កីឡាជាតិ
ជាតិ
លោក ស៊ន អេលីត ប្រាប់ពីមូលហេតុនៃការស្លាប់របស់ អេលីត លីម៉ី ដែលទើបមានវ័យ១៨ឆ្នាំ
23, Nov 2020 , 12:10 pm        
រូបភាព
ដោយ:
អ្នកលេងគុនខ្មែរ អេលីត លីម៉ី បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បច្ចុប្បន្នសពកីឡាកររូបនេះកំពុងតម្កល់ធ្វើបុណ្យនៅស្រុកកំណើតក្នុងភូមិក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។



លោក ស៊ន អេលីត គ្រូបង្វឹកក្លិប ប៉ែន កាក់ គុនខ្មែរ និងជាគ្រូបង្វឹករបស់កីឡាករ អេលីត លីម៉ី បានបញ្ជាក់ថា មកពេលនេះលោកមិនទាន់អាចកំណត់មូលហេតុជាក់លាក់នៃការស្លាប់របស់កីឡាកររូបនេះបាននៅឡើយទេ។ សម្រាប់មូលហេតុ ដែលលោកដាក់ការសង្ស័យមានពីរ គឺស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ និងធ្លាក់ពីលើជណ្តើរ។

គ្រូបង្វឹករូបនេះ បានរៀបរាប់ពីដើមចមដែលនាំឲ្យកើតហេតុខាងលើថា នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លិបមានគម្រោងរៀបចំកម្មវិធីជប់លៀងមួយ ដើម្បីអបអរដល់កីឡាករ ដែលទទួលបានជ័យលាភី។ ពេលនោះលោក អេលីត ក៏បានប្រាប់កូនសិស្សពីគម្រោងមួយនេះ។

លោកបន្តថា ក្រោយមក លោក ក៏បានចេញទៅក្រៅ ហើយកូនសិស្ស ក៏នាំបាននាំគ្នាបោសសម្អាត និងរៀបចំអំពូលភ្លើងនៅផ្នែកខាងក្រោយនៃក្លិប។ នៅក្នុងការរៀបចំអំពូលភ្លើងនោះដែរ ជនរងគ្រោះខាងលើ បានឡើងជណ្តើរដើម្បីលើកអំពូលឲ្យខ្ពស់ជាងមុន ប៉ុន្តែត្រូវបានធ្លាក់រងរបួសក្បាលផ្នែកខាងក្រោយយ៉ាងដំណំ បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរកាល់ម៉ែត។ តែជាអកុសលគ្រូពេទ្យនៅទីនោះអះអាងថា ឈាមបានចូលកកក្នុងខួរក្បាល លីម៉ី បាត់ទៅហើយ ជាហេតុធ្វើឲ្យគេស្លាប់នៅទីនោះតែម្តង៕

Tag:
 ប្រដាល់គុនខ្មែរ
  អេលីត លីម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com