លោក បៃ​ឌិន នឹង​ប្រកាស​សមាជិក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្ងៃស្អែក
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន នឹង​ប្រកាស​សមាជិក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្ងៃស្អែក
23, Nov 2020 , 11:56 am        
រូបភាព
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន (ស្ដាំ) និងលោក Antony Blinken ដែលរំពឹងជាបេក្ខជនឈានមុខក្នុងតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ។ រូបភាព៖​ AFP
ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក ចូ បៃឌិន (ស្ដាំ) និងលោក Antony Blinken ដែលរំពឹងជាបេក្ខជនឈានមុខក្នុងតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ។ រូបភាព៖​ AFP
​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បៃ​ឌិន នឹង​ប្រកាស​ឈ្មោះ​សមាជិក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​លោក នា​ថ្ងៃ​អង្គារ ទី​២៤ ខែវិច្ឆិកា ។ នេះ​បើតាម​ការបញ្ជាក់​របស់​អនាគត​ប្រធាន​បុគ្គលិក​សេត​វិមាន​អាមេរិក លោក Ron Klain ។ ទោះ​មិនបាន​បញ្ជាក់​លម្អិត ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន អះអាងថា សមាជិក​ដំបូង​នេះ ទំនងជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ឬ​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​។

 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក ABC News នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា លោក Klain បញ្ជាក់ថា ជម្រើស​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋ​បាល​លោក ចូ បៃ​ឌិន នឹង​ប្រកា​សនា​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។ ក៏ប៉ុន្តែ លោក​ពុំបាន​បញ្ជាក់​លម្អិត​ពាក់​ព័ន្ធ​នឹង​ឈ្មោះ​បេក្ខជន ឬ​ឈ្មោះ​ក្រសួង​ណា​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ឲ្យ​គ្រប់គ្នា​រង់ចាំ ដើម្បី​លោក បៃ​ឌិន ប្រកាស​ផ្ទាល់មាត់​ខ្លួនឯង​។ 
 
​ទោះជា​បែបនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អាមេរិក​មួយចំនួន ដូចជា AP និង The New York Times ជាដើម បាន​អះអាងថា លោក បៃ​ឌិន អាច​ប្រកាស​ឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស ឬ​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​។ 
 
​តួយ៉ាង លោក បៃ​ឌិន បានបញ្ជាក់​កាលពី​សប្ដាហ៍​មុន​ថា លោក​រើស​បាន​មនុស្ស​សម្រាប់​តំណែង​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក ខណៈ​កាសែត The New York Times នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ចុះផ្សាយ​ថា លោក Antony Blinken ដែលជា​ទីប្រឹក្សា​គោលនយោបាយ​ជាន់ខ្ពស់​ម្នាក់​របស់លោក បៃ​ឌិន រំពឹង​ក្លាយជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋមន្ត្រីការបរទេស​។ 
 
​លោក Blinken អាយុ ៥៨​ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក​ធ្លាប់​បម្រើការ​ឲ្យ​លោក បៃ​ឌិន ជិត​២០​ឆ្នាំ ក្នុងនាម​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​លោក​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក ហើយ​ចុងក្រោយ ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក បៃ​ឌិន ក្នុង​អាណត្តិ​លោក​ជា​អនុ​ប្រធានាធិបតី​។ 
 
​អនាគត​ប្រធានាធិបតី​អាមេរិក​ទី​៤៦ ចូ បៃ​ឌិន បាន​សន្យា​បង្កើត​រដ្ឋបាល​មួយ​ដែល​តំណាង​ឲ្យ​ភាព​ចម្រុះ​ពណ៌​នៃ​ប្រទេសមួយ​នេះ​។ ដូច​តាម​ការសន្យា សហរដ្ឋអាមេរិក នឹងមាន​អនុ​ប្រធានាធិបតី​ស្ត្រី​ទីមួយ ហើយ​គេ​ក៏​ទន្ទឹងរង់ចាំ​មើល​តទៅទៀត​។ ជា​ឧទាហរណ៍ តើ​លោក បៃ​ឌិន អាច​ដែរ​ទេ​ដាក់​ស្ត្រី​ទីមួយ​ឲ្យ​ទៅ​ដឹកនាំ​ក្រសួងការពារជាតិ ឬ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ​ទៅ​ដឹកនាំ​ក្រសួង​រតនាគារ ឬ​មហាផ្ទៃ​ជាដើម​។​
 
​ដោយឡែក លោក Klain ទទួលស្គាល់ថា ការមិន​សហការ​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្នុងការ​ផ្ដល់ព័ត៌មាន​សំខាន់ៗ និង​ធនធាន​ហិរញ្ញវត្ថុ កំពុង​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​ផ្ទេរអំណាច ជាពិសេស​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី​តែម្ដង​។ 
 
​សល់​៥៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦​។ ទាក់ទិន​រឿងនេះ លោក Klain លើកឡើងថា ការរៀបចំ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​លើក​នេះ អាច​នឹងមាន​ប្រែ​ផ្លាស់​ខ្លះ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ។ ត្រង់ចំណុច​នេះ លោក​ទំនង​ចង់​សំដៅលើ​ការបន្ថយ​ចំនួន​អ្នកចូលរួម ឬ​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​បង្ការ​ការឆ្លង​រាលដាល​៕ 

Tag:
 ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com