COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី៖ RCEP ជាក្តីសង្ឃឹមថ្មីសម្រាប់តំបន់ និងសកល ក្រោយ Covid-19 សាបរលាប
22, Nov 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានហៅកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ជាក្តីសង្ឃឹមថ្មីសម្រាប់សេដ្ឋកិច្ចតំបន់ និងពិភពលោក នៅពេលដែលវិបត្តិរាតត្បាត ត្រូវបានបញ្ចប់។ ស្របពេលដែលមហាអំណាចបន្តប្រជែងគ្នា ឥណ្ឌូណេស៊ី ក៏ចង់ឃើញប្រទេសលោកទីបី បុរេសកម្មដើម្បីជួយរក្សាស្ថិរភាព និង   បន្ធូរបន្ថយការខ្វែងគ្នានោះឲ្យនៅសល់ក្នុងកម្រិតតិចតួចបំផុត។

 
តាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃ២០ ខែវិច្ឆិកា លោកស្រីរដ្ឋមន្ត្រីការបរទេស Retno Marsudi បានលើកឡើងថា ការចុះហត្ថលេខាលើ RCEP បន្ទាប់ពីការចរចាយ៉ាងលំបាកអស់រយៈពេលជាងប្រាំបីឆ្នាំមកនេះ គឺជាគំរូមួយដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ ហើយក៏ជាក្តីសង្ឃឹមថ្មីពោរពេញសុទិដ្ឋិនិយមសម្រាប់ការស្តាសេដ្ឋកិច្ចក្នុងតំបន់ និងលើសពីនេះ ក្រោយវិបត្តិ Covid-19 បញ្ចប់។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe លោកស្រីរដ្ឋមន្ត្រី នៅតែមានទស្សនៈវិជ្ជមានថា ពិភពលោកដែលមានការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការច្រើនជាងការប្រកួតប្រជែង នៅតែអាចទៅរួច។ ហើយការណ៍ដែលអាចទៅរួចនោះ សម្រាប់លោកស្រី អះអាងថា រហូតទាល់តែមានភាពជាអ្នកដឹកនាំសកល, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ, ការគោរពច្បាប់អន្តរជាតិ និងការយោគយល់គ្នា។
 
ជាមួយគ្នានេះ ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ ក៏បានផ្ញើសារជាប្រយោលទៅកាន់មិត្តអាស៊ាន ក្នុងការបន្តការប្តេជ្ញាចិត្តរក្សាជំហរអព្យាក្រឹតមិនប្រកាន់ភាគីណាមួយដាច់ខាត ខណៈលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូ។ លោកស្រី ក៏សង្ឃឹមផងដែរថា ប្រទេសអាស៊ាននឹងបន្តផ្សព្វផ្សាយវប្បធម៌កិច្ចសហប្រតិបត្តិការ និងការសន្ទនា។ 
 
គួររម្លឹកបន្តិចថា នៅថ្ងៃ១៥ វិច្ឆិកាកន្លងទៅអាស៊ាន និងដៃគូប្រាំប្រទេសរួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ បានចុះហត្ថលេខាជាប្រវត្តិសាស្ត្រលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលជាប្រភេទពាណិជ្ជកម្មសេរី និងសមាហរណកម្មសេដ្ឋកិច្ចដ៏ធំមួយក្នុងតំបន់ និងពិភពលោក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com