ជាតិ
ពូជស្រូវ​ជាង ៦.៤​ពាន់​តោន ត្រូវបាន​ចែកជូន​ឲ្យ​កសិករ​ស្តារ​ស្រូវ​ដែល​ខូច​ឡើងវិញ​
23, Nov 2020 , 2:15 pm        
រូបភាព
សកម្មភាពស្ដារដំណាំស្រូវ
សកម្មភាពស្ដារដំណាំស្រូវ
ដោយ:
​ពូជស្រូវ​ចំនួន ៦,៤៣៤​តោន និង​ពូជ​បន្លែ​ជិត ៥៦​ម៉ឺន​កញ្ចប់ ត្រូវបាន​ក្រសួងកសិកម្ម ចែកជូន​ដល់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​។ តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ គឺ​ទទួលបាន​ពូជស្រូវ​ច្រើនជាង គឺ​សរុប​ជាង​៤​ពាន់ ដោយសារតែ​ខេត្ត​ទាំង​៣​នេះ រងគ្រោះ​ធ្ងន់​ជាងគេ​ដោយសារ​ទឹកជំនន់ ក្នុងចំណោម​២០​រាជធានី ខេត្ត ដែល​រងគ្រោះ​។​

 
 
​ពូជស្រូវ​ចំនួន ៦,៤៣៤​តោន ត្រូវបាន​ក្រសួងកសិកម្ម ចែកជូន​ដល់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​។ ក្រៅពី​ស្រូវ ពូជ​បន្លែ​ជិត ៥៦​ម៉ឺន​កញ្ចប់ ក៏ត្រូវ​បាន​ចែក​ទៅដល់​កសិករ​ដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២២​វិច្ឆិកា​នេះ​។ 
 
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ គឺមាន​តម្រូវការ​ពូជស្រូវ និង​បន្លែ​ច្រើនជាងគេ ពោលគឺ​ជាង​៤​ពាន់​តោន ដោយសារតែ​ខេត្ត​ទាំង​៣​នេះ រងគ្រោះ​ធ្ងន់​ជាងគេ​ដោយសារ​ទឹកជំនន់​។ ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​២១ វិច្ឆិកា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​គូស​បញ្ជាក់ដែរថា ការងារ​ស្តារ​ដំណាំ​ស្រូវ នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ​នេះ សម្រេចបាន​ជាង​៥០​ភាគរយ​ហើយ​ដែរ​។ 
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ធ្លាប់​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា ការចែក​ពូជស្រូវ​នេះ មិនមែន​ចេះតែ​ចែក​នោះទេ ពោលគឺ​ចែក​ដល់​ពលរដ្ឋ​ដែល​អាចមាន​ដីស្រែ​មានទឹក អាចធ្វើ​ស្រែ​ឡើងវិញ​បាន ដោយ​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
 
​តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម ពូជស្រូវ​ដែល​ត្រូវបាន​ចែក​ទៅដល់​កសិករ​រងគ្រោះ​នៅក្នុង​ខេត្ត​នីមួយៗ​រួមមាន កសិករ​ក្នុង​ខេត្តពោធិ៍សាត់​ទទួលបាន​ពូជស្រូវ​ចំនួន ១,៨៦០​តោន ខេត្តបន្ទាយមានជ័យ​ចំនួន ១,១៤៦​តោន ខណៈ​ខេត្ត​កសិករ​ដែល​រងគ្រោះ​ក្នុង​បាត់ដំបង​ទទួលបាន​ពូជស្រូវ​ចំនួន ១,០៥៩​តោន​។ ចំណែក​ខេត្តកំពង់ធំ​ទទួលបាន ៦៩៥​តោន​, ព្រៃវែង ៣៧៦​តោន​, កំពង់ចាម ៣២១​តោន​, ក្រចេះ ២៣៧​តោន​,​កំពង់ឆ្នាំង ១៧១​តោន​, ស្វាយរៀង​១០២​តោន​, កំពត ៩៦​តោន​,​សៀមរាប ៨០​តោន​,​ត្បូងឃ្មុំ ៦៥​តោន​,​កណ្ដាល​៥៨​តោន​,​តាកែវ ៥៨​តោន​, ភ្នំពេញ ៥២​តោន​, ព្រះវិហារ ៣៥​តោន​, កំពង់ស្ពឺ ១១​តោន​, ប៉ៃលិន ៦​តោន និង​ស្ទឹងត្រែង ១​តោន​។​
 
​សូមជម្រាបថា រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​កន្លងមក ក្នុងនោះ មាន​ពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​នាក់​រង​ផលប៉ះពាល់​, មនុស្ស​៤៤​នាក់ បាន​បាត់​បង់ជីវិត  និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា​ត្រូវបាន​ជន់​លិច​៕
 
 
 
 

Tag:
 ពូជស្រូវ​
 ​បន្លែ​
 ​កសិករ​
 ​កសិកម្ម​
 ​ពោធិ៍សាត់​
 ​បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com