កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool ឡើងទៅ​លេខ​២ និង​រក្សា​ការ​ឈ្នះ​១០០%​នៅ Anfield រដូវ​កាល​នេះ​
23, Nov 2020 , 11:04 am        
រូបភាព
​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool នៅតែ​រក្សា​ភាពមិន​ចាញ់​ក្នុង​ដី​ទាំង​៥​ប្រកួត​រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ Leicester City ៣-០ នៅ Anfield ក្នុងការ​ប្រកួត Premier League នៅ​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា​។​


Liverpool នៅតែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បើ​ទោះ​កីឡាករ​សំខាន់ៗ​មួយចំនួន​មាន​បញ្ហា​របួស និង​ឆ្លង COVID-19 ក៏ដោយ​។ ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៩ ក្រុម​រហស្សនាម​ហង្ស​ក្រហម​បាន​បើក​ការ​នាំមុខ Leicester មុន​នៅ​នាទី​២១ ដោយសារ Jonny Evans ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​។​
 
​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Diogo Jota ដែល​លោក Juergen Klopp ដាក់ជំនួស​កន្លែង Mohamad Salah ដែល​កំពុក​នៅ​ដាច់ដោយឡែក​ដោយសា​រឆ្ល​ង COVID-19 ជា​អ្នកសម្រេច​ទី​គ្រាប់​ទី​២​នៅ​នាទី​៤១​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៨៦ ដើម្បី​ជួយ Liverpool ឈ្នះ Leicester ៣-០​។​
 
​ជ័យជម្នះ​នេះ មិន​ត្រឹម​នាំ​ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល​មុន រក្សា​ការ​ឈ្នះ​១០០​ភាគរយ​ក្នុង​ដី​រដូវ​កាល​នេះ​ទេ ថែមទាំង​ជួយ​ក្រុម​ឡើងទៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង Premier League ដោយមាន​២០​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Tottenham Hotspur ក្រោយ​ការប្រកួត​៩​លើក​ដូចគ្នា​។​
 
Spurs តាមរយៈ​ការដឹកនាំ​របស់លោក Jose Mourinho ក៏បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ចាប់អារម្មណ៍​ផងដែរ​រដូវ​កាល​នេះ ដោយ​ឡើងទៅ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ឈ្នះ Manchester City ២-០ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​។ មាន់​ខ្នាយ​មាស លទ្ធផល​ប្រកួត​៩​លើក​ឈ្នះ​៦ ស្មើ​១ និង​ចាញ់​ពីរលើក​ដូច Liverpool ដែរ តែមាន​សំណល់​គ្រាប់​បាល់​ល្អ​ជាង​។​
 
​ក្រុម​មេឃ​ខៀវ បាន​ធ្លាក់​ទម្រង់​លេខ​យ៉ាងខ្លាំង​រដូវ​កាល ២០២-០២១​នេះ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៣ មាន​១២​ពិន្ទុ​ពី​ការប្រកួត​៨​លើក ក្នុងនោះ​ឈ្នះ​៣ ចាញ់​៣ និង​ស្មើ​២​លើក​។​
 
Chelsea ដែល​យកឈ្នះ Newcastle United ២-០ នៅ​លេខ​រៀង​ទី​៣ ដោយ​រកបាន​១៨​ពិន្ទុ ស្មើគ្នា​ជាមួយ Leicester ដែល​នៅ​លេខ​៤​។ Everton រកបាន​១៦​ពិន្ទុ ក្រោយ​ឈ្នះ Fulham ៣-២ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​។​
 
Manchester United បាន​រំកិល​ខ្លួន​ទៅកាន់​ចំណាត់ថ្នាក់​ទី​១០ បន្ទាប់ពី​ឈ្នះ West Bromwich Albion ​​ដោយ​រកបាន​១៣​ពិន្ទុ​ពី​ការប្រកួត​៨​លើក​។ Arsenal នៅ​លេខ​រៀង​ទី​១១​បន្ទាប់ពី Man Utd ក្រោយ​ប្រកួត​បាន​ត្រឹម​ស្មើ ០-០ ទល់នឹង Leeds United នៅ​ជំនួប​ទី​៩​របស់​ពួកគេ​។​
 
​ក្រុម​បាត​តារាង​ទាំង​៣​មាន West Bromwich, Burnley ដែល​ទើប​ប្រកួត​៧​លើក និង Sheffield United​ ​៕
 

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com