COVID-19
អន្តរជាតិ
កិច្ចព្រមព្រៀង RCEP ទៅមុខ ខណៈក្រមប្រតិបត្តិ COC មិនសូវវិវត្តដោយសារវិបត្តិ COVID-19
23, Nov 2020 , 8:29 am        
រូបភាព
ដោយ:
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលមានវៀតណាមជាប្រធាន និងទើបតែបញ្ចប់កាលពីសប្តាហ៍មុននេះ បានបន្សល់នូវសមិទ្ធផលសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រមួយសម្រាប់តំបន់ និងពិភពលោក។ នោះគឺ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាផ្លូវការ (RCEP)។ ប៉ុន្តែសម្រាប់បញ្ហាសន្តិសុខ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន នៅមិនទាន់មានការវិត្តខ្លាំងក្លាប៉ុន្មាននោះទេក្នុងនីតិវិធីកសាងក្របខណ្ឌផ្នែកច្បាប់ដែលសំដៅលើការចរចាក្រមប្រតិបត្តិនោះ។

 
បើត្រលប់ទៅចុងឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលមានសិង្ហបុរីជាប្រធានពេលនោះ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានស្នើដល់ភាគីពាក់ព័ន្ធក្នុងការបញ្ចប់ការចរចាស្តីក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងក្នុងរយៈពេលបីឆ្នាំ។ ក៏ប៉ុន្តែដោយសារតែវិបត្តិ Covid-19 បានផ្ទុះឡើងក្នុងឆ្នាំនេះ បានធ្វើឲ្យនីតិវិធីចរចា មិនអាចសម្រេចបានតាមគោលដៅ ដ្បិតចំនួបចរចានេះ ទាមទារធ្វើឡើងតាមរយៈដោយផ្ទាល់។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post នៅថ្ងៃ២០ វិច្ឆិកា កន្លងទៅ មានអ្នកការទូតជាច្រើនរូបក្នុងតំបន់ បានបង្ហាញក្តីបារម្ភពីបញ្ហាសន្តិសុខ ដែលអាចកើតចេញឡើងតាមរយៈការអនុវត្តការទូតតាមប្រព័ន្ធវីដេអូពីចម្ងាយ។ ក្នុងនោះក៏រាប់បញ្ចូលអ្នកការទូតឥណ្ឌូណេស៊ីផងដែរ ដែលយល់ឃើញថា ការចរចាលើសេចក្តីព្រាងក្រមប្រតិបត្តិតាមរបៀបអនឡាញនេះ មានផលលំបាកច្រើន។
 
តាមប្រភពព័ត៌មានដដែល អគ្គរដ្ឋទូតចិនប្រចាំអាស៊ាន Deng Xijun បានទទួលស្គាល់ថា ក្នុងឆ្នាំ២០២០ ភាគីពាក់ព័ន្ធមិនបានមានការពិគ្រោះយោបល់ពាក់ព័ន្ធនឹងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឡើយ ទោះបីមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក៏ដោយ។ តែយ៉ាងណាអ្នកការទូតរូបនេះ  អះអាងថា គ្រប់ភាគីទាំងអស់ បង្ហាញឆន្ទៈបញ្ចប់ និងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសងពេលវេលាដែលបាត់បង់កន្លងទៅផង។ 
 
គួរជម្រាបបន្តិចថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឬហៅកាត់ថា CoC គឺជាយន្តការដោះស្រាយវិវាទមួយរបស់អាស៊ាន និងចិន ដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង ឬហៅកាត់ DoC ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០០២មកម្ល៉េះ។ អាស៊ាន និងចិន បានចាប់ផ្តើមការចរចាលើក្រមប្រតិបត្តិនេះជាផ្លូវការនៅឆ្នាំ២០១៨៕ 

Tag:
 RCEP
  COC
© រក្សាសិទ្ធិដោយ thmeythmey.com