស់ពីត្នោត
22, Nov 2020 , 8:59 pm        
រូបភាព
លោក ស៊ុំ វាសនា កែច្នៃសម្ភារប្រើប្រាស់ពីត្នោត ដើម្បីថែអត្តសញ្ញាណ និងចង់អភិវឌ្ឍស្នាដៃកូនខ្មែរ
លោក ស៊ុំ វាសនា កែច្នៃសម្ភារប្រើប្រាស់ពីត្នោត ដើម្បីថែអត្តសញ្ញាណ និងចង់អភិវឌ្ឍស្នាដៃកូនខ្មែរ
ភ្នំពេញ៖ លោក ស៊ុំ វាសនា ជាម្ចាស់សិប្បកម្មកែច្នៃសម្ភារប្រើប្រាស់ពីដើមត្នោតមួយកន្លែង នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលអះអាងថា ចង់អភិវឌ្ឍស្នាដៃរបស់កូនខ្មែរ។
បុរសវ័យ២៦ឆ្នាំរូបនេះ បង្កើតសិប្បកម្មនេះ រយៈពេល២ឆ្នាំមកហើយ ដែលទទួលបានការគាំទ្រពីអតិថិជននៅតាមបណ្ដាខេត្តនានា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក ស៊ុំ វាសនា បញ្ជាក់បែបនេះ៖«ខ្ញុំស្នងការងារនេះ ពីជីតាដែលបានបន្សល់ទុកឲ្យ ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំចង់អភិវឌ្ឍស្នាដៃកូនខ្មែរមួយនេះ»។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក ស៊ុំ វាសនា ដូចតទៅ៖ 

 
 
សិប្បកម្មកែច្នៃសម្ភារប្រើប្រាស់ធ្វើអំពីត្នោត ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះបាយដូចជា កែវ ចាន ស្លាបព្រា ចង្កឹះ និងសម្ភារជាច្រើនទៀត។ ក្រោយដំណើរការអស់រយៈពេល ២ឆ្នាំ លោក ស៊ុំ វាសនា អះអាងថា អាចរកចំណូលបាន ១ពាន់ដុល្លារក្នុង១ខែ ដែលទទួលបានគាំទ្រ និងបញ្ជាទិញពីគ្រប់២៥ខេត្តក្រុង។ 
 
លោក ស៊ុំ វាសនា ម្ចាស់សិប្បកម្មធ្វើអំពីត្នោតបានប្រាប់សារព័ត៌មាន ThmeyThmey25 ឲ្យដឹងថា៖«ខ្ញុំស្នងការងារនេះពីជីតាដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំចង់អភិវឌ្ឍន៍ស្នាដៃកូនខ្មែរ»។ បើតាមលោក ស៊ុំ វាសនា ត្នោតដែលសិប្បកម្មរបស់លោកយកមកកែច្នៃនេះ ជាត្នោតដែលគេលែងប្រើប្រាស់ដូចជា ត្នោតដែលទើសខ្សែភ្លើង ដួលរលំចោល និងត្នោតដែលមានអាយុកាលចាស់។ 
 
ម្ចាស់សិប្បកម្មកែច្នៃត្នោតរូបនេះ សំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរ និងផលិតផលនីមួយៗរបស់ខ្មែរ។ លោក ស៊ុំ វាសនា បានឲ្យដឹងថា ការធ្វើឧបករណ៍នីមួយៗ ត្រូវចំណាយពេល ២ម៉ោង ទៅ ៣ម៉ោង ដោយគ្រប់ឧបករណ៍ទាំងអស់គឺធើ្វអំពីដៃ និងមានច្រើនដំណាក់កាលផងដែរ៕ 
 






Tag:
 សិប្បកម្មខ្មែរ
  សិប្បកម្មធ្វើអំពីត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com