ជាតិ
ស្ពៃនិងបន្លែស្លឹកក្នុងផ្ទះសំណាញ់ បង្កើនចំណូលដល់គ្រួសារលោក សំឃិត នៅស្ទឹងត្រែង
22, Nov 2020 , 10:29 pm        
រូបភាព
ផ្ទះសំណាញ់របស់កសិករ អ៊ូ សំឃិត
ផ្ទះសំណាញ់របស់កសិករ អ៊ូ សំឃិត
ដោយ:
លោក អ៊ូ សំឃិត ជាកសិករដាំបន្លែនៅក្នុងខេត្តស្ទឹងត្រែង និងជាសមាជិកនៃគម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងអាកាសធាតុ (អាស៉្បាយ)។ កសិកររូបនេះ បានចាប់ផ្ដើមដាំបន្លែស្លឹកដូចជា ស្ពៃ,សាលាដ៍ និងស្លឹកខ្ទឹម ក្នុងផ្ទះសំណាញ់នៅអំឡុងឆ្នាំ២០១៩ និងអាចរកចំណូល ១លានរៀលក្នុងមួយលើកពីមុខរបរនេះ។ នេះបើតាមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

 
រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កសិករ អ៊ូ សំឃិត ជាអ្នកដាំបន្លែក្នុងផ្ទះសំណាញ់។ បន្លែដែលដាំក្នុងផ្ទះសំណាញ់នេះ អាចលក់បានតម្លៃ ៣៥០០រៀលក្នុងមួយគីឡូក្រាម ដោយក្នុងមួយលើកទិន្នផលបន្លែប្រភេទស្ពៃ កសិករ អ៊ូ សំឃិត ទទួលបានប្រមាណ ១៥០-២០០គីឡូ គិតជាទឹកប្រាក់ ៧០ម៉ឺនរៀល។ បើតាមកសិកររូបនេះ ជាមធ្យមប្រាក់ចំណូលទទួលបានបូករួមទាំងបន្លែផ្សេងដូចជា សាលាដ៍ និងស្លឹកខ្ទឹមនោះមានចំនួន ១លានរៀលក្នុងការប្រមូលផលមួយលើក។ 
 
ដ្បិតថាកសិករ សំឃិត អាចទទួលបានចំណូលគួរសមពីគម្រោងផ្ទះសំណាញ់នេះពិតមែន ប៉ុន្តែលោកមិនទាន់រៀបចំផ្ទះសំណាញ់មានលក្ខណៈត្រឹមត្រូវនៅឡើយទេ ដោយមិនទាន់មានប្រភពទឹកត្រឹមត្រូវនៅឡើយ។ តាមរយៈការខិតខំប្រឹងប្រែងដាំដុះរបស់កសិករ អ៊ូ សំឃិន បានធ្វើឲ្យមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្មខេត្ត បានផ្តល់ការណែនាំបន្ថែមឲ្យគាត់រៀបចំដី ដាក់ជី ប្រើប្រាស់ប្រព័ន្ធទុយោទឹកឲ្យបានត្រឹមត្រូវ និងសិក្សាការដាំដំណាំដែលមានតម្រូវការទីផ្សារ និងតម្លៃបានខ្ពស់៕
 



ផ្ទះសំណាញ់របស់កសិករ រូបភាពពីហ្វេសប៊ុកអាស្ប៉ាយ


Tag:
 ដាំបន្លែ
 ផ្ទះសំណាញ់
© រក្សាសិទ្ធិដោយ thmeythmey.com