ជាតិ
លង់នឹងសម្រស់ឆ្នេរកែប បុរសវ័យ៧០ឆ្នាំនៅតែបន្តអាជីពថតរូបនៅតំបន់ឆ្នេរមួយនេះ
23, Nov 2020 , 8:59 am        
រូបភាព
ដោយ:
កែប៖ «ជាងថតរូបសម្រស់ឆ្នេរកែប» គឺជារហស្សនាមរបស់លោកតា វ័យ៧០ឆ្នាំម្នាក់ ដែលបម្រើសេវាកម្មថតរូបភ្ញៀវទេសចរ ២០ឆ្នាំមកហើយ។ ទោះបីវ័យកាន់តែជរាក្តី តែលោកតា មិនព្រមបោះបង់អាជីពថតរូបនេះទេ ដោយសារក្តីស្រឡាញ់ជ្រាលជ្រៅលើវិស័យថតរូប និងសម្រស់ធម្មជាតិឆ្នេរកែប។


 
កំពុងដើរស្ពាយកាតាបពីក្រោយ ជាមួយកាំមេរ៉ាស្ពាយនៅក  នៅលើឆ្នេរកែបក្រោមកម្ដៅថ្ងៃក្ដៅយ៉ាងខ្លាំងនាម៉ោងជាង ២រសៀល លោកតាជាងថតរូបសម្រស់ឆ្នេរកែប កំពុងស្វែងរកភ្ញៀវដែលត្រូវការជាងថត។ លោកតាវ័យ៧០ ដែលមានរហស្សនាម«ជាងថតរូបសម្រស់ឆ្នេរកែប»រូបនេះ បានប្រកបការងារជាអ្នកដើរថតរូបនៅឆ្នេរខ្សាច់នេះ អស់រយៈពេល២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០០មក ។
 
«ខ្ញុំមានអាជីពជាជាងថតរូប ហើយធ្លាប់បើកហាងថតរូបមួយកន្លែងនៅភ្នំពេញ។ ដល់ពេលមកនៅកែប ខ្ញុំចេះជំនាញនេះ ក៏ធ្វើទៀតទៅ»។ នេះបើតាមជាងថតរូបសម្រស់ឆ្នេរកែប ដោយលោកចង់ឲ្យគេស្គាល់ឈ្មោះនេះជាងឈ្មោះកំណើតរបស់ខ្លួន។
 
គ្រាផ្ដើមអាជីពថតរូប នៅឆ្នេរកែប អំឡុងឆ្នាំ២០០០នោះ លោកតា សឹងតែគ្មានពេលសម្រាកឡើយ ដោយសារកាលនោះ ខ្វះអ្នកជំនាញថតរូប និងបច្ចេកវិទ្យាមិនទាន់សម័យដូចពេលបច្ចុប្បន្ន។ ប៉ុន្តែក្នុងសម័យឌីជីថលនេះវិញ លោកតា ស្ទើរខ្សត់ចំណូលហើយ ព្រោះតែពលរដ្ឋគ្រប់រូប សុទ្ធតែមានទូរសព្ទទំនើបក្នុងដៃ ដែលអាចផ្ដិតរូបភាពស្អាតៗដោយខ្លួនឯងបាន។ មិនតែប៉ុណ្ណោះ ការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ធ្វើឲ្យភ្ញៀវទេសចរទៅឆ្នេរកែបមានការថយចុះ ដែលប៉ះពាល់ដល់ចំណូលលោកតាផង។


លោកតា មានរហ័សនាម អ្នកថតរូបសម្រស់ឆ្នេរកែប
 
ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 ទាំងសម្លេងញ័រៗ ខណៈកាន់កាំមេរ៉ានៅក្នុងដៃផងនោះ បុរសចំណាស់រូបនេះ បានបញ្ជាក់ថា ៖« កាលពីមុនការប្រកបរបរថតរូប ថតមិនដែលទំនេរទេ ថតមួយថ្ងៃៗ ស្ទើរយកលុយច្រកបាវ ហើយកាលនោះមួយសន្លឹកតែ ១៥០០រៀលប៉ុណ្ណោះ ។(បច្ចុប្បន្ន)សន្ទុះនៃការថតរូប(របស់ជាងថត)ធ្លាក់ចុះច្រើនណាស់។ កាលមុនខ្ញុំថតមិនដែលទំនេរទេ អ្នកខ្លះថត ៥ថ្ងៃចាំយករូបក៏ព្រមដែរឲ្យតែមានរូបថត តែឥឡូវអត់ទេ ព្រោះមានទូរស័ព្ទច្រើនពេក »។
 
ដ្បិតធ្លាក់ចុះចំណូល គួបផ្សំនឹងវ័យកាន់តែចាស់ផងនោះ ជាងថតរូបសម្រស់ឆ្នេរកែបរូបនេះ មិនទាន់មានបំណងបោះបង់អាជីពនេះឡើយ ដោយសារក្តីស្រលាញ់ជ្រាលជ្រៅលើវិស័យថតរូប និងសម្រស់ធម្មជាតិឆ្នេរកែប។ « ខ្ញុំស្រលាញ់ការថតរូបណាស់ ព្រោះអាជីពនេះវាស្រាល ប៉ុន្តែពោរពេញដោយបច្ចេកទេស បើគ្មានបច្ចេកទេសគឺថតមិនស្អាតទេ ទោះបីធ្លាប់មានគេហៅឲ្យទៅធ្វើជាមគ្គទេសក៏ទេសចរណ៍ក៏ខ្ញុំមិនទៅដែរ »។ នេះជាការអះអាងរបស់ជាងថតរូប វ័យ៧០ឆ្នាំ។
 
តាមពិតទៅលោកតា ដែលមានរហស្សនាម «ជាងថតរូបសម្រស់ឆ្នេរកែប»នេះ មិនមែនជាអ្នកមានដើមកំណើតក្នុងខេត្តកែបនោះទេ។ លោកតាបានចាកចេញពីស្រុកកំណើត នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ដោយមកប្រកបអាជីពដើរថតរូបនៅឆ្នេរកែបនេះ ។ ជីវិត២០ឆ្នាំ នៅក្នុងខេត្តកែបនេះ បានធ្វើឲ្យលោកតា មិនចង់ត្រឡប់ទៅរស់នៅភ្នំពេញ ឬខេត្តដ៏ទៃផ្សេងឡើយ ព្រោះលោកតាបានដក់ចិត្តជាមួយសម្រស់ខេត្តកែប និងរស់នៅទីនោះលុះជីវិតចុងក្រោយ៕ 
 

សកម្មភាពលោកតាកំពុងថតរូបឲ្យភ្ញៀវទេសចរនៅឆ្នេរកែប


សកម្មភាពលោកតាកំពុងថតរូបឲ្យភ្ញៀវទេសចរនៅឆ្នេរកែប



Tag:
 អ្នកថតរូបសម្រស់ឆ្នេរកែប
  ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com