អន្តរជាតិ
លោក Patrick Quinn អ្នកចូលរួមផ្តួចផ្តើមឲ្យមានល្បែងចាក់ទឹកកក ស្លាប់ក្នុងអាយុ៣៧ឆ្នាំ
23, Nov 2020 , 10:05 am        
រូបភាព
ដោយ: រួបរួម
លោក Patrick Quinn ដែលបានចូលរួមផ្តើមបង្កើតឲ្យមានល្បែងចាក់ទឹកកកស្រោចលើក្បាល (Ice Bucket Challenge) បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ កាលពីថ្ងៃអាទិត្យ នារយៈពេល៧ឆ្នាំ ក្រោយពិនិត្យឃើញថា លោកមានជំងឺប្រព័ន្ធប្រសាទ ALS (Amyotrophic Lateral Sclerosis)។ កាលពីឆ្នាំ២០១៤ លោក Quinn រួមជាមួយលោក Pete Frates បានរួមគ្នាបង្កើតល្បែងនេះ ដើម្បីរកមូលនិធិជួយដល់ការស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីទប់ស្កាត់ ALS។  លោក Frates ដែលជាស្ថាបនិកដំបូង បានស្លាប់កាលពីឆ្នាំមុនក្នុងអាយុ៣៤ឆ្នាំ នារយៈពេល៧ឆ្នាំ ក្រោយកើត ALS។



ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៤ ល្បែងចាក់ទឹកកក មានការពេញនិយមពេញពិភពលោក ដោយមានការចូលរួមពីមហាសេដ្ឋី ថ្នាក់ដឹកនាំកំពូលៗ និងសាធារណជនជាច្រើន។

លោក Quinn កើត និងចម្រើនវ័យនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួមជាមួយលោក Frates ដែលជាអតីតកីឡាករបេស្បលនៃក្រុម Boston College បង្កើតកម្មវិធី Ice Bucket Challenge ហើយរៃអង្គាសថវិកាបានជាង២២០លានដុល្លារអាមេរិកដល់សមាគម ALS Association សម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ។
វីរបុរសទាំងពីរ ទទួលបានពានរង្វាន់ជាច្រើន ដែលក្នុងនោះ ពួកគាត់ជាប់ជា «Person of the Year» ដ៏មានកិត្យានុភាពរបស់ទស្សនាវដ្តី Time ផងដែរ។

មរណភាពរបស់លោក Frates ហើយបន្ទាប់មកលោក Quinn នាំមានការសោកស្តាយជាច្រើនពីសំណាក់អ្នកគាំទ្រ ដោយពួកគាត់ចាត់ទុកអ្នកទាំងពីរ ជានិមិត្តរួមនៃសេចក្តីក្លាហាន បើទោះបីជាខ្លួនស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ៕

Tag:
 ICE Bucket Challenge
© រក្សាសិទ្ធិដោយ thmeythmey.com